(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្តែងនូវអំណរសាទរ ប្រកបដោយមនោសញ្ចេតនាសោមនស្សរីករាយ និងជ្រះថ្លាយ៉ាងក្រៃលែង ប្រគេនសម្តេចព្រះពោធិវង្ស ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ក្នុងឱកាសដែល សម្តេច ត្រូវបានព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានត្រាស់បំង្គាប់តែងតាំងព្រះឋានៈ «សម្ដេចព្រះពោធិវង្ស សម្តេចព្រះសង្ឃ នាយករងទី១ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា»។
ឆ្លៀតក្នុងឱកាសដ៏នក្ខត្តឫក្សវិសេសវិសាលថ្លៃថ្លានេះ ខ្ញុំព្រះករុណា និងភរិយា សូមព្រះអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ថ្លែងនូវព្រះសក្ខីភាពជាវិជ្ជមានជាច្រើនរបស់សម្តេចព្រះពោធិវង្ស ដែលសម្តេចតែងតែបានរួមចំណែក និងខិតខំ ប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត ការលះបង់ព្រះកាយពល និងព្រះបញ្ញាញាណមិនខ្លាចនឿយហត់ ក្នុងព្រះបុព្វហេតុបន្តកសាង និងលើកស្ទួយវិស័យព្រះពុទ្ធសាសនា ឱ្យបានរីកចម្រើនតរៀងទៅ។
ខ្ញុំព្រះករុណា និងភរិយា សូមលំឱនកាយវន្ទាបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី តេជះ ព្រះបារមីនៃវត្ថុស័ក្តិសិទ្ធិនៅក្នុងលោក និងទេវតារក្សាព្រះមហាស្វេតច្ឆត្រ សូមអភិបាលគ្រងរក្សាប្រោះព្រំព្រះពរ សព្ទសាធុការប្រគេនចំពោះ សម្តេចព្រះពោធិវង្ស សូមមាននូវព្រះសុខភាពល្អបរិបូរណ៍ ប្រកបដោយព្រះពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមសម្ដេចព្រះពោធិវ័ង្ស សម្តេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះមេត្តាទទួលនូវសេចក្តីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ពីខ្ញុំព្រះករុណា និងភរិយា៕