(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ បានលើកឡើងថា ការប្រយុទ្ធប្រឆាំង ការជួញដូរមនុស្ស មិនមែនជាកិច្ចការដាច់ដោយឡែក របស់កម្ពុជានោះឡើយ គឺទាមទារឱ្យមានកិច្ចសហការគ្នា ជាមួយបណ្តាប្រទេសនានា។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រារព្ធ «ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ» លើកទី១៨ ក្រោមប្រធានបទ៖ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរ មនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល» នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជា មិនអាចទៅលូកធ្វើការជំនួយប្រទេសណាផ្សេងទេ ប៉ុន្ដែកម្ពុជាធ្វើការគ្រប់គ្រងនៅក្នុងប្រទេស នឹងចូលរួមចំណែកក្នុងការកាត់បន្ថយ [...] យើងត្រូវបន្ដធ្វើការសហការគ្នា បន្ដទៅទៀត»។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការទប់ស្កាត់ ការជួញដូរមនុស្ស មិនមែនគ្រាន់តែធ្វើដើម្បីបុគ្គល ឬជួយសង្គ្រោះជនរងគ្រោះនោះទេ ប៉ុន្ដែជួយដល់ប្រទេសជាតិ ហើយក៏រួមចំណែក ក្នុងការកាត់បន្ថយទប់ស្កាត់ នៃបណ្ដាញជួញដូរមនុស្សពិភពលោក ដែលធ្វើឲ្យប៉ះពាល់ ដល់ប្រជាពលរដ្ឋទាំងអស់ នៅលើសកលលោក។
ទន្ទឹមគ្នានេះ សម្តេចបវរធិបតី បានប្រកាសថា កម្ពុជានៅតែបន្តការប្តេជ្ញាចិត្តខ្ពស់ ប្រឆាំងដាច់ខាត រាល់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសអំពើជួញដូរមនុស្ស និងលើកកម្ពស់ការ បង្ការទប់ស្កាត់ និង ការបង្ក្រាបរាល់កលល្បិចរបស់ឧក្រិដ្ឋជន និងបន្តអនុវត្តរាល់បទដ្ឋាន ដែលជាប្រយោជន៍ ដល់ការលើកកម្ពស់ការគោរពសិទ្ធិ និងកិច្ចការពារសុវត្ថិភាព មនុស្សជាតិ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធ បានខិតខំរួមគ្នា ប្រឹងប្រែងការពារសុវត្ថិភាព និង សេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា និង មនុស្សជាតិទូទៅ ដោយប្រយុទ្ធប្រឆាំងដាច់ខាតនូវអំពើជួញដូរមនុស្សគ្រប់ទម្រង់, លើមនុស្សគ្រប់ភេទ, គ្រប់វ័យ, គ្រប់ស្ថានភាព និង គ្រប់ទីកន្លែង។
តាមរយៈការស៊ើបអង្កេត, ស្រាវជ្រាវ, បង្ក្រាប, ផ្តន្ទាទោសជនល្មើស ដែលបាននិងកំពុងប្រើប្រាស់គ្រប់មធ្យោបាយ នៅក្នុងការធ្វើសកម្មភាពកេងប្រវ័ញ្ចកម្លាំងពលកម្ម, ធ្វើអាជីវកម្មផ្លូវភេទ និង បទល្មើសដទៃទៀត។ នេះជាការបញ្ជាក់បន្ថែម របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសង្ឃឹមថា ប្រទេសជាមិត្តទាំងឡាយ ក៏នឹងបន្តអនុវត្តដូចគ្នា ដើម្បីបង្ហាញឆន្ទៈក្នុងការគោរព និងរក្សាកិត្តិយសគ្នាទៅវិញទៅមក និង ដើម្បីប្រមែប្រមូលជាកម្លាំងរួម ក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវរួម នោះគឺឧក្រិដ្ឋកម្មឆ្លងដែន ដែលបាននិងកំពុងបំផ្លាញសេចក្តីសុខ របស់ពលរដ្ឋយើងទាំងអស់គ្នា៕