(ភ្នំពេញ)៖ បើទោះបីជាមានភាពមមាញឹកក្នុងការងារយ៉ាងណាក្តី ក្នុងរយៈពេល១០ឆ្នាំជាងនេះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តែងតែយកចិត្តទុកដាក់ និងចំណាយពេលវេលាមកជួបជាមួយកុមារ ដែលភាពជីវភាពខ្វះខាតនៅក្នុងផ្ទះបាយកុមារ យ៉ាងតិច២ដងក្នុងមួយឆ្នាំ។
ពិសេសពីរាល់ដង នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ លោក ហ៊ុន ម៉ានី បានអញ្ជើញជួបជាមួយអាណាព្យាបាល នៅផ្ទះបាយកុមារ ដោយបាននាំមកនូវគ្រឿងឧបភោគ បរិភោគមួយចំនួន ជូនអ៊ំពូមីង លោកយាយ លោកតាផងដែរ។
ជានិច្ចកាល ក្រៅពីការយកចិត្តទុកដាក់ជាមួយកុមារដែលខ្វះខាត នៅផ្ទះបាយកុមារ លោក ហ៊ុន ម៉ានី បានបន្តយកចិត្តទុកដាក់រហូតដល់អាណាព្យាបាលរបស់ប្អូនៗផងដែរ។ ជាក់ស្តែងក្នុងថ្ងៃនេះ បាននាំមកនូវការជួបជុំលើកដំបូង ក្នុងគោលបំណងជួបសំណេះសំណាល បង្កើតភាពស្និតស្នាល និងការចងចាំល្អៗជាមួយគ្នា តាមរយៈការលេងល្បែងប្រជាប្រិយ និងការថតរូបអនុស្សាវរីយ៍ ជាមួយអាណាព្យាបាល ចំនួន៣០០នាក់ ដោយពួកគាត់អាចថតរូបម្នាក់ម្តងៗ និងមានក្រុមការងារប៉ាម៉ានី ជួយសម្របសម្រួលក្នុងការផ្តិតរូបថតដាក់ស៊ុម។
ថ្លែងក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានថ្លែងអំណរគុណចំពោះក្រុមការងារអង្គការផ្ទះបាយកុមារ ក្រុមការងារប៉ាម៉ានី និងក្រុមការងារពាក់ព័ន្ធ ជាពិសេសលោក ង៉ូវ ឈីវ សប្បុរសជន ព្រមទាំងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលតែងតែចូលរួមឧបត្តម្ថ គាំទ្រ និងលះបង់ពេលវេលាផ្ទាល់ខ្លួន ជួយសម្របសម្រួល និងចូលរួមចែករំលែកក្ដីស្រលាញ់ដល់កូនៗ រួមទាំងបំពេញកិច្ចការដ៏ប្រពៃមួយនេះជួយ ដល់កុមារដែលជួបការលំបាក និងខ្វះខាត។
កម្មវិធីនាថ្ងៃនេះ បាននាំអាណាព្យាបាលទាំងអស់ មករំសាយអារម្មណ៍ពីការនឿយហត់មួយកម្រិត ដោយទទួលបានអារម្មណ៍រំភើបសប្បាយរីករាយ និងស្នាមញញឹម រួមជាមួយអំណោយ ក៏ដូចជារង្វាន់នានា។ សូមជម្រាបជូនថា កាលពីថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកធ្លាប់ជួបប្អូនៗម្តងរួចមកហើយ និងបានថតរូបអនុស្សាវរិយ៍ ជាមួយគាត់ម្នាក់ម្តងៗ រួមទាំងផ្តល់នូវសម្ភារៈសិក្សាជូនប្អូនៗផងដែរ៕