(បរទេស)៖ ទ្រព្យសម្បត្តិសុទ្ធរបស់លោក Elon Musk ឥឡូវនេះមានចំនួនប្រហែល ៤៤០ពាន់លានដុល្លារ នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋីដែលចេញផ្សាយដោយសារព័ត៌មាន Bloomberg ពោលគឺមានច្រើនជាងស្ថាបនិក Microsoft លោក Bill Gates និង Jeff Bezos មេ Amazon រួមបញ្ចូលគ្នា។

ទ្រព្យសម្បត្តិរបស់លោក Musk ត្រូវបានគេមើលឃើញថា បានកើនឡើងខ្លាំងនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ បន្ទាប់ពីលោក Donald Trump ទទួលជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក។

ក្នុងអំឡុងពេលយុទ្ធនាការ ម្ចាស់ក្រុមហ៊ុន X រូបនេះ បានបម្រើការជាអ្នកផ្តល់ជំនួយផ្នែកនយោបាយដ៏សំខាន់ និងជាអ្នកតស៊ូមតិ ហើយគាត់ត្រូវបានគេរំពឹងថានឹងមានឥទ្ធិពលយ៉ាងខ្លាំងនៅពេលដែលលោក Trump ឡើងកាន់អំណាចក្នុងខែមករា។

ភាគហ៊ុននៅក្នុងក្រុមហ៊ុនរថយន្តអគ្គិសនី Tesla របស់មហាសេដ្ឋីវ័យ ៥៣ឆ្នាំ ក្នុងនាមជានាយកប្រតិបត្តិ បានកើនឡើងប្រហែល ៦៥ភាគរយចាប់តាំងពីការបោះឆ្នោត ចំពេលមានក្តីសង្ឃឹមថាលោក Trump នឹងលុបចោលឥណទានពន្ធដែលបានជួយដៃគូប្រកួតប្រជែងក្នុងឧស្សាហកម្មនេះ។

Tesla ជាចំណែកមួយដ៏ធំនៃទ្រព្យសម្បត្តិរបស់លោក Elon Musk ដោយបច្ចុប្បន្នលោកមានភាគហ៊ុន ១២.៨ភាគរយ និងមានតម្លៃស្មើនឹង ១៧២ពាន់លានដុល្លារអាមេរិក។

ទ្រព្យសម្បត្តិរបស់លោកបានកើនឡើងមួយផ្នែកទៀតមកពីក្រុមហ៊ុនរ៉ុក្កែត SpaceX ដោយមានវិនិយោគទុនបានយល់ព្រមទិញភាគហ៊ុនដែលមានតម្លៃ ១.២៥ពាន់លានដុល្លារអាមេរិក និងបានរុញច្រាន SpaceX ឲ្យក្លាយជាធុរកិច្ចថ្មី (Startup) មួយដែលមានតម្លៃខ្ពស់ក្នុងពិភពលោក ៣៥០ពាន់លានដុល្លារអាមេរិក៕