(សៀមរាប)៖ ម៉ាស៊ីនទិញសំបុត្រ ចូលទស្សនាអង្គរដោយស្វ័យប្រវត្តិ សម្រាប់រយៈពេល១ថ្ងៃ ត្រូវបានដាក់ឲ្យដំណើរការហើយ ដើម្បីជួយសម្រួល ការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរអន្តរជាតិ ដើម្បីស្វែងយល់ពីភាពអស្ចារ្យនៃរមណីយដ្ឋានតំបន់ប្រាសាទអង្គរវត្ត។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ លោក លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ បានឲ្យដឹងថា ម៉ាស៊ីនទិញសំបុត្រទាំងអស់ មាន៣ទីតាំង បានដាក់ឲ្យអនុវត្តសាកល្បងរួចរាលហើយ គឺ១៖ នៅគ្រឹះស្ថានអង្គរ (ទីតាំងលក់សំបុត្របច្ចុប្បន្ន), ទី២៖ នៅប៉ាវីអង្គរ និងទី៣៖ នៅផ្សារទំនើប ហេរាថេកវ៉ក។
បន្ថែមពីនោះទៀត អគ្គនាយកគ្រឹះស្ថានអង្គរ បានបញ្ជាក់ថា គិតមកដល់ពេលនេះ ម៉ាស៊ីនទិញសំបុត្រ មានសរុបទាំងអស់១៥ម៉ាស៊ីនហើយ ដែលបានដាក់ឲ្យដំណើរការ នៅផ្សារទំនើបហេរាថេក វ៉ក ចំនួន៣, នៅគ្រឹះស្ថានអង្គរ ចំនួន៦ និងនៅប៉ាវីអង្គរ ចំនួន៦។
ភ្ញៀវទេសចរដែលចូលទស្សនាតំបន់អង្គរ សម្រាប់រយៈពេល១ថ្ងៃ លែងត្រូវការឈរតម្រង់ជួរទិញសំបុត្រ ដូចមុនទៀតហើយ។
សម្រាប់តម្លៃសំបុត្រ ចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានចែកចេញជា ៣ ប្រភេទ គឺសំបុត្រចូលទស្សនា ១ ថ្ងៃមានតម្លៃ ៣៧ដុល្លារ, រយៈពេល ៣ថ្ងៃតម្លៃ ៦២ ដុល្លារមានសុពលភាព១០ថ្ងៃ និង ៧ថ្ងៃ មានតម្លៃ ៧២ ដុល្លារ មានសុពលភាព៣០ថ្ងៃ។
ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ មានចំនួន ៧៧៤ ២០៣នាក់ កើន២៨.៤៨% និងទទួលបានចំណូល ៣៥ ៩៨៧ ៩៦១ដុល្លារអាមេរិក កើនឡើង២៩.០៧% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៣៕