(កំពង់ចាម)៖ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងលោក ខ្លូត ចិន្តា អភិបាលរងខេត្ត រួមទាំងមន្ត្រីពាក់ព័ន្ធនៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សា ខេត្តកំពង់ចាមអាណត្តិទី៤ ប្រចាំឆ្នាំ២០២៤ នៅបរិវេណវត្តស្ពឺ ស្ថិតក្នុងឃុំស្ពឺ ស្រុកចំការលើ ដោយបានទទួលសំណើ សំណូមពរ និងកង្វល់ពីប្រជាពលរដ្ឋ១៥ករណី ហើយបានដោះស្រាយភ្លាមៗបានមួយចំនួន និងនៅសេសសល់ អង្គវេទិកាបានទទួលយកទៅពិភាក្សាដោះស្រាយបន្ត តាមនីតិវិធីរដ្ឋបាល។
លោក ខ្លូត ផន បានថ្លែងថា ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ជាឧបករណ៍ដ៏មានសារៈសំខាន់មួយ សម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព និងការចូលរួមរបស់ប្រជាពលរដ្ឋទាំងបុរស និងស្ត្រី ក្នុងកិច្ចដំណើរ ការអភិបាលកិច្ចរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ។
ប្រធានក្រុមប្រឹក្សា បានបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៤ នាថ្ងៃនេះ គឺដើម្បីផ្ដល់ព័ត៌មានដល់ក្រុមប្រឹក្សាក្រុង-ស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ សហគមន៍ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធអំពីសកម្មភាពនានារបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ក្នុងការឆ្លើយតបទៅនឹងសំណើទាំងឡាយរបស់ក្រុមប្រឹក្សាក្រុង-ស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ និងសហគមន៍ប្រជាពលរដ្ឋ ប្រមូល ពិភាក្សាអំពីសំណើ និងមតិយោបល់នានា សម្រាប់សកម្មភាពឆ្នាំខាងមុខ ដែលមានការចូលរួមរបស់សមាជិកក្រុមប្រឹក្សា គណ:អភិបាលខេត្ត សមាជិកក្រុមប្រឹក្សា គណ:អភិបាលក្រុងស្រុក សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ រួមទាំងតំណាងសហគមន៍ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធដទៃទៀត។
លោក ខ្លូត ផន បានបន្តថា វេទិកានាពេលនេះបានប្រព្រឹត្តទៅដោយរលូន និងមានការចូលរួមរបស់ប្រជាពលរដ្ឋយ៉ាងសកម្មក្នុងការលើកឡើងជាសំណួរ ក្ដីកង្វល់ សំណើ សំណូមពរ និងបានឆ្លើយតប និងបកស្រាយបំភ្លឺនូវសំណួរ និងសំណូមពរបានមួយចំនួន ដោយឡែកសំណួរ និងសំណូមពរដែលនៅសេសសល់ នឹងត្រូវយកទៅពិភាក្សាដោះស្រាយនៅពេលក្រោយតាមប្រភេទរដ្ឋបាលនីមួយៗ៕