(ភ្នំពេញ)៖ លោក ប៉ែន វិបុល ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស បានលើកឡើងថា ក្រោមយុទ្ធសាស្ត្រឈ្នះឈ្នះដ៏ប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាមានសុខសន្តិភាព គ្រប់វិស័យមានសកម្មភាពរស់ឡើងវិញ និងរីកចម្រើនឥតឈប់ឈរ ប្រជាពលរដ្ឋខ្មែរមិនត្រឹមតែមានសេរីភាពរស់រៀនមានជីវិត និងសេរីភាពជាមូលដ្ឋានផ្សេងៗទៀតប៉ុណ្ណោះទេ ថែមទាំងមានសេរីភាពសម្រេចគោលបំណងបំពេញក្តីសុបិន ដើម្បីឲ្យជីវិតរបស់ពួកគាត់កាន់តែប្រសើរឡើង។
ក្នុងឱកាសអញ្ជើញបើកមហោស្រពសិល្បៈខ្មែរលើកទី១ ដែលរៀបចំដោយរបស់ក្រុមដំណើរខ្មែរ ទេសរដ្ឋមន្ដ្រី ប៉ែន វិបុល បានអះអាងថា មហោស្រពសិល្បៈដំណើរខ្មែរលើកទី១នេះ ជាការបង្ហាញឯកសារស្នាដៃសិល្បៈមរតកដើម នាយុគមាសនៃភាពយន្ត និងចម្រៀងខ្មែរនាមុនឆ្នាំ១៩៧៥ ដែលបានបន្សល់ទុកមកតាំងពីសម័យសង្គមរាស្ត្រនិយម និងដែលបានសេសសល់ពីការបំផ្លិចបំផ្លាញ ដោយពួកអាវខ្មៅឥតសាសនាបនប្រល័យពូជសាសន៍ឯង ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
លោកទេសរដ្ឋមន្ដ្រី បានបន្ដទៀតថា គំនិតនៃការរៀបចំមហោស្រពសិល្បៈខ្មែរ ពិតជាមានតម្លៃ និងប្រកបដោយភាពឈ្លាសវៃ ព្រមទាំងបង្ហាញនូវការដឹងគុណចំពោះបុព្វការីជន ដែលបានបន្សល់ទុកឲ្យកូនខ្មែរជំនាន់ក្រោយ បានសិក្សាស្វែងយល់អំពីប្រវត្តិសាស្ត្រ នៃសិល្បៈខ្មែរដ៏ល្អផូរផង់ផង និងរួមចំណែកលើកកិត្តិសព្ទ ប្រជាជាតិខ្មែរ ឲ្យកាន់តែផុសត្រដែតនៅលើឆាកអន្តរជាតិផង។
បន្ថែមពីនេះ ទេសរដ្ឋមន្ដ្រី ប៉ែន វិបុល ការវាយតម្លៃចំពោះគំនិតផ្តួចផ្តើមប្រារព្ធមហោស្រពនេះ និងសូមកោតសរសើរចំពោះ ប្រធានក្រុមដំណើរខ្មែរ សមាជិក សមាជិកា រួមទាំងយុវជនស្ម័គ្រចិត្តទាំងអស់ ដែលបានខិតខំ លះបង់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ពេលវេលាដ៏មានតម្លៃ ដើម្បីចូលរួមចំណែកក្នុងកម្មវិធីមហោស្រពសិល្បៈដំណើរខ្មែរលើកទី១ ឲ្យដំណើរការទៅមុខដោយរលូន ជាឧត្តមប្រយោជន៏ដ៏វិសេស វិសាលបម្រើដល់វិស័យសិល្បៈដ៏រុងរឿងរបស់ជាតិ។
លោកបានថ្លែងអំណរគុណចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានី កម្មវិធីកិត្តិសព្ទកម្ពុជា ដែលជួយគាំទ្រយ៉ាងពេញលេញ និងសិល្បករ-សិល្បការិនី ដែលបានស្ម័គ្រចិត្តចូលរួម សម្ដែងក្នុងមហោស្រព។ លោកបានថ្លែងអំណរគុណដល់បណ្តាសប្បុរសជនដែលបានចូលរួមក្នុងការឧបត្ថម្ភ គាំទ្រ និងជួយរៀបចំជាដៃគូសហការ ក្នុងកិច្ចដំណើរការនៃមហោស្រពសិល្បៈដំណើរខ្មែរលើកទី១ ឲ្យប្រព្រឹត្តឡើងយ៉ាងល្អ៕