(រតនគិរី)៖ ដោយសារប្រជាពលរដ្ឋមួយចំនួននៅខេត្តរតនគិរី បានខ្ចីលុយពីធនាគារ ឬមីក្រូហិរញ្ញវត្ថុនានា ដើម្បីយកលុយមកចំណាយធ្វើចំការ ពួកគាត់ត្រូវសងបំណុលគេវិញ ដូច្នេះត្រូវរួសរាន់ប្រមូលផលដំឡូងមីដើមដៃ ដឹកយកលក់នៅរោងចក្រ «ជា ទូច ត្រេឌីង» នៅទីរួមស្រុកអូរយ៉ាដាវ ខណៈឆ្នាំនេះ ម្ចាស់រោងចក្រទិញថោកជាងឆ្នាំមុន។

លោក ឡាន់ ម៉ៃ តំណាងឲ្យប្រជាពលរដ្ឋកំពុងប្រមូលផលដំឡូងមីបានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ថា ពួកគាត់ជាច្រើននាក់មានទីលំនៅនៅភូមិប៉ក់ពោ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ហើយធ្វើការប្រវ៉ាស់ដៃគ្នាទាំងពេលដាំដុះ និងប្រមូលផល។

ថ្ងៃនេះពួកគាត់នាំគ្នាប្រមូលផលលើផ្ទៃដីប្រមាណ២ហិកតារួចរាល់ បន្តទៅប្រមូលផលកន្លែងផ្សេង (វិលជុំម្នាក់ម្តង)។ លោកថា ពួកគាត់មានការព្រួយបារម្មណ៍ពីតម្លៃដំឡូងមី ដែលម្ចាស់រោងចក្រ «ជា ទូច ត្រេឌីង» ប្រមូលទិញមានតម្លៃថោកជាងឆ្នាំមុន គឺតម្លៃដំឡូងស្រស់លក់បាន១គីឡូក្រាម ៣០០-៣២០រៀល ខណៈឆ្នាំមុនដើមដៃលក់បានតម្លៃក្នុង ១គីឡូក្រាម ៤០០-៤១០រៀល។

ទន្ទឹមនេះដែរ បងប្អូនប្រជាពលរដ្ឋសំណូមពរទៅអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធជួយរកទីផ្សារឲ្យផង។ បើនៅធ្លាក់ថ្លៃបន្តទៀតខាតអស់ដើមអស់ចុង មិនដឹងរកលុយឯណាសងធនាគារ សងមីក្រូហិរញ្ញុវត្ថុនោះទេ។

នៅព្រឹកថ្ងៃដដែលនេះលោក សែម សារឿន ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្មខេត្តរតនគិរី បានប្រាប់ថា ផ្ទៃដីដាំដំឡូងមីសរុបមានចំនួន១៨,៣០៨ហិកតា ចាប់ប្រមូលផលដើមដៃប្រមាណជា១០%។

ចំណែកឯទីផ្សារគឺដំឡូងស្រស់ក្នុង១គីឡូក្រាម៣៣០រៀល កាត់២១% (កាត់លើឫស ដី និងវត្ថុផ្សេងៗលាយ) និងដំឡូងស្ងួតតម្លៃក្នុង១គីឡូក្រាម៦៥០រៀល។ ដោយឡែកមន្ត្រីប្រចាំការច្រកទ្ធារអន្តរជាតិអូរយ៉ាដាវ ប្រាប់ឲ្យដឹងថា តម្លៃដំឡូងមីដើមដៃឆ្នាំនេះ មិនទាន់មានទីផ្សារច្បាស់លាស់នៅប្រទេសវៀតណាមនៅឡើយទេ ដូច្នេះតម្លៃដំឡូងមីដើមដៃនេះ ស្រេចតែក្រុមឈ្មួញកណ្តាលក្រឡុកតម្លៃស្រេចតែចិត្ត៕