(កំពត)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ហួត ហាក់ និងលោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំប្រតិភូអមដំណើរ មន្ត្រីរាជការ កងកម្លាំងប្រដាវុធ អាជ្ញាធរ និងអ្នកពាក់ព័ន្ធ ចូលរួមពិធីដាំដើមឈើអនុវស្សាវរីយ៍ ( កូនឈើក្ងោក) ជិត២០០ដើម នៅតាមអមដងផ្លូវខាងក្រោយកំពង់ផែទេសចរណ៍អន្តរជាតិ ក្នុងស្រុកទឹកឈូ ខេត្តកំពត នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។
នាឱកាសនោះលោករដ្ឋមន្ត្រី ហួត ហាក់ បានអំពាវនាវប្រជាពលរដ្ឋ កងកម្លាំង មន្ត្រីរាជការ ថ្នាក់ដឹកនាំ អង្គការ និងអ្នកជំនាញពាក់ព័ន្ធ សូមចូលរួមយុទ្ធនាការ «ទេសចរម្នាក់ដាំដើមឈើមួយដើម» និងយុទ្ធនាការ «ទេសចរណ៍ ដើម្បីទាំងអស់គ្នា ទាំងអស់គ្នា ដើម្បីទេសចរណ៍ និងមនុស្សម្នាក់ៗជាភ្ញាក់ងារផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់»។
លោករដ្ឋមន្ត្រីបានថ្លែងថា កម្មវិធីដាំដើមឈើនៅព្រឹកនេះ ពិតជាបានរួមចំណែកដល់ការអភិវឌ្ឍន៍ទេសចរណ៍បៃតងនៅកម្ពុជា តាមរយៈការជំរុញសកម្មភាពដាំដើមឈើឲ្យក្លាយជាផលិតផលទេសចរណ៍ថ្មីមួយបន្ថែមទៀត ប្រកបដោយភាពទាក់ទាញ។
លោក ម៉ៅ ធនិន បានឲ្យដឹងថា ការដាំដើមឈើ ដើម្បីអបអរសាទរ ពីធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ នៅខេត្តកំពត និងដើម្បីលម្អផ្លូវដ៏សំខាន់មួយខ្សែ តភ្ជាប់ផ្លូវពីសាលាខេត្ត រហូតទៅដល់ឆ្នេរសមុទ្រថ្មី ដែលរដ្ឋបាលខេត្ត បាននឹងកំពុងរៀបចំស្ថាបនាសាងសង់។
សូមបញ្ជាក់ថា រដ្ឋបាលខេត្តកំពត បានជូនដំណឹងដល់សាធារណជន និងអ្នកពាក់ព័ន្ធទាំងអស់ នៅរសៀលថ្ងៃទី១២ ខែធ្នូ ការប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិវគ្គផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅបរិវេណទីលានកីឡាដ្ឋានលើទឹក ដែលការប្រណាំងទូកក្នុងរយៈចម្ងាយ១គីឡូម៉ែត្រ ដោយចេញដំណើរពីគល់ស្ពាន់ចាស់ ឬស្ពានឥន្ទធនូ មកដល់វេទិការកិត្តិសយនៅទីលានកីឡាដ្ឋានលើទឹក ខាងត្បូងសាលាខេត្តកំពត ខណៈដែលកម្មវិធីបើកជាផ្លូវការ ពិធីបុណ្យសមុទ្រ នឹងធ្វើឡើងនៅថ្ងៃស្អែក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរតិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៕