(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា មានឧក្រិដ្ឋជនឆបោកដែលបានបង្កើតគណនីតេឡេក្រាម (Telegram Account) ក្លែងបន្លំ ដែលមានឈ្មោះថា «MEUKKIMSROEUN7» ដោយប្រើប្រាស់រូបភាពរបស់លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីចែករំលែកព័ត៌មានពាក់ព័ន្ធនឹងការវិនិយោគខុសច្បាប់ ទៅក្នុងក្រុមតេឡេក្រាមនានា រួមមាន ក្រុមដែលមានឈ្មោះថា «CEO MASTERS CLUB IN» ដើម្បីបំភាន់ អូសទាញ និងឆបោកសាធារណជន ឲ្យចូលរួមក្នុងការវិនិយោគខុសច្បាប់ដែលអាចនាំឲ្យខាតបង់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ។

ក្រសួងយុត្តិធម៌ សូមប្រកាសថា សកម្មភាពដែលកំពុងតែធ្វើឡើងដោយគណនីតេឡេក្រាមខាងលើនេះ មិនមានការពាក់ព័ន្ធជាមួយលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឬក្រសួងយុត្តិធម៌ នោះទេ។ ទន្ទឹមនេះ, ប្រសិនបើមានគណនីតេឡេក្រាម ឬក្រុមតេឡេក្រាមផ្សេងទៀតណាដែលប្រើប្រាស់រូបថត ឬឈ្មោះរបស់លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ហើយធ្វើសកម្មភាពបែបនេះ ក៏ពុំមែនជាគណនីរបស់លោកនោះដែរ។

ក្រសួងយុត្តិធម៌ បានអំពាវនាវដល់ក្រសួង ស្ថាប័នដែលមានការពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ច សូមធ្វើការស្រាវជ្រាវស៊ើបអង្កេត និងចាត់វិធានការតាមផ្លូវច្បាប់ ឲ្យបានម៉ឺងម៉ាត់ចំពោះករណីបែបនេះ និងសូមអំពាវនាវដល់សាធារណជនទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះល្បិចកលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដូចករណីខាងលើនេះ ដើម្បីចៀសវាងកុំឲ្យចាញ់បោកធ្វើឲ្យខាតបង់នូវទ្រព្យធនជាយថាហេតុ៕