(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពគម្រោងក្រោមហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ និងផ្សព្វផ្សាយផែនការអភិវឌ្ឍន៍ជនបទ ២០២៤-២០២៨ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង។

កម្មវិធីនេះមានការចូលរួមពីសំណាក់រដ្ឋលេខាធិការប្រចាំការ, ក្រុមការងារលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រង និងសម្របសម្រួលគម្រោងវិនិយោគសាធារណៈ, នាយក នាយករង ប្រធានគ្រប់គ្រងគម្រោងវិនិយោគសាធារណៈ ក្រោមក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងដៃគូអភិវឌ្ឍន៍ដែលផ្ដល់ហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍន៍ ក្នុងក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ។

យោងតាមបទបង្ហាញស្ដីពីវឌ្ឍនភាពគម្រោងក្រោមក្របខ័ណ្ឌហិរញ្ញប្បទានជាមួយដៃគូអភិវឌ្ឍន៍ និងផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជនបទ ឆ្នាំ២០២៤-២០២៨ ដោយលោក ផេង សំបូរ ប្រធាននាយកដ្ឋានផែនការ និងទំនាក់ទនងសាធារណៈ បង្ហាញថាបច្ចុប្បន្នក្រសួងអភិវឌ្ឍន៍ជនបទ មានគម្រោងកំពុងដំណើរការ ចំនួន ២៤គម្រោង (On-going Projects) ដែលផ្ដោតលើការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធជនបទ, ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងអនាម័យ, និងការអភិវឌ្ឍសហគមន៍ជនបទ ហើយក្រសួងកំពុងសិក្សាលម្អិតគម្រោងមួយចំនួនទៀតផងដែរ។

បន្ទាប់ពីបានស្ដាប់នូវបទបង្ហាញ លោក ឆាយ ឫទ្ធិសែន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ និងក្រុមការងារអនុវត្តគម្រោងទាំងអស់ចំពោះការខិតខំអនុវត្តគម្រោងឱ្យសម្រេចបាននូវសមិទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងរយៈពេល ១ឆ្នាំកន្លងមក និងឆ្នាំកន្លងទៅ ព្រមទាំងការដាក់ចេញនូវទិសដៅការងារច្បាស់លាស់ដើម្បីបង្កើនសមិទ្ធផលថ្មីៗបន្ថែមទៀត។ សមិទ្ធផលទាំងនេះ អាចកើតឡើងបាន ក៏ដោយសារមានការគាំទ្រពីដៃគូអភិវឌ្ឍន៍នានា ព្រមទាំងមានការចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋនៅតាមមូលដ្ឋានទាំងអស់ផងដែរ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ដំណើរការអភិវឌ្ឍសមិទ្ធផលនៅទូទាំងប្រទេស អនុវត្តទៅបាន ដោយសារគុណនៃសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស និងស្ថិរភាពនយោបាយ ដែលកើតចេញពីពលីកម្មយ៉ាងធំធេងដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាសន្តិភាពជាតិ ស្ថាបនិកមគ្គុទ្ទេសក៍ឯក និងជាប្រតិបត្តិករនយោបាយឈ្នះឈ្នះ អតីតនាយករដ្ឋមន្ដ្រី និងការបន្តវេនដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោករដ្ឋមន្ដ្រីបានបញ្ជាក់បន្ថែមថា សមិទ្ធផលទាំងនេះ ពិតជាបានចូលរួមចំណែកសម្រេចនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានបាវចនាចំនួន ៥ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងមានគន្លឹះអាទិភាពចំនួន ៥ទៀត រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។

ជាមួយគ្នានេះ ដើម្បីឱ្យស្របនឹងយុទ្ធសាស្ដ្រ និងចក្ខុវិស័យខាងលើ ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញនូវយុទ្ធសាស្ដ្រ ៥ឆ្នាំ (២០២៤-២០២៨) ដែលមានចក្ខុវិស័យ គឺ “ការកសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព, បរិយាបន្ន, នវានុវត្តន៍, ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌”ធានាបានកំណើនប្រាក់ចំណូលក្នុងគ្រួសារប្រកបដោយចីរភាព និងមានសុខុមាលភាពកាន់តែល្អប្រសើរឡើង តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ៥ រួមមាន៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់, ការលើកកម្ពស់សុខភាព អនាម័យ និងបរិស្ថានរស់នៅរបស់សហគមន៍ជនបទ, ការអភិវឌ្ឍសហគមន៍ជនបទ, ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និងនវានុវត្តន៍ការងារ, និងការពង្រឹងស្ថាប័ន តាមរយៈការរៀបចំគោលនយោបាយ ហិរញ្ញវត្ថុ ឌីជីថល និងសហប្រតិបត្តិការ៕