(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ បានណែនាំដល់រដ្ឋបាលព្រៃឈេីត្រូវពង្រឹងការងារ និងចូលរួមទប់ស្កាត់ការទន្ទ្រានដីព្រៃឈេី ប្រកបដោយប្រសិទ្ធភាព។

ការណែនាំរបស់លោកនេះ បានធ្វើឡើងនាឱកាសដែលលោក បានអញ្ជេីញចូលរួមពិធីបេីកកិច្ចប្រជុំបូកសរុបការងារព្រៃឈេីប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានសម្តែងនូវក្តីសោមនស្សរីករាយ និងមានកត្តិយសក្នុងការចូលរួមពិធីនាថ្ងៃនេះ ដែលមានសារៈសំខាន់សម្រាប់ការអនុវត្តការងារវិស័យព្រៃឈេីឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព។

លេីសពីនេះ លោករដ្ឋមន្រ្តី បានណែនាំដល់រដ្ឋបាលព្រៃឈេីត្រូវពង្រឹងការងារឱ្យកាន់តែប្រសេីរថែមទៀត មានភាពច្បាស់លាស់ ធ្វេីការតាមរយៈខ្សែបណ្តោយសហការជាមួយអជ្ញាធរខេត្ត និងមន្ទីរកសិកម្មរាជធានី-ខេត្ត អនុវត្តការងារឱ្យមានភាពសកម្ម និងចំគោលដៅ។

នៅចំពោះមុខអង្គពិធី, លោក ឌិត ទីណា បានផ្តល់អនុសាសន៍ដល់អង្គប្រជុំត្រូវផ្តោតសំខាន់ទៅលេីប្រព័ន្ធហរិញ្ញវត្ថុសាធារណៈ ដោយគិតគូរពិនិត្យរួមគ្នាអំពីផែនការថវិកា ផែនការសមិទ្ធកម្ម និងសមិទ្ធផលនានាដែលសម្រេចបាន បញ្ហាប្រឈមនានា និងសូចនាកររំពឹងទុកដែលជាពិសោធន៍ពីឆ្នាំចាស់ សម្រាប់ឆ្នាំថ្មីខាងមុខនេះប្រកបដោយប្រសិទ្ធភាព និងមានមូលដ្ឋានច្បាស់លាស់។

ឆ្លៀតក្នុងឱកាសនេះដែរ លោកបានថ្លែងបញ្ជាក់អំពីគោលយោបាយអាទិភាពក្នុងវិស័យកសិកម្មក្នុងការធានាឱ្យបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ធ្វេីយ៉ាងណាឱ្យប្រជាពលរដ្ឋ មានហូប មានប្រេី មានបាន និងមានរហូត ដែលរដ្ឋបាលព្រៃឈេីត្រូវស្វែងយល់ពីដំណាក់កាលនីមួយៗឱ្យបានសុីជម្រៅ និងគិតគូរស្របតាមគោលនយោបាយ មានតម្លៃបន្ថែមខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមាននិរន្តរភាពសម្រាប់វិស័យព្រៃឈេី និងសត្វព្រៃ។

ពាក់ព័ន្ធនឹងការអនុវត្តការងារ លោក ក៏បានលេីកទឹកចិត្តដល់អង្គប្រជុំបន្តជំរុញការងារសហគមន៍ព្រៃឈេីទំនេីប ដែលមានលក្ខខណ្ឌជាក់លាក់ មានភាពម្ចាស់ការពិតប្រាកដ និងមានចំណូលពីផលព្រៃឈេី និងកសិ-រុក្ខកម្ម ការផ្សាភ្ជាប់ការអភិរក្សនិងការអភិវឌ្ឍនូវធនធានព្រៃឈេីនិងសត្វព្រៃ និងចូលរួមទប់ស្កាត់ការទន្ទ្រានដីព្រៃឈេី ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ៕