(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការជួយជនរងគ្រោះពីអំពើជួញដូរមនុស្ស គឺជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវយកចិត្តទុកដាក់ជួយគ្រប់ជាតិសាសន៍ ដោយគ្មានការរើសអើង មិនថាតែពលរដ្ឋខ្មែរនៅក្រៅប្រទេស ឬជនបរទេសដែលរស់នៅកម្ពុជាឡើយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញប្រារព្ធ «ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ» នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ។
សម្តេចបវរធិបតី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ប្រជាជនខ្មែរនៅក្រៅប្រទេស ក៏មិនខុសពីប្រជាជនបរទេសនៅស្រុកខ្មែរ គឺតម្លៃនិងអទិភាពនៃការជួយត្រូវយកចិត្តទុកដាក់ដូចគ្នា ដោយមិនមានការរើសអើង ហើយនេះគឺជាអភិក្រមរបស់យើង ព្រោះមនុស្សដូចគ្នា មានការលំបាកដូចគ្នា យើងជួយជនជាតិផ្សេងប្រទេសផ្សេងក៏ជួយជនជាតិយើង ហើយការសហការជាមួយបណ្តាប្រទេស គឺមិនខុសពីជំនាន់កូវីដទេ ប្រជាជនបរទេសដែលនៅស្រុកខ្មែរក៏ត្រូវការយើងចាក់វ៉ាក់សាំងឱ្យ ប្រជាជនខ្មែរក៏ត្រូវបានដូចគ្នា»។
សម្តេចបវរធិបតីបានថ្លែងបន្ថែមថា ការជួយគ្នាបែបនេះ គឺជាកិច្ចសហប្រតិបត្តិការ និងជាកតព្វមនុស្សធម៌សម្រាប់មនុស្សជាតិទាំងអស់ដែលត្រូវធ្វើ ក្នុងការទប់ស្កាត់លើសកម្មភាពឆ្លៀតឱកាសជួញដូរមនុស្ស តាមរយៈការពង្រឹងយន្តការអនុវត្តច្បាប់ ការរៀបចំច្បាប់ និងការរៀបចំពង្រឹងនូវបច្ចេកវិទ្យាជាដើម។
ជាមួយគ្នានេះដែរ សម្តេចបវរធិបតីបានថ្លែងអំណរគុណដល់ដៃគូរ ទាំងស្ថាប័នជាតិ និងអន្តរជាតិដែលចូលរួមក្នុងការទប់ស្កាត់អំពើជួញដូរមនុស្សនេះ ព្រោះកិច្ចការងារនេះ គឺជាកាតព្វកិច្ចរបស់មនុស្សជាតិទាំងអស់ ដែលមិនមែនជាកាតព្វកិច្ចរបស់កម្ពុជា របស់អាមេរិក ឬរបស់ប្រទេសអាស៊ាននោះទេ ប៉ុន្តែជាការរួមគ្នាលុបបំបាត់អំពើជួញដូរមនុស្ស។
ទន្ទឹមគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា កម្ពុជានៅតែបន្តការប្តេជ្ញាចិត្តខ្ពស់ ប្រឆាំងដាច់ខាត រាល់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសអំពើជួញដូរមនុស្ស និង លើកកម្ពស់ការបង្ការទប់ស្កាត់ និង ការបង្ក្រាបរាល់កលល្បិចរបស់ឧក្រិដ្ឋជន និងបន្តអនុវត្តរាល់បទដ្ឋាន ដែលជាប្រយោជន៍ដល់ការលើកកម្ពស់ការគោរពសិទ្ធិ និង កិច្ចការពារសុវត្ថិភាពមនុស្សជាតិ។
សម្តេចបន្ថែមថា ក្នុងរយៈពេលជាងមួយឆ្នាំនេះ នៃអាណត្តិទី៧នេះ ក្រសួងមហាផ្ទៃ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បានខិតខំក្នុងការអនុវត្តច្បាប់ និងទប់ស្កាត់បង្កា យ៉ាងសកម្ម នូវបញ្ហាសន្តិសុខនានា រួមទាំងការជួញដូរមនុស្សគ្រប់ទម្រង់៕