(សៀមរាប)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០២៤ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើក «មហោស្រពមិត្តភាពកម្ពុជា-ចិន ឆ្នាំ២០២៤» នៅខេត្តសៀមរាប ដែលរៀបចំដោយផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន។
អញ្ជើញចូលរួមក្នុងពិធីនេះដែររួមមានលោក Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច លោក គីម រិទ្ធី ប្រធានក្រុមប្រឹក្សា ភិបាលផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ព្រមទាំងលោក លោកស្រី មិត្តភក្តិចិន ព្រមទាំងថ្នាក់ដឹកនាំយុវជន សហគ្រិន អ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយកម្ពុជា និងចិន សរុបប្រមាណ៣០០រូប។
ថ្លែងក្នុងពិធីបើក លោក វង្សី វិស្សុត បានគូសបញ្ជាក់អំពី ចំណងការទូតកម្ពុជា-ចិន ដែលមានអាយុកាលរាប់ពាន់ឆ្នាំចាប់តាំងពីសម័យហ្វូណន ហើយសៀមរាបអង្គរក៏ជាទីក្រុងដែលមិត្តចិនធ្លាប់បានមកដល់ និងធ្វើទំនាក់ទំនងការទូត និងពាណិជ្ជកម្ម ដូចមានជាតឹកតាងឆ្លាក់នៅលើប្រាង្គប្រាសាទ និងក្នុងកំណត់ហេតុរបស់បេសកទូតចិន ជីវ តាក្វាន់។
ក្នុងសហសម័យនេះ ទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន ត្រូវបានបុកគ្រឹះ និងពូនជ្រំក្រោមស្នាព្រះហស្ត ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំជំនាន់មុននៃប្រទេសចិនគឺប្រធាន ម៉ៅ សេទុង និងលោក ជូ អេនឡាយ និងបានបន្តរីកលូតលាស់ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងប្រធានាធិបតី ស៊ី ជីនពីង ដោយបានប្រែក្លាយទៅជាដៃគូកិច្ចសហប្រតិបតិ្តការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ២០១០ និងបានបង្កើតសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ដំបូងគេនៅអាស៊ីអាគ្នេយ៍ ក្នុងឆ្នាំ២០១៩ និងបានវិវត្តទៅជាចំណងមិត្តភាពដែកថែបដ៏រឹងមាំ។
ក្រោមមគ្គុទេ្ទសក៍ដឹកនាំប្រកបដោយភាពស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតី ស៊ី ជីនពីង ប្រទេសទាំងពីរនៅតែអាចបន្តរក្សាបាននូវចំណងមិត្តភាពដែកថែបដ៏រឹងមាំនេះនិងបានឈានដល់កម្រិតខ្ពស់ ថ្មីមួយទៀតគឺ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព គាំទ្រគ្នាទៅវិញទៅមក ការពារផលប្រយោជន៍ស្នូល ផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ និងរួមចំណែកក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់និងពិភពលោកផងដែរ។
ជាក់ស្ដែង មិត្តចិនបានចូលរួមចំណែកយ៉ាងធំធេងក្នុងដំណើរអភិវឌ្ឍន៍របស់កម្ពុជា និងគាំទ្រក្នុងវិស័យអាទិភាពជាច្រើន ពិសេសលើការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាអាទិ៍ផ្លូវថ្នល់ប្រវែងប្រមាណ៤០០០គីឡូម៉ែត្រ ត្រូវបានសាងសង់ និងជួសជុលឡើងវិញ, ស្ពានធំៗចំនួន១១កន្លែង, ពហុកីឡាដ្ឋានមរតកតេជោ, មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនខេត្តត្បូងឃ្មុំ, អគារមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ, ជំនួយអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា និងក្នុងក្របខ័ណ្ឌ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI) មានដូចជាផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិអង្គរសៀមរាបជាដើម។
ជារួម ការឧបត្ថម្ភគាំទ្ររបស់មិត្តចិន គឺមិនត្រឹមតែចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយពង្រឹងឯករាជ្យភាពនយោបាយរបស់កម្ពុជាផងដែរ។ ក្នុងន័យនេះ ចំណងមិត្តភាពប្រទេស ទាំងពីរ ប្រៀបបានដូចជាដើមឈើមួយដើមធំដែលបានចាក់ប្ញសយ៉ាងជ្រៅ និងយ៉ាងមាំ ហើយបន្តរីកលូតលាស់ជាប្រចាំ ផ្តល់នូវលទ្ធផលនិងផ្លែផ្កាយ៉ាងល្អប្រសើរលើគ្រប់វិស័យសម្រាប់ប្រជាជាតិទាំងពីរ ដែលក្លាយជាគំរូមួយសម្រាប់ទំនាក់ទំនងរវាងប្រទេសនិងប្រទេស។
លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការបន្តថា ឆ្នាំ២០២៤នេះ គឺជាខួបលើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន និងជាឆ្នាំ នៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន នៅក្នុងក្របខ័ណ្ នៃការកសាងសហគមន៍ ជោគវាសនារួមកម្ពុជា-ចិន ឆ្ពោះទៅរកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់។ ចំណងមិត្តភាពរវាងប្រទេសយើងទាំងពីរ កម្ពុជា-ចិនសម្រេចបាននូវទំនាក់ទំនងយ៉ាងស្អិតរមួត និងរីកចម្រើនគ្រប់វិស័យ ទាំងក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនៃស្ថាប័ននីតិប្បញ្ញត្តិ, រដ្ឋាភិបាល, វិស័យឯកជន, សង្គមស៊ីវិល និងប្រជាជន។
«មហោស្រពមិត្តភាពកម្ពុជា-ចិន ឆ្នាំ២០២៤» នេះគឺជាចលករដ៏សំខាន់ ដែលនឹងរួមចំណែកលើកកម្ពស់ទំនាក់ទំនងប្រជាជននិងប្រជាជន ពិសេសរវាងយុវជន អំពីវប្បធម៌ និងប្រពៃណីដ៏ផូរផង់នៃប្រទេសទាំងពីរ និងកសាងចំណង មិត្តភាព ទំនុកចិត្ត ការយល់គ្នាទៅវិញទៅមក ក៏ដូចជាស្វែងរកនូវឱកាសវិនិយោគ និងធុរកិច្ចរវាងសហគ្រិនវ័យក្មេងនៃប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។
https://image.freshnewsasia.com/2021/id-025/fn-2024-12-12-12-59-38-1.JPG