(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីណែនាំដោយហាមមន្ដ្រីនគរបាលជាតិ ដែលត្រូវបានតែងតាំងមុខងារនយោបាយ ស្លៀកឯកសណ្ឋាននគរបាលជាតិ សម្រាប់បំពេញការងារប្រចាំថ្ងៃ និងចូលរួមកិច្ចប្រជុំនានា។

ក្នុងសេចក្ដីណែនាំដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ ឧបនាយករដ្ឋមន្ដ្រី ស សុខា បានបញ្ជាក់ថា ក្នុងករណីអាចស្លៀកឯកសណ្ឋានបាន នៅពេលមានការចាត់តាំងឲ្យចូលរួម ក្នុងពិធីបុណ្យជាតិ ពិធីថ្ងៃខួបកំណើតនគរបាលជាតិ សន្និបាតក្រសួង ឬពិធីផ្លូវការណាមួយ ដែលតម្រូវឲ្យស្លៀកពាក់ ឯកសណ្ឋាននគរបាលជាតិតែប៉ុណ្ណោះ។

ឧបនាយករដ្ឋមន្ដ្រី ស សុខា បានអះអាងថា ក្រសួងមហាផ្ទៃបានកត់សម្គាល់ឃើញថា មន្ត្រីនគរបាលជាតិបម្រើការងារតាមបណ្តានាយកដ្ឋាន អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី ខេត្តបានស្លៀកពាក់ឯកសណ្ឋាន នគរបាលជាតិក្នុងពេលបំពេញការងារ បានត្រឹមត្រូវស្របតាមគោលការណ៍ណែនាំ និងលិខិតបទដ្ឋានដែលបានកំណត់។ ទន្ទឹមនឹងនេះ ក្រសួងមហាផ្ទៃក៏បានសង្កេតឃើញថា កន្លងមកមានថ្នាក់ដឹកនាំមួយចំនួនតូច ដែលស្ថិតនៅក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ហើយត្រូវបានតែងតាំងជាមុខងារនយោបាយ និងបានដាក់ឲ្យស្ថិតនៅក្រៅក្របខ័ណ្ឌដើម បានស្លៀកពាក់ឯកសណ្ឋាននគរបាលជាតិ សម្រាប់បំពេញការងារប្រចាំថ្ងៃ និងចូលរួមកិច្ចប្រជុំនានា។

ក្នុងន័យនេះ ដើម្បីធានាឲ្យការប្រើឯកសណ្ឋាននគរបាលជាតិបានត្រឹមត្រូវ ស្របតាមគោលការណ៍កំណត់ ក្រសួងមហាផ្ទៃ សូមធ្វើការណែនាំដល់ថ្នាក់ដឹកនាំ ដែលស្ថិតនៅក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ហើយត្រូវបានតែងតាំងជាមុខងារនយោបាយ ដូចខាងក្រោម៖

*ទី១៖ មិនអនុញ្ញាតឲ្យស្លៀកពាក់ឯកសណ្ឋាននគរបាលជាតិ សម្រាប់បំពេញការងារប្រចាំថ្ងៃ និងចូលរួមកិច្ចប្រជុំនានា
*ទី២៖ អនុញ្ញាតឲ្យស្លៀកពាក់ឯកសណ្ឋានគរបាលជាតិ ក្នុងករណីមានការចាត់តាំងឲ្យចូលរួមក្នុងពិធីបុណ្យជាតិ ពិធីថ្ងៃខួបកំណើតនគរបាលជាតិ សន្និបាតក្រសួង ឬពិធីផ្លូវការណាមួយ ដែលតម្រូវឲ្យស្លៀកពាក់ ឯកសណ្ឋាននគរបាលជាតិតែប៉ុណ្ណោះ៕