(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ គោលដៅទី២ ស្ថិតនៅបរិវេណវត្តបូរណ៌ខ្នាតេជោ ស្ថិតនៅឃុំចន្លាសដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប ក្រោមវត្តមានរបស់ លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក លី សារី អភិបាលរងខេត្ត ដោយមានការចូលរួមពីលោក លោកស្រី ជាសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ក្នុងខេត្ត អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋជាច្រើនចូលរួមផងដែរ។

ក្នុងឱកាសនោះ លោក លី សំរិទ្ធ បានលើកឡើងថា អង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ គឺផ្តល់ឱកាសជូនប្រជាពលរដ្ឋ បានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក រវាងរដ្ឋបាលខេត្តជាមួយរដ្ឋ បាលក្រុង ស្រុក រដ្ឋបាលឃុំ ប្រជាពលរដ្ឋ តំណាងអង្គការសង្គមស៊ីវិល វិស័យឯកជន និងក្រុមប្រឹក្សាប្រភេទផ្សេងៗគ្នា ដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ និងផ្តល់ប្រឹក្សាអំពីអាទិភាពនៃការអភិវឌ្ឍខេត្ត ប្រកបដោយចីរភាព និងប្រសិទ្ធភាព។

លោកបន្តថា ក្រុមប្រឹក្សា ស្រុក ឃុំ និងថ្នាក់ដឹកនាំត្រូវ បំពេញតួនាទី និងភារកិច្ច បម្រើសេវាជូនប្រជាពលរដ្ឋដោយអនុវត្តតាមគោលការណ៍ប្រជាធិបតេយ្យ ប្រកបដោយឆន្ទៈម្ចាស់ការ និងមនសិការប្រកបដោយវីជ្ជាជីវៈ ព្រមទាំង ធ្វើការឆ្លើយតបទៅនឹងតម្រូវការនានា ដែលជាសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងស្រុកបន្ថែម ដែលធ្វើឲ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្តីសុខ ពេញចិត្ត ជឿជាក់ និងគាំទ្រលើការដឹកនាំរបស់រដ្ឋបាលដែនដី និងរាជរដ្ឋាភិបាលផងដែរ។

លោកបានបន្តថា ក្នុងអង្គវេទិកាថ្ងៃនេះ ដែលមានសមាជិក សមាជិកា បានលើកជាសំណួរ និងសំណូមពរផ្ទាល់មាត់ចំនួន១២ និងជាលាយល័ក្ខអក្សរ ចំនួន២ ទៅលើកបញ្ហា វិវាទដីធ្លី , បញ្ហាប្រាក់ពលកម្មរបស់ប្រជាពលរដ្ឋធ្វើប្រព័ន្ធធារាសាស្ត្រ។ ជាពិសេស សូមជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យប្រើប្រាស់ទឹកស្អាត និងការធ្វើផ្លូវ ព្រមទាំងការសុំកាន់កាប់ដីរួមក្នុងភូមិ។

លោកប្រធានក្រុមប្រឹក្សាខេត្ត ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ អាជ្ញាធរស្រុក ឃុំ ភូមិ ទាំងអស់ ត្រូវបន្តខិតខំបន្ថែមទៀត ដើម្បីបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដោយត្រូវយកចិត្តទុកដាក់ខ្ពស់ ទៅលើការដោះស្រាយបញ្ហាប្រឈមនានា ក៏ដូចជា បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័ស ទាន់សភាពការណ៍ និងមានប្រសិទ្ធភាពខ្ពស់ ស្របទៅនឹងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះ។

លោក លី សារី បានការកោតសរសើរ ចំពោះប្រជាពលរដ្ឋក្នុងស្រុក ដែលបានលើកឡើងនូវសំណើ និងសំណូមពរយ៉ាងផុសផុល ដែលនេះសបញ្ជាក់ឲ្យឃើញថា ប្រជាពលរដ្ឋមានជំនឿទុកចិត្ត ជាមួយរដ្ឋបាលគ្រប់ជាន់ថ្នាក់ ក្នុងការដោះស្រាយនូវបញ្ហាប្រឈម និងសំណូមពររបស់ពួកគាត់។

លោកក៏បានសង្កត់ធ្ងន់ដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យ តាមដាន និងដោះស្រាយរាល់សំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ ដែលជាបញ្ហាប្រឈមចាំបាច់ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ពិសេសត្រូវមានឥរិយាបថទន់ភ្លន់ ម៉ឺងម៉ាត់ ដោយត្រូវចងចាំថា មន្ត្រីរាជការ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាពលរដ្ឋ៕