(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ណែនាំមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវបំពេញភារកិច្ចឲ្យបានល្អតាមតួនាទី និងរំលឹកអំពីអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ដើម្បីធ្វើខ្លួនជាមន្រ្តីល្អ ដែលសាកសមឲ្យរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋជឿទុកចិត្ត។

ការលើកឡើងនេះធ្វើឡើង ក្នុងឱកាសដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រារព្ធ «ទិវាជាតិប្រយុទ្ធប្រឆាំង​អំពើជួញដូរមនុស្ស ១២ធ្នូ» លើកទី១៨ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍យ៉ាងដូច្នេះថា «ថ្នាក់ដឹកនាំ មន្រ្តីរាជការ អាជ្ញាធរ កម្លាំងសមត្ថកិច្ច និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ខិតខំបំពេញភារកិច្ចឲ្យបានល្អតាមតួនាទី […] ដោយអនុវត្តតាមអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យបាល និង វះកាត់» ដើម្បីធ្វើខ្លួនជាមន្រ្តីល្អ សក្តិសមនឹងទទួលបានការជឿទុកចិត្ត ពីរាជរដ្ឋាភិបាល និង ប្រជាពលរដ្ឋ»

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ត្រូវខិតខំតាមដាន បាតុភាព និងបទល្មើសផ្សេងៗ ដែលបង្កើនការទទួលខុសត្រូវ ដោយយកចិត្តទុកដាក់គ្រប់គ្រងព្រំដែន និងលំហូរឆ្លងកាត់ព្រំដែនគ្រប់ទីតាំង ដើម្បីទប់ស្កាតមូលហេតុរួមផ្សំ ដែលនាំឲ្យមានការជួញដូរមនុស្សនិង អំពើបំពានផ្សេងៗ។

ជាមួយគ្នានេះ មន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធ មិនគប្បីព្រងើយកន្តើយ បណ្តែតបណ្តោយ ឬ ធ្វេសប្រហែសចំពោះអំពើល្មើសដែលកើតមាន ដែលអាចចាត់ទុកថា ជាការឃុបឃឹត និងលើកទឹកចិត្តឱ្យជនល្មើស មានឱកាសប្រព្រឹត្តបទឧក្រិដ្ឋកាន់តែច្រើនឡើង។ នេះបើតាមការលើកឡើងរបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងទៅកាន់អង្គវេទិកាទៀតថា គ្រប់សមត្ថកិច្ចពាក់ព័ន្ធ ត្រូវខិតខំរួមគ្នាដោះស្រាយផ្តល់យុត្តិធម៌ដល់អ្នកដែលរងគ្រោះ ព្រមាន និងដាក់ទោសជនល្មើសឲ្យសក្តិសមនឹងអំពើដែលបានប្រព្រឹត្ត ដើម្បីជាការលើកទឹកចិត្តដល់អំពើល្អ សុចរិតភាព និងយុត្តិធម៌ក្នុងសង្គម៕