(ភ្នំពេញ)៖ លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា មន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (មន្ទីរពិសោធន៍ជាតិ វ.ប.ន) ដែលបានសម្ពោធដាក់ឱ្យដំណើរការជាគ្រឹះស្ថានសាធារណៈរដ្ឋបាល នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងជំរុញការនាំចេញទំនិញរបស់កម្ពុជា ជាពិសេសផលិតផលកែច្នៃ ដោយសារផលិតផលដែលឆ្លងកាត់ការពិសោធន៍នៅមន្ទីរពិសោធន៍ជាតិនេះនឹងទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។

ថ្លែងក្នុងពិធីសម្ពោធមន្ទីរពិសោធន៍ជាតិ នានៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នេះ លោក ហែម វណ្ណឌី បានលើកឡើងពីតួនាទីដ៏សំខាន់របស់មន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការលើកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផល, ជំរុញនវានុវត្តន៍, និងគាំទ្រដល់វិស័យឧស្សាហកម្មកម្ពុជាសម្រាប់ទាំងទីផ្សារទាំងក្នុងស្រុក និងទីផ្សារនាំចេញ។

លោកបានលើកឡើងថា ជាមួយនឹងស្តង់ដារអន្តរជាតិកម្រិតខ្ពស់ ដូចជា ISO/IEC 17025 និងការវាយតម្លៃទទួលស្គាល់ពីប្រទេសសិង្ហបុរី និងអូស្ត្រាលី មន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងបន្តរួមចំណែកសម្រួលដល់ធុរកិច្ច និងកាត់បន្ថយឱ្យបានជាអតិបរមានូវការបញ្ជូនការធ្វើតេស្តវិភាគផលិតផលទៅក្រៅប្រទេស ដែលនឹងកាត់បន្ថយចំណាយ និងបង្កើនប្រសិទ្ធិភាព។

លោកបន្ថែមថា «តួនាទីរបស់មន្ទីរពិសោធន៍ គឺជាតួនាទីគន្លឹះនៅក្នុងការជំរុញការនាំចេញរបស់យើង។ យើងអាចផលិតអីបានទាំងអស់ ប៉ុន្តែបើសិនជាយើងមិនអាចធ្វើពិសោធន៍ ដើម្បីបង្ហាញការបញ្ជាក់ទៅអ្នកដែលគេទទួលចាំទិញរបស់យើងទេ គឺគេមិនអាចទុកចិត្តយើងបានទេ។ ហើយមន្ទីរពិសោធន៍របស់យើងអាចទុកចិត្តបាន ត្រង់ថាយើងមាន ISO ដែលរាល់ឆ្នាំគេចុះមកមើលជាប្រចាំថា យើងអាចធ្វើបានតាមនិតិវិធីនៃពិធីសារនៃការធ្វើពិសោធន៍នេះដែលឬអត់? ហើយយើងក៏ទទួលបានផ្នែកសេវាមន្ទីរពិសោធន៍ពីប្រទេសសិង្ហបុរី និងប្រទេសអូស្រ្តាលី។ ជារួមយើងដូចជាស្ថាប័នអន្តរជាតិដូច្នេះដែរ គឺយើងមានការទទួលស្គាល់។ ហើយយើងខ្ញុំសង្ឃឹមថា តាមរយៈការកែលម្អសេវា ទាំងអគារថ្មី ឧបករណ៍ បុគ្គលិក របៀបរបបការងារ។ល។ នឹងទទួលបានគាំទ្របន្ថែមទៀត នឹងរុញការអភិវឌ្ឍន៍ឧស្សាហកម្ម កសិឧស្សាហកម្ម នៅកម្ពុជាឱ្យឈានដល់កម្រិតមួយថ្មីទៀត»

មន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានបទពិសោធន៍ក្នុងការធ្វើតេស្តវិភាគជាង ៣០ឆ្នាំ មុនត្រូវបានប្រែក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាលនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។ កំណែទម្រង់នេះបានបង្កើនស្វ័យភាព ភាពបត់បែននៃប្រតិបត្តិការ និងសមត្ថភាពពង្រីកសេវាកម្មប្រកបដោយវិជ្ជាជីវៈ រួមទាំងផែនការពង្រីកសមត្ថភាពធ្វើតេស្តផលិតផលមេកានិច អគ្គិសនី អេឡិចត្រូនិកនៅក្នុងឆ្នាំ២០២៥។ បច្ចុប្បន្ននេះ មន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ផ្តល់សេវាកម្មមន្ទីរពិសោធន៍មីក្រូជីវសាស្ត្រ គីមីចំណីអាហារ គីមីមិនមែនចំណីអាហារ និងមន្ទីរពិសោធន៍ទឹក ដើម្បីគាំទ្រធុរកិច្ចបំពេញតាមលក្ខខណ្ឌតម្រូវជាសកល និងពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងទីផ្សារអន្តរជាតិ។ មន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានបំណងប្រែក្លាយជាមន្ទីរពិសោធន៍ឈានមុខ ក្នុងការលើកកម្ពស់នវានុវត្តន៍ និងការធ្វើតេស្តវិភាគ សម្រាប់គាំទ្រដល់ឧស្សាហកម្ម និងសហគ្រាសធុនតូចនិងមធ្យម ដើម្បីបង្កើនឧត្តមភាពប្រជែងឈ្នះ ទាំងនៅថ្នាក់ជាតិ និងអន្តរជាតិ។

លោកស្រីបណ្ឌិត យក់ សុគន្ធស្រីរតន៍ នាយកប្រតិបត្តិនៃមន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបញ្ជាក់ពីការត្រៀមលក្ខណៈរបស់ស្ថាប័ននេះ ដើម្បីបំពេញតម្រូវការវិស័យឧស្សាហកម្ម និងវិទ្យាសាស្ត្ររបស់កម្ពុជា។

លោកស្រីបានលើកឡើងថា៖ «មន្ទីរពិសោធន៍នេះត្រូវបានបំពាក់ដោយសម្ភារបរិក្ខារ និងបច្ចេកវិទ្យាទំនើប ព្រមទាំងមានក្រុមការងារជំនាញ។ យើងប្តេជ្ញាជំរុញនវានុវត្តន៍ លើកម្ពស់ស្តង់ដារគុណភាព និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា»

លោក ហែម វណ្ណឌី បានលើកទឹកចិត្តឱ្យមានកិច្ចសហការបន្ថែមទៀតរវាងមន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមន្ទីរពិសោធន៍ផ្សេងៗ ដើម្បីបង្កើនការទទួលស្គាល់សេវាធ្វើតេស្តរបស់កម្ពុជាកាន់តែច្រើន ទាំងក្នុងតំបន់ និងអន្តរជាតិ។ កិច្ចសហការទាំងនេះនឹងជួយធានាបាននូវស្តង់ដារគុណភាពខ្ពស់ ភាពស៊ីសង្វាក់គ្នា និងការប្រៀបធៀបលទ្ធផលកាន់តែប្រសើរ ក្នុងគោលដៅបង្កើនទំនុកចិត្តលើសមត្ថភាពធ្វើតេស្តរបស់កម្ពុជា។

ដោយផ្តោតលើតម្លាភាព និងបរិវត្តកម្មឌីជីថល មន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចាប់ផ្តើមដាក់ឱ្យដំណើរការគេហទំព័រថ្មី ដែលត្រូវបានរចនាឡើងដើម្បីលើកកម្ពស់ការស្រាវជ្រាវ នវានុវត្តន៍ និងភាពងាយស្រួលក្នុងការទទួលសេវា។ គេហទំព័រថ្មីនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ធ្វើទំនើបកម្មសេវាកម្មរបស់ខ្លួន និងជំរុញប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។ ទំនើបកម្មមួយទៀតគឺការបញ្ចូលថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដើម្បីបង្កើនទំនុកចិត្ត និងភាពជឿជាក់លើលទ្ធផលតេស្តវិភាគ ដែលងាយស្រួលក្នុងការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ៕