(ភ្នំពេញ)៖ លោក ពុត ចន្តារិទ្ឋ អគ្គលេខាធិការ សមាគមឧស្សាហកម្មស៉ីម៉ងត៍កម្ពុជា (CCMA) បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា សមាគមឧស្សាហកម្មស៉ីម៉ងត៍កម្ពុជា (CCMA) បានទៅចូលរួមប្រជុំលើកទី៤៥ និងសន្និសីទលើកទី២២ នៃក្រុមប្រឹក្សាសហព័ន្ធក្រុមហ៊ុនផលិតស៉ីម៉ងត៍អាស៊ាន (AFCM) នៅទីក្រុង Ha Long ប្រទេសវៀតណាម ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ដឹកនាំដោយ លោកស្រី សុផាត តារារតនា អនុប្រធានសមាគមឧស្សាហកម្មស៉ីម៉ងត៍កម្ពុជា (CCMA)។
លោកស្រី Dato Yeoh Soo Keng ប្រធានសហព័ន្ធក្រុមហ៊ុនផលិតស៉ីម៉ងត៍អាស៊ាន (AFCM) មកពីប្រទេសប្រុយណេ បានស្នើសមាគមឧស្សាហកម្មស៉ីម៉ងត៍កម្ពុជា (CCMA) ឱ្យចូលជាសមាជិកនៃសហព័ន្ធក្រុមហ៊ុនផលិតស៉ីម៉ងត៍អាស៊ាន (AFCM)។ អង្គប្រជុំលើកទី៤៥ និងសន្និសីទលើកទី២២ នៃក្រុមប្រឹក្សាសហព័ន្ធក្រុមហ៊ុនផលិតស៉ីម៉ងត៍អាស៊ាន (AFCM) បានបោះឆ្នោតសម្រេចជាឯកច្ឆន្ទ ឲ្យសមាគមឧស្សាហកម្មស៉ីម៉ងត៍កម្ពុជា (CCMA) ចូលជាសមាជិកពេញសិទ្ធិ។
សមាគមឧស្សាហកម្មស៉ីម៉ងត៍កម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ដែលបច្ចុប្បន្នកាលនេះ មានក្រុមហ៊ុនស៉ីម៉ងត៍ប្រាំ ដែលជាសមាជិក និងមានក្រុមហ៊ុនស៉ីម៉ងត៍មួយទៀត កំពុងសាងសង់នៅក្នុងខេត្តកំពង់ស្ពឺ៖
១៖ ក្រុមហ៊ុនកំពតស៉ីមែន ដំណើការនៅក្នុងឆ្នាំសីហា ឆ្នាំ២០០៧ ទំហំវិនិយោគ ប្រមាណ២២០លានដុល្លារ មានច្រវាក់ផលិតកម្មចំនួនពីរខ្សែ ស្មើនឹងបរិមាណផលិតស៉ីម៉ងត៍ចំនួន ៤ លានតោន ក្នុងមួយឆ្នាំ។ បច្ចុប្បន្ន ដំណើរការបានមួយខ្សែច្រវាក់ផលិតកម្មស្មើនឹង ២ លានតោន ក្នុងមួយឆ្នាំ។
២៖ ក្រុមហ៊ុន ជីបម៉ុង អ៉ិនស៉ី ខបភើរេសិន ដំណើការនៅខែវិច្ឆិកា ឆ្នាំ២០១៧ ទំហំវិនិយោគ ប្រមាណ២៦២ លានដុល្លារ មានច្រវាក់ផលិតកម្មចំនួនពីរខ្សែ ស្មើនឹងបរិមាណផលិតស៉ីម៉ងត៍ចំនួន ៤ លានតោន ក្នុងមួយឆ្នាំ។ បច្ចុប្បន្ន ដំណើរការបានមួយខ្សែច្រវាក់ផលិតកម្មស្មើនឹង ២ លានតោនក្នុងមួយឆ្នាំ ។
៣៖ ក្រុមហ៊ុន ស៉ីម៉ងត៍ចក្រីទីង ដំណើការនៅខែកុម្ភៈ ឆ្នាំ២០១៥ ទំហំវិនិយោគ ប្រមាណ១៣២លានដុល្លារ មានច្រវាក់ផលិតកម្មចំនួនមួយខ្សែ ស្មើនឹងបរិមាណផលិតស៉ីម៉ងត៍ចំនួន ១ លានតោនក្នុងមួយឆ្នាំ។
៤៖ ក្រុមហ៊ុន ស៉ីម៉ងត៍ ថៃ ប៊ុន រ៉ុងទំហំវិនិយោគ ប្រមាណ១១០លានដុល្លារ ដំណើការនៅវិច្ឆិកា ឆ្នាំ២០១៩ មានច្រវាក់ផលិតកម្មចំនួនមួយខ្សែ ស្មើនឹងបរិមាណផលិតស៉ីម៉ងត៍ចំនួន ១ លានតោនក្នុងមួយឆ្នាំ។
៥៖ ក្រុមហ៊ុន បាត់ដំបង ខនស៍ ស៉ីមេន ដំណើការនៅខែឧសភា ឆ្នាំ២០១៨ ទំហំវិនិយោគ ប្រមាណ២៣០លានដុល្លារ មានច្រវាក់ផលិតកម្មចំនួនពីរខ្សែ ស្មើនឹងបរិមាណផលិតស៉ីម៉ងត៍ចំនួន ៤ លានតោន ក្នុងមួយឆ្នាំ។ បច្ចុប្បន្ន ដំណើរការបានមួយខ្សែច្រវាក់ផលិតកម្មស្មើនឹង ២ លានតោនក្នុងមួយឆ្នាំ។
នៅចុងឆ្នាំ២០២៥ ក្រុមហ៊ុន ខនស៍ ខេធី ស៉ីមេន នឹងដំណើការ ដែលមានទំហំវិនិយោគ ប្រមាណ២៥០លានដុល្លារ មានច្រវាក់ផលិតកម្មចំនួនពីរខ្សែ ស្មើនឹងបរិមាណផលិតស៉ីម៉ងត៍ ចំនួន៤លានតោន ក្នុងមួយឆ្នាំ នឹងដំណើរការមួយខ្សែច្រវាក់ផលិតកម្មស្មើនឹង ២ លានតោនក្នុងមួយឆ្នាំ នៅក្នុងខេត្តកំពង់ស្ពឺ ។
ក្រុមហ៊ុនទាំង៦ បានដាក់ទុនវិនិយោគសរុបចំនួន ១.២ ពាន់លានដុល្លារអាមេរិក និងមានសក្តានុពលអាចផលិតស៉ីម៉ងត៍ បានរហូតដល់ប្រមាណ ១២ លានតោន ក្នុងមួយឆ្នាំ។
អត្ថប្រយោជន៍សម្រាប់សមាជិកនៃ AFCM គឺដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួល ក្នុងចំណោមក្រុមហ៊ុនផលិតស៉ីម៉ងត៍នៅក្នុងតំបន់អាស៊ាន, ផ្តួចផ្តើមនិងសម្របសម្រួលកម្មវិធី ដែលនឹងពន្លឿនការអភិវឌ្ឍប្រកបដោយសណ្តាប់ធ្នាប់ នៃឧស្សាហកម្មស៉ីម៉ងត៍នៅក្នុងតំបន់អាស៊ាន និងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាង និងក្នុងចំណោមសហគមន៍អាជីវកម្ម ផលិតស៉ីម៉ងត៍ ក្នុងប្រទេសជាសមាជិក និងជាមួយអង្គការ ក្នុងតំបន់ និងអន្តរជាតិផ្សេងទៀត ដែលមានគោលបំណងផ្សេងគ្នា និងគោលបំណង ស្រដៀងគ្នា។
សហព័ន្ធក្រុមហ៊ុនផលិតស៉ីម៉ងត៍អាស៊ាន (AFCM) មានសមាជិកចំនួនប្រាំបី រួមមាន៖ Butra Heidelberg Sdn Bhd, សមាគមស៉ីម៉ងត៍ឥណ្ឌូនេស៉ី (ICA), សមាគមស៉ីម៉ងត៍ និង បេតុង នៃប្រទេសម៉ាឡេស៉ី (C&CA), សមាគមក្រុមហ៊ុនផលិតស៉ីម៉ងត៍ហ្វីលីពីន (Inc. CeMAP), សមាគម ស៉ីម៉ងត៍ និងបេតុងនៃប្រទេសសិង្ហបុរី(CNCAS), ក្រុមហ៊ុនផលិតស៉ីម៉ងត៍ថៃ(TCMA), សមាគមស៉ីម៉ងត៍ជាតិវៀតណាម(VNCA) និង សមាគមរោងចក្រស៉ីម៉ងត៍កម្ពុជា (CCMA) ។
សហព័ន្ធក្រុមហ៊ុនផលិតស៉ីម៉ងត៍អាស៊ាន (AFCM) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៧ ដោយមានគោលបំណងជំរុញឲ្យមានភាពស៉ីច្រវាក់គ្នា ក្នុងចំណោមការផលិតស៉ីម៉ងត៍ក្នុងប្រទេសសមាជិកអាស៊ានលើ វិស័យអភិវឌ្ឍអាជីវកម្មបច្ចេកទេស កិច្ចសហប្រតិបត្តិការ និងការលើកកម្ពស់ប្រជាជាតិកាន់តែជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការរវាងសហគមន៍ផលិតស៉ីម៉ងត៍ក្នុងអាស៊ាន និងជាមួយអង្គកាក្នុងតំបន់ និងអន្តរជាតិផ្សេងទៀត។ នេះគឺជាគោលបំណងរួម ដើម្បីជំរុញកំណើននិងវឌ្ឍនភាពក្នុងឧស្សាហកម្មស៉ីម៉ងត៍អាស៊ាន។
ប្រទេសជាសមាជិករបស់សហព័ន្ធក្រុមហ៊ុនផលិតស៉ីម៉ងត៍អាស៊ាន (AFCM) រួមមាន ប្រ៊ុយណេ ដារូសាឡឹម ឥណ្ឌូនេស៉ី ម៉ាឡេស៉ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម និង កម្ពុជា។ បច្ចុប្បន្ននេះ ប្រទេសប្រ៊ុយណេ កាន់តំណែងជាប្រធាន AFCM ដោយប្រទេសជាសមាជិកបានប្តូរវេនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំប្រចាំឆ្នាំ។
នេះជាសមិទ្ឋផលមួយដែលបានសារសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានធ្វើឲ្យប្រទេសក្នុងអាស៊ានទទួលស្គាល់នូវភាពដ៏ឆ្លាតឈ្លៀសវៃ និងប៉ិប្រសប់ ក្នុងការដឹកនាំរាជរដ្ឋាភិបាលកម្ពុជាយើង៕