(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សូមសម្តែងនូវអំណរ​សាទរ​ប្រកបដោយមនោសញ្ចេតនាសោមនស្សរីករាយ និង ជ្រះថ្លាយ៉ាង​ក្រៃ​លែង ប្រគេនសម្តេចព្រះវនរ័ត ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ នៅក្នុងឱកាសដែល សម្តេច ត្រូវបានព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរា​ជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យត្រាស់បង្គាប់​តែងតាំង​ព្រះ​ឋានៈ «សម្តេចព្រះវនរ័ត សម្តេចព្រះសង្ឃនាយករងទី២ គណៈមហា និកាយ នៃព្រះរាជាណាចក្រកម្ពុជា»។

ឆ្លៀតក្នុងឱកាសដ៏នក្ខត្តឫក្សវិសេសវិសាលថៃ្លថ្លានេះ ខ្ញុំព្រះករុណា និង​ភរិយា សូមព្រះអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ថ្លែងនូវព្រះសក្ខីភាពជាវិជ្ជមាន​ជាច្រើន​របស់សម្តេចព្រះវនរ័ត ដែលសម្តេច តែងតែបានចូលរួមចំណែក និងខិតខំ ប្រឹង​ប្រែងប្រកបដោយឆន្ទៈមោះមុត ការលះបង់ព្រះកាយពល និងព្រះបញ្ញា​ញាណ​មិនខ្លាចនឿយហត់ ក្នុងព្រះបុព្វហេតុបន្តកសាង និងលើកស្ទួយ​វិស័យ​​ព្រះ​ពុទ្ធសាសនា ឱ្យបានរីកចម្រើនរុងរឿងតរៀងទៅ។

ខ្ញុំព្រះករុណា និងភរិយា សូមលំឱនកាយវន្ទាបួងសួងដល់គុណ​បុណ្យព្រះ​រតន​ត្រ័យ គុណកវទាំងបី តេជះ ព្រះបារមីនៃវត្ថុស័ក្តិសិទ្ធិនៅក្នុងលោក និង​ទេវតារក្សាព្រះមហាស្វេតច្ឆត្រ សូមអភិបាលគ្រងរក្សាប្រោះព្រំព្រះពរ សព្ទ​សា​ធុការប្រគេនចំពោះ សម្តេចព្រះវនរ័ត សូមមានព្រះសុខភាពល្អ​បរិ​បូរណ៍ ប្រកបដោយព្រះពុទ្ធពរទាំង បួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមសម្តេចព្រះវ័នរ័ត សម្តេចព្រះសង្ឃនាយករងទី២ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះមេត្តាទទួលនូវសេចក្ដីគោរពសក្ការៈដ៏ខ្ពង់​ខ្ពស់​ពីខ្ញុំព្រះករុណា និងភរិយា៕