(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំស្ថាប័នរដ្ឋ និងប្រជាពលរដ្ឋរួមគ្នាឆ្លើយតបឱ្យបានរហ័សចំពោះការចោទប្រកាន់ខុសពីការពិតមកលើកម្ពុជា ពោលគឺត្រូវរួមគ្នាការពារកិត្តយសជាតិកម្ពុជារបស់យើង។

ការលើកឡើងបែបនេះធ្វើឡើងក្នុងឱកាសសម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីប្រារព្ធ «ទិវាជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ១២ធ្នូ» លើកទី១៨ ក្រោមប្រធានបទ៖ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរ មនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល» នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។

នាឱកាសនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កន្លងទៅ មានព័ត៌មានក្លែងក្លាយដែលនិយាយមិនពិតពីកម្ពុជា។ សម្ដេចថា របាយការណ៍ខ្លះដែលវាយតម្លៃពាក់ព័ន្ធការជួញដូរមនុស្សនៅកម្ពុជាមិនបានឆ្លុះបញ្ចាំងពីតថភាពពិត និងមិនមានយុត្តិធម៌នោះទេ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា កម្ពុជាមិនបដិសេធនោះទេថាកម្ពុជាមានការជួញដូរមនុស្ស តែក៏ត្រូវទទួលស្គាល់ពីការប្រឹងប្រែងក្នុងការបង្ក្រាបនិងទប់ស្កាត់ការជួញដូរផងដែរ។ កន្លងមក មានជនខិលខូចជាជនបរទេសបានបង្ហោះពីការជួញដូរឈាម ឬការចាប់ជម្រិតជាហូរហែ ដែលនាំទៅដល់រឿងបង្កាច់បង្ខូចពីកម្ពុជា ហើយមានអ្នកតាមដានមើលរាប់លាននាក់ ប៉ុន្តែដល់ពេលផ្សាយរឿងពិត អ្នកមើលត្រឹមតែរាប់ម៉ឺននាក់ប៉ុណ្ណោះ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យឆ្លើយតបឱ្យបានរហ័សចំពោះការចោទប្រកាន់ទាំងឡាយខុសពីការពិត។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា កម្ពុជាលំបាកឆ្អែតឆ្អន់ហើយ មិនអាចអនុញ្ញាតឱ្យជាតិសាសន៍ណាមួយមកបំផ្លាញកិត្តិយស និងកេរ្តិ៍ឈ្មោះកម្ពុជាទៀតនោះឡើយ។ មិនអាចឱ្យគេមកបង្កាច់បង្ខូចកិត្តិយសកម្ពុជា ប្រជាជនកម្ពុជាទៅណាទៅណី ត្រូវបានគេមើលមកក្នុងផ្លូវមិនល្អនោះឡើយដែរ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានស្នើសូមឱ្យស្ថាប័នរដ្ឋ និងប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នាការពារកិត្តយសជាតិកម្ពុជារបស់យើង។ យើងតស៊ូ យើងរួមគ្នា ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បទល្មើសផ្សេងៗ ដើម្បីសេចក្ដីសុខកូនចៅ ខណៈប្រទេសជាតិយើងមានសុខសន្តិភាព និងបន្តថែរក្សាឱ្យគង់វង្សតទៅទៀត៕