(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្តែងនូវអំណរសាទរ ប្រកបដោយសេចក្ដីបីតិសោមនស្សរីករាយ និងជ្រះថ្លាបំផុត ថ្វាយចំពោះ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងឱកាសសម្តេចជាអម្ចាស់ត្រូវបានព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន ត្រាស់បង្គាប់ថ្វាយព្រះឋានៈ «សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា»។
ឆ្លៀតក្នុងឱកាសដ៏នក្ខត្តឫក្សវិសេសវិសាលថ្លៃថ្លានេះ ទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមព្រះបរមរាជានុញ្ញាត ដ៏ខ្ពង់ខ្ពស់ ថ្លង់នូវព្រះសក្ខីភាពជាវិជ្ជមានស្រួចស្រាល់ជាអតិបរមារបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ដែលសម្តេចជាអម្ចាស់បានចូលរួមចំណែក និងខិតខំប្រឹងប្រែងជាមួយរាជរដ្ឋាភិបាល ក្នុងព្រះបុព្វហេតុ កសាង និងលើកស្ទួយវិស័យព្រះពុទ្ធសាសនា ឱ្យបានរីកចម្រើនឡើងវិញ ពោលចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ រហូតដល់បច្ចុប្បន្ន ដោយបានលើកតម្កើងសាសនារបស់ជាតិឱ្យរុងរឿង ក្រោមបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ»។
ទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមលំឱនកាយវន្ទាបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី តេជះព្រះបារមីនៃវត្ថុស័ក្តិសិទ្ធិនៅក្នុងលោក និងទេវតារក្សាព្រះមហាស្វេតច្ឆត្រ សូមអភិបាលគ្រងរក្សាប្រោះព្រំ ព្រះពរសព្ទសាធុការថ្វាយចំពោះ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សូមមាននូវព្រះសុខភាពល្អបរិបូណ៌ ប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ព្រះមេត្តាទទួលនូវអភិវន្ទនកិច្ចជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំជាខ្ញុំ និងភរិយា៕