(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានចេញសេចក្តីជូនដំណឹង ស្តីពី ការផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញបច្ចេកវិទ្យាឌីជីថល តាមរយៈ កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល។ នេះបេីតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។
សេចក្ដីជូនដំណឹង បានឲ្យដឹងថា ដើម្បីគាំទ្រដល់ដំណើរការអភិវឌ្ឍមូលធនមនុស្សឌីជីថលឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងរដ្ឋាភិបាលឌីជីថល ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបង្កើតកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល (ក.អ.ជ.ឌ.) ដែលមានឈ្មោះជាភាសាអង់គ្លេសថា Digital Skill Development Program (DSDP) ដែលជាកម្មវិធីជំនួយហិរញ្ញវត្ថុ មិនមែនជាអាហារូបករណ៍ និងមានរហូតដល់ ៣ ០០០កន្លែង ក្នុងគោលបំណងផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់ (Financial Aid without Interest)។
ក្នុងឆ្នាំសិក្សា ២០២៥នេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងគ្រឹះស្ថានឧត្តមសិក្សាដៃគូរបស់ កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល នឹងវាយតម្លៃជ្រើសរើសបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលមានបំណងសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅគ្រឹះស្ថានឧត្តមសិក្សាដៃគូរបស់ កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល ចំនួន ៦ រួមមាន បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) និងសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន (Paragon.U)៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង ដែលមានខ្លឹមសារទាំងស្រុង៖