(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្តែងនូវអំណរសាទរ ប្រកបដោយមនោសញ្ចេតនាសោមនស្សរីករាយ និងជ្រះថ្លាយ៉ាងក្រៃលែង ប្រគេនសម្តេចព្រះមហាសុមេធាធិបតី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ នៅក្នុង​ឱកាស​ដែលសម្តេច ត្រូវបានព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហា​ក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វ​ព្រះ​រាជ​ហឫទ័យ ប្រោសព្រះរាជទានត្រាស់បង្គាប់តែងតាំងព្រះឋានៈ សម្តេច​ព្រះមហាសុមេធាធិបតី សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។

ឆ្លៀតក្នុងឱកាសដ៏នក្ខត្តឫក្សវិសេសវិសាលថ្លៃថ្លានេះ ខ្ញុំព្រះករុណា និង​ភរិយា សូមព្រះអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ថ្លែងនូវព្រះសក្ខីភាពជាវិជ្ជមានជាច្រើន​របស់សម្តេចព្រះមហាសុមេធាធិបតី ដែលសម្តេចតែងតែបានរួមចំណែក និងខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត ការលះបង់ព្រះកាយពល និងព្រះបញ្ញាញាណមិនខ្លាចនឿយហត់ ក្នុងព្រះបុព្វហេតុបន្តកសាង និងលើកស្ទួយវិស័យព្រះពុទ្ធសាសនា ឱ្យបានរីកចម្រើនតរៀងទៅ។

ខ្ញុំព្រះករុណា និងភរិយា សូមលំឱនកាយវន្ទាបួងសួងដល់គុណបុណ្យ​ព្រះ​រតន​ត្រ័យ គុណកែវទាំងបី តេជះ ព្រះបារមីនៃវត្ថុស័ក្តិសិទ្ធិនៅក្នុងលោក និងទេវតារក្សាព្រះមហាស្វេតច្ឆត្រ សូមអភិបាលគ្រងរក្សាប្រោះព្រំព្រះពរ សព្ទសាធុការប្រគេនចំពោះ សម្តេចព្រះមហាសុមេធាធិបតី សូមមាននូវព្រះ​សុខ​ភាពល្អបរិបូរណ៍ ប្រកបដោយ ព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមសម្តេចព្រះមហាសុមេធាធិបតី សម្ដេចព្រះសង្ឃនាយក គណៈមហា​និ​កាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះមេត្តាទទួលនូវសេចក្ដីគោរព​សក្ការៈ​ដ៏ខ្ពង់​ខ្ពស់ពីខ្ញុំព្រះករុណា និងភរិយា៕