(ព្រះសីហនុ)៖ លោក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ បានលើកឡើងថា រាជរដ្ឋាភិបាលគ្រប់អាណត្តិ បានខិតខំប្រឹងប្រែងណាស់ដើម្បីទាក់ទាញក្រុមអ្នកវិនិយោគិន មកបណ្តាក់ទុននៅកម្ពុជា ដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ច-សង្គម បង្កើនឱកាសការងារជូនដល់ប្រជាពលរដ្ឋ លើកស្ទួយសេដ្ឋកិច្ចតាមរយៈការបង្កើនជីវភាព។

ជាមួយគ្នានេះ​ លោកសូមស្នើសុំឱ្យវិស័យឯកជនបន្តចូលរួមជាដៃគូរបស់កម្ពុជាក្នុងការជំរុញសេដ្ឋកិច្ច ជាពិសេសអភិវឌ្ឍវិស័យធុរកិច្ចនៅកម្ពុជាឱ្យបានជោគជ័យបន្ថែមទៀត និងជួយឃោសនាផ្សព្វផ្សាយដល់វិនិយោគិនផ្សេងៗទៀត មកវិនិយោគនៅកម្ពុជា។

ការលើកឡើងបែបនេះរបស់លោក ហ៊ុន ម៉ានិត បានធ្វើឡើងក្នុងឱកាសដែលលោកបានអញ្ជើញជាតំណាងសម្ដេចបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្ពោធសមិទ្ធផលរបស់ក្រុម យីៈ ចៀ ធួរីហ្សឹម ឌីវេឡុបមេន ខមភេនី នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។

ពិធីនេះមានការចូលពីសំណាក់នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៉ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាមេបញ្ជាការដ្ឋានអង្គរក្ស, នាយឧត្តមសេនីយ៍សាស្រ្តាចារ្យបណ្ឌិត ណុប រតនា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ, អភិបាលខេត្តព្រះសីហនុ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងថ្នាក់ដឹកនាំក្រុមហ៊ុន ជាច្រើនរូបទៀត។

លោក ហ៊ុន ម៉ានិត បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមលោកផ្ទាល់សូមអរគុណណាស់ចំពោះអ្នកវិនិយោគទាំងអស់ទាំងវិនិយោគិនកម្ពុជា ទាំងវិនិយោគិនមកពីក្រៅប្រទេសចំពោះការសម្រេចចិត្តមកវិនិយោគនៅកម្ពុជា និងចំពោះការទុកចិត្តមកលើកម្ពុជា ដែលបានចូលរួមក្នុងការកាត់បន្ថយភាពក្រីក្រ បានចូលរួមលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ និងកំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសកម្ពុជា។ ដោយឡែកក្រុមហ៊ុន យីៈ ចៀ ធួរីហ្សឹម ឌីវេឡុបមេន ខមភេនី បានចូលមកធ្វើការវិនិយោគនៅកម្ពុជារយៈពេល៣២ឆ្នាំមកហើយ ដោយបានចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច និងបង្កើតឱកាសការងារជាច្រើនជូនប្រជាពលរដ្ឋកម្ពុជា។

លោក ហ៊ុន ម៉ានិត បានបន្ថែមថា រាជរដ្ឋាភិបាល តែងគិតគូរពីសុខុមាលភាពរបស់វិនិយោគិនទាំងអស់ដោយយកចិត្ត ទុកដាក់ស្តាប់ជាប្រចាំនូវបញ្ហាប្រឈមដែលវិនិយោគិនលើកឡើង និងពង្រឹងទំនាក់ទំនងឥតឈប់ ឈរជាមួយវិស័យឯកជន ដើម្បីដោះស្រាយបញ្ហាដែលកើតឡើងថ្មីៗ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ធ្វើយ៉ាងណាឱ្យប្រទេសជាតិប្រែក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់។

លោក ហ៊ុន ម៉ានិត បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំនៅតែវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន យីៈ ចៀ ធួរីហ្សឹម ឌីវេឡុបមេន ខមភេនី ជាពិសេសម្ចាស់ភាគីហ៊ុនទាំអស់ និងអគ្គនាយកក្រុមហ៊ុន ដែលនៅប្រចាំឈរនៅជើងនៅទីនេះ ហើយយើងនៅតែស្វាគមន៍ជានិច្ចចំពោះអ្នកវិនិយោគផ្សេងៗដែលមានបំណងចាប់ដៃជាមួយក្រុមហ៊ុន យីៈ ចៀ»។

លោក ហ៊ុន ម៉ានិត បានបន្តថា ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលបាននឹងកំពុងបង្កើត និងអនុវត្តជាបន្តបន្ទាប់នូវយន្តការដែលផ្តល់មធ្យោបាយងាយស្រួលបំផុតសម្រាប់វិស័យឯកជន ក្នុងការបញ្ចេញមតិ កង្វល់ និងសំណូមពរ។ រាជរដ្ឋាភិបាលនឹងបន្តដាក់ចេញនូវគោលការណ៍ និងប្តេជ្ញាចិត្តដើម្បីធ្វើយ៉ាងណាខិតខំឱ្យអស់លទ្ធភាព ដើម្បីបង្កលក្ខណៈឱ្យវិនិយោគិនក្នុងប្រទេសកម្ពុជាកាន់តែមានភាពប្រកួតប្រជែង និងកាន់តែជោគជ័យបន្តទៅទៀត។ កម្ពុជាបើកទ្វារ ហើយកម្ពុជាដាក់ចេញនូវកម្មវិធី និងគោលនយោបាយបុរេសកម្មដើម្បីទាក់ទាញបន្ថែមទៀត។ ថែរក្សាចាស់ ពង្រីកថ្មី ជាអភិក្រមដោះស្រាយ បញ្ហាទាន់ពេលវេលា និងកែលម្អបន្តទៅទៀតពោលគឺទន្ទឹម នឹងការខិតខំទាក់ទាញវិនិយោគថ្មីមក កម្ពុជារាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ធ្វើសកម្មភាពលើកស្ទួយ និងបង្ករលក្ខណៈឱ្យការវិនិយោគ នៅកម្ពុជាដែលកំពុងដំណើរការមានលទ្ធភាពបន្តជោគជ័យ និងពង្រីកសមត្ថភាពរបស់ខ្លួនបន្តទៀត។

បើតាមលោកអគ្គនាយកក្រុមហ៊ុន យិៈចៀ ធូរីហ្សិម ឌីវេឡុបមេន ខមភេនី បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកបានទទួលសិទ្ធក្នុងការវិនិយោគពីរាជរដ្ឋាភិបាលតាំងពីឆ្នាំ២០០៨ បច្ចុប្បន្នក្រុមហ៊ុនបានធ្វើការអភិវឌ្ឍន៍ តំបន់ទេសចរណ៍ធម្មជាតិជាច្រើនគម្រោង ក្នុងនោះគម្រោងវិនិយោគកោះសំពោចជាគម្រោងមួយក្នុងចំណោមគម្រោងទេសចរណ៍ធម្មជាតិផ្សេងទៀតដ៏មានភាពទាក់ទាញ។ តំបន់ឆ្នេរមាស ឆ្នេរប្រាក់ ជាទីកន្លែងដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមានបំណងចង់មកកម្សាន្តនៅតំបន់ទេសចរណ៍ធម្មជាតិ ដែលមានទេសភាពជាទីមនោរម្យ កន្លែងស្នាក់នៅមានផាសុកភាព និងភាពស្ងប់ស្ងាត់។

លោកក៏បានបង្ហាញនូវជំនឿជឿជាក់មកលើថ្នាក់ដឹកនាំប្រទេសកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃបន្តវេន ចំពោះការផ្តល់ភាពកក់ក្តៅ ទំនុកចិត្ត និងការធានានូវបរិយាកាសដល់អ្នកវិនិយោគិននានាជាដើម៕