(ភ្នំពេញ)៖ អាជ្ញាធរអគ្គិសនីកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ បានរៀបចំកិច្ចប្រជុំណែនាំពង្រឹងការអនុវត្តច្បាប់ សេចក្តីណែនាំ និងលិខិតបទដ្ឋាននានា ដល់អ្នកកាន់អាជ្ញាបណ្ណបញ្ជូនរង និងអ្នកកាន់អាជ្ញាបណ្ណចែកចាយធំៗ នៅទីស្នាក់ការនៃអាជ្ញាធរអគ្គិសនី។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីរបស់ លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងថ្នាក់ដឹកនាំជាច្រើនរូបផ្សេងទៀត ព្រមជាមួយអ្នកកាន់អាជ្ញាបណ្ណបញ្ជូនរង និងអ្នកកាន់អាជ្ញាបណ្ណចែកចាយធំៗចំនួន១៦៦អាជ្ញាបណ្ណ និងបានចាត់តំណាងចូលរួមចំនួន៣១១រូប។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីណែនាំ ពន្យល់ បំភ្លឺ និងពិភាក្សាអំពីចំណុចសំខាន់ៗដែលកំណត់ក្នុងលក្ខខណ្ឌអាជ្ញាបណ្ណ បទប្បញ្ញត្តិ, សេចក្តីណែនាំ, សេចក្តីសម្រេច និងគោលការណ៍នានាដែលចេញដោយអាជ្ញាធរអគ្គិសនីកម្ពុជា ដើម្បីឱ្យអ្នកកាន់អាជ្ញាបណ្ណទាំងអស់ យល់កាន់តែច្បាស់ ចៀសវាងបន្តយល់ខុស ឬអនុវត្តខុស។
បន្ថែមពីនេះ ក៏ដើម្បីលើកឡើងអំពីចំណុចគោលសំខាន់ៗ ដែលត្រូវត្រួតពិនិត្យ និងតាមដានការអនុវត្ត និងពិភាក្សាលម្អិតលើចំណុចពាក់ព័ន្ធ ហើយអាជ្ញាធរអគ្គិសនីកម្ពុជា នឹងចាប់ផ្តើមត្រួតពិនិត្យ និងតាមដានការអនុវត្តរបស់អ្នកកាន់អាជ្ញាបណ្ណ បើរកឃើញថានៅតែប្រព្រឹត្តខុសនោះ នឹងចាត់វិធានការច្បាប់ ដោយពុំមានការអនុគ្រោះទៀតទេ៕