(កណ្តាល)៖ លោកបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការតំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់​សុពលភាពលើការងារកែលម្អផ្លូវក្រាលដីល្បាយថ្មភ្នំ ទៅជាផ្លូវក្រាលបេតុងចំនួន ១ខ្សែ ប្រវែង ១ ២០០ម៉ែត្រ និងស្ថាបនាទរបេតុងដោះទឹកចំនួន ៤កន្លែង និងសំណង់សិល្បការ្យផ្សេងៗ ស្ថិតនៅឃុំសន្លុង ស្រុកខ្សាច់ កណ្តាល ខេត្តកណ្តាល។

បើតាមលោកឧត្តមសេនីយ៍ត្រី ឥន្ទ វណ្ណរិទ្ធ នាយករងនាយកដ្ឋានវិស្វកម្ម តំណាងលោកឧត្តមសេនីយ៍ឯក សឿន រឿត នាយកនៃនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ បានឱ្យដឹងដែរថា ជុំវិញការស្ថាបនា​ផ្លូវខាងលើនេះ បន្ទាប់ពីទទួលបានគោលការណ៍ឯកភាពពីក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរួចមក នាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ ក៏បានអនុវត្តការងារ​ស្ថាបនាផ្លូវខាងលើនេះភ្លាម ដើម្បីចូលរួមចំណែកដល់ការលំបាករបស់ប្រជាពលរដ្ឋ មានផ្លូវល្អសម្រាប់ធ្វើដំណើរ និងការរកស៊ីទទួលទានផ្សេងៗ។

នាឱកាសនោះលោកបណ្ឌិត សៅ ជីវ័ន្ត បានឱ្យដឹងថា ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនាមជាសេនាធិការផ្ទាល់របស់រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញការងារសាងសង់ ស្ដារឡើងវិញ កែលម្អ ពង្រីក ថែទាំ និងជួសជុលផ្លូវជនបទ ក្រាលកៅស៊ូពីរជាន់ ឬបេតុង ដើម្បីបង្ករ ភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ កាត់បន្ថយពេលវេលា និងកាត់បន្ថយចំណាយលើការដឹកជញ្ជូនកសិផល និង ទំនិញផ្សេងៗនៅជនបទ។

លោកបណ្ឌិត បន្តថា បញ្ហានេះក្រសួងបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ លើការពង្រឹងសមត្ថភាពជំនាញក្នុងគោលដៅ បង្កើនគុណភាព និងធានាចីរភាពផ្លូវជនបទ ព្រោះនៅជនបទមានសារៈសំខាន់ ក្នុងការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គម កិច្ចនៅជនបទជាពិសេសការកាត់បន្ថយគម្លាតតំបន់ជនបទ និងទីក្រុងផងដែរ, ជាក់ស្តែងជុំវិញផ្លូវជនបទនេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានកំពុងប្រែក្លាយ​ផ្លូវក្រាលក្រួសជាច្រើនខ្សែ ទៅជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុង សំដៅធានាបានការប្រើប្រាស់យូរអង្វែង ដើម្បីជំរុញដំណើរអន្តរកម្មផ្នែកសង្គម-សេដ្ឋកិច្ច និងការផ្សារភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗ រវាងតំបន់ជនបទនិងទីប្រជុំជន។

នាឱកាសនោះដែរលោករដ្ឋលេខាធិការ និងគណៈកម្មការអន្តរក្រសួង បានជួបសំណេះសំណាលជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ, ក្នុងនោះលោកបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដែលសម្តេចនិងលោកជំទាវបណ្ឌិត តែងតែគិតគូរពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ។

ក្នុងពិធីសំណេះសំណាលនេះដែរលោកបណ្ឌិត សៅ ជីវ័ន្ត ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់លោក ឆាយ ឫទ្ធិសែន ចែកជូនប្រជាពលរដ្ឋ ដោយម្នាក់ៗទទួលបានក្រម៉ាចំនួន១៕