(កំពង់ស្ពឺ)៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា កាលពីម្សិលមិញកម្លាំងនគរបាលចរាចរណ៍ បានតាមចាប់ខ្លួនក្មេងទំនើងម្នាក់ ដែលបើកម៉ូតូចូលផ្លូវល្បឿនលឿន ដែលមិនអនុញ្ញាត។
លោកបានបញ្ជាក់ថា នាល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នៅច្រកចូលកំពង់ស្ពឺកើត គ•ម ២៦ មានក្មេងទំនើង (មិនមានសាធាតុញៀន) បានបើកម៉ូតូ សម្រុកចូលផ្លូវល្បឿនលឿនយ៉ាងកំរោល ដែលជាប្រភេទម៉ូតូ មិនអនុញ្ញាតឲ្យប្រើប្រាស់ផ្លូវល្បឿនលឿន។
នគរបាលចរាចរណ៍ផ្លូវល្បឿនលឿន បានចេញប្រតិបត្តិការបន្ទាន់ដោយចាប់ឃាត់ និងហៅអាណាព្យាបាលមកណែនាំ និងអនុវត្តតាមនីតិវិធី។
លោក ផន រឹម បានបញ្ជាក់ថា ចំពោះយានជំនិះម៉ូតូដែលអាចធ្វើដំណើរលើផ្លូវលឿនលឿនបាន លុះត្រាទោចក្រយានយន្តនោះទំហំស៊ីឡាំងចាប់ពី៥០០cc ឬកម្លាំងម៉ូទ័រ២៧kW ឡើងទៅ នឹងត្រូវភ្ជាប់មកជាមួយឯកសារសំខាន់ៗ មួយចំនួន។
បើតាមលោក ផន រឹម, ដើម្បីស្នើសុំលតាបត្រអនុញ្ញាតទោចក្រយានយន្តទំហំស៊ីឡាំងចាប់ពី៥០០cc ឬកម្លាំងម៉ូទ័រ២៧kWឡើងទៅ ធ្វើដំណើរលើផ្លូវល្បឿនលឿន ពលរដ្ឋខ្មែរត្រូវភ្ជាប់មកជាមួយឯកសារដូចជា បណ្ណសម្គាល់យានជំនិះ និងអត្តសញ្ញាណប័ណ្ណម្ចាស់កម្មសិទ្ធិ។ ចំណែកឯជនបរទេស ត្រូវភ្ជាប់មកជាមួយ បណ្ណសម្គាល់ទោចក្រយានយន្ត លិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាព និងលិខិតបញ្ជាក់ទីលំនៅចេញ ដោយមេឃុំ/ចៅសង្កាត់៕