(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា កម្ពុជាមិនបដិសេធនោះទេថាកម្ពុជាមានការជួញដូរមនុស្ស តែក៏ត្រូវទទួលស្គាល់ពីការប្រឹងប្រែងក្នុងការបង្ក្រាប និងទប់ស្កាត់ការជួញដូរ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យឆ្លើយតបឱ្យបានរហ័សចំពោះការចោទប្រកាន់ទាំងឡាយខុសពីការពិត។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រារព្ធ «ទិវាជាតិប្រយុទ្ធប្រឆាំង​អំពើជួញដូរមនុស្ស ១២ធ្នូ» លើកទី១៨។

ការលើកឡើងរបស់សម្តេចមហាបវរធិបតី ធ្វើឡើងបន្ទាប់ពីរយៈពេល ៣ឆ្នាំចុងក្រោយ រហូតមកដល់ឆ្នាំ២០២៤ សហរដ្ឋអាមេរិក បានវាយតម្លៃប្រទេសកម្ពុជា ឲ្យស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ៣ ដែលជាចំណាត់ថ្នាក់ទាបបំផុត ក្នុងការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស។ សហរដ្ឋអាមេរិក បានចោទប្រកាន់ថា ដោយសារតែមន្ត្រីរដ្ឋាភិបាលកម្ពុជាខ្លះ បានគប់គិត នៅក្នុងបទល្មើស និងអំពើពុករលួយ ជាហេតុនាំឲ្យអំពើជួញដូរមនុស្សនៅតែរីករាលដាល។

បើតាមប្រសាសន៍សម្តេចមហាបវរធិបតី ផ្តើមចេញពីការទទួលស្គាល់ថា អំពើជួញដូរមនុស្ស គឺជាបញ្ហាប្រឈម កម្ពុជាបានប្រឈមមុខដោះស្រាយ ដោយមិនអាចបិទវាទុក ហើយលាក់វានោះទេ។ ប៉ុន្តែ ពេលខ្លះក៏កម្ពុជាត្រូវផ្សព្វផ្សាយអំពីការ​អនុវត្ត ក៏ដូចជាការឆ្លើយតបនឹងការមូលបង្កាច់មួយចំនួន។ ជាក់ស្តែង ករណីទូរទស្សន៍កូរ៉េផ្សាយថា មានការចាប់ជម្រិតមនុស្សនៅកម្ពុជា គឺជារឿងមិនពិត ដែលរាជរដ្ឋាភិបាលបានឆ្លើយតបជាបន្ទាន់ ខណៈការបំភ្លៃមួយចំនួនទៀត ដូចជា ករណីទាសករឈាម ករណីចាប់វាយដំ និងការដេញចាប់មនុស្សនៅខេត្តព្រះសីហនុ សុទ្ធតែជារឿងមិនពិត។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «កន្លងទៅសម័យថ្មីនេះ យើងមានបញ្ហាប្រឈម ព័ត៌មានពិតក៏មាន ព័ត៌មានក្លែងក្លាយក៏មាន ដែលធ្វើឲ្យយើងខូចឈ្មោះច្រើន។ កិច្ចការកន្លងទៅ កន្លែងខ្លះការវាយតម្លៃមកលើកម្ពុជា លើការជួញដូរមនុស្សនេះ ក៏មិនសុក្រឹតប៉ុន្មាន យុត្តិធម៌ប៉ុន្មានដែរ ចំពោះការខិតខំប្រឹងប្រែងរបស់យើង ពីការចាត់ថ្នាក់របស់បណ្តាប្រទេសមួយចំនួន មកលើកម្ពុជា»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា «យើងមិនបដិសេធថាយើងគ្មានបញ្ហាទេ ហើយកម្ពុជាក៏មិនដែលបដិសេធ ថាកម្ពុជាមិនទទួលស្គាល់ថាកម្ពុជាគ្មានបញ្ហាជួញដូរមនុស្ស ឬបញ្ហាអសន្តិសុខផ្សេងៗនោះដែរ។ ហេតុនេះហើយ ទើបយើងពង្រឹងវិធានការក្នុងការអនុវត្ត ហើយពង្រឹងការអនុវត្តច្បាប់ ហើយសហការបរទេស ព្រោះយើងមានសុឆន្ទៈ ច្បាស់លាស់»

បើតាមរបាយការណ៍របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រសួងមហាផ្ទៃ ចេញផ្សាយកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ កម្ពុជាបង្រ្កាបករណីជួញដូរមនុស្ស និងកេងប្រវ័ញ្ចផ្លូវភេទ បាន ១០៤ករណី ក្នុងឆមាសទី១ ឆ្នាំ២០២៤។

ក្នុងពេលប្រតិបត្តិការបង្ក្រាបករណីជួញដូរមនុស្ស និងកេងប្រវ័ញ្ចផ្លូវភេទ បាន ១០៤ករណី អាជ្ញាធរមានសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យចំនួន ១៣៤ នាក់ ក្នុងនោះមានជនបរទេស ៤ នាក់។ ក្រៅពីការចាប់ខ្លួន អាជ្ញាធរជួយសង្គ្រោះជនរងគ្រោះបានចំនួន ២៩០ នាក់ ក្នុងនោះមានស្រីចំនួន ២៤១ នាក់។ ជាមួយគ្នានេះ និងបើតាមរបាយការណ៍ដដែល ជនរងគ្រោះពីករណីជួញដូរមនុស្ស និងកេងប្រវ័ញ្ចផ្លូវភេទចំនួន ១៣៤ នាក់ គឺជាអនីតិជនអាយុក្រោម ១៨ ឆ្នាំ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា របាយការណ៍វាយតម្លៃរបស់បណ្តាប្រទេសមួយចំនួន ពាក់ព័ន្ធការជួញដូរមនុស្សនៅកម្ពុជា មិនបានឆ្លុះបញ្ចាំងពីតថភាពពិត និងមិនមានយុត្តិធម៌នោះទេ។ រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធបានខិតខំរួមគ្នា ប្រឹងប្រែងការពារសុវត្ថិភាព និង សេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា និងមនុស្សជាតិទូទៅ ដោយប្រយុទ្ធប្រឆាំងដាច់ខាតនូវអំពើជួញដូរមនុស្សគ្រប់ទម្រង់, លើមនុស្សគ្រប់ភេទ, គ្រប់វ័យ, គ្រប់ស្ថានភាព និង គ្រប់ទីកន្លែង តាមរយៈការស៊ើបអង្កេត, ស្រាវជ្រាវ, បង្ក្រាប, ផ្តន្ទាទោសជនល្មើសដែលបាននិងកំពុងប្រើប្រាស់គ្រប់មធ្យោបាយ នៅក្នុងការធ្វើសកម្មភាពកេងប្រវ័ញ្ចកម្លាំងពលកម្ម, ធ្វើអាជីវកម្មផ្លូវភេទ និង បទល្មើសដទៃទៀត។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា កម្ពុជានៅតែបន្តការប្តេជ្ញាចិត្តខ្ពស់ ប្រឆាំងដាច់ខាត រាល់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសអំពើជួញដូរមនុស្ស និង លើកកម្ពស់ការបង្ការទប់ស្កាត់ និង ការបង្ក្រាបរាល់កលល្បិចរបស់​ឧក្រិដ្ឋជន និងបន្តអនុវត្តរាល់បទដ្ឋាន ដែលជាប្រយោជន៍ដល់ការលើកកម្ពស់ការគោរពសិទ្ធិ និង កិច្ចការពារសុវត្ថិភាពមនុស្សជាតិ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ការជួញជនរងគ្រោះពីការជួញដូរជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល គឺត្រូវជួយគ្រប់ជាតិសាសន៍ ដោយគ្មានការរើសអើង។ ដើម្បីទប់ស្កាត់ការជួញដូរមនុស្សតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវតែពង្រឹងសមត្ថភាពបច្ចេកវិទ្យាក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរនេះ៕