(ភ្នំពេញ)៖ រដ្ឋាភិបាលអូស្ត្រាលី បានផ្ដល់អាហារូបករណ៍ចំនួន៦២កន្លែង ដល់ប្រជាជនខ្មែរ ឱ្យបានទៅសិក្សានៅប្រទេសអូស្ត្រាលី សម្រាប់ឆ្នាំ២០២៥ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅកម្ពុជា និងធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសអូស្ត្រាលី និងកម្ពុជា កាន់តែស៊ីជម្រៅបន្ថែមទៀត។

នេះបើតាមការបញ្ជាក់របស់ លោក ដឺរិក យីប (Derek Yip) ឯកអគ្គរដ្ឋទូតថ្មីរបស់អូស្រ្តាលីប្រចាំនៅកម្ពុជា នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងកម្មវិធី «ខួប៣០ឆ្នាំនៃអាហារូបករណ៍អូស្រ្តាលី» នៅកម្ពុជា។ ក្នុងកម្មវិធីនេះ មានការចូលរួមពីអគ្គរាជទូតអូស្ត្រាលីលោក Derek Yip លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងអតីតសិស្សនិស្សិតអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលី ជាច្រើននាក់ផងដែរ។

លោក ដឺរិក យីប បានលើកឡើងថា ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ចំនួនស្ត្រីដែលទទួលបានអាហារូបករណ៍អូស្ត្រាលីបានកើនឡើង ជាង៦០% ហើយកម្មវិធីនេះ ក៏បានជួយដល់ជនដែលមានពិការភាពនៅកម្ពុជាមួយចំនួន ឱ្យបន្តក្តីស្រម៉ៃរបស់ពួកគេ ជាពិសេស ជនជាតិដើមភាគតិចដំបូងគេបង្អស់ពីប្រទេសកម្ពុជា នឹងធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលី ក្នុងពេលឆាប់ៗខាងមុខនេះ។ លោកបានបន្ដថា សម្រាប់កម្មវិធីសមធម៌មិនមែនផ្ដោតទៅលើតែស្ត្រីនោះទេ ហើយក៏ផ្ដោតទៅលើជនដែលមានពីការភាពដូចជា៖ បងប្អូនជនជាតិភាគតិច ឬក៏បងប្អូនដែលនៅតាមជនបទ ជាពិសេស គឺដើម្បីឱ្យគាត់បានសិក្សាភាសាបន្ថែម និងអាចចូលរួមនៅក្នុងកម្មវិធីប្រកួតប្រជែងរបស់យើង។

បន្ថែមពីនេះ ឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា អាហារូបករណ៍អូស្ត្រាលី គឺជាអាហារូបករណ៍អន្តរជាតិដ៏មានកិត្យានុភាព ដែល រដ្ឋាភិបាលអូស្ត្រាលី ផ្ត ល់ជូន យុវជនជំនាន់ក្រោយ ដែលនឹងក្លាយខ្លួនជាថ្នាក់ដឹកនាំសាកល ក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ តាមរយៈការសិក្សា និងស្រាវជ្រាវ និស្សិតអាហារូបករណ៍ អាចអភិវឌ្ឍជំនាញ និងចំណេះដឹង ដើម្បី ជំរុញឱ្យមានការផ្លាស់ប្តូរ និងជួយកសាងទំនាក់ទំនងឋិតថេរយូរអង្វែង រវាងប្រជាជនកម្ពុជា និង ប្រជាជនអូស្ត្រាលី។

សូមជម្រាបដែរថា រដ្ឋាភិបាលអូស្ត្រាលី ចាប់ផ្តើមផ្តល់អាហារូបករណ៍ដល់ប្រជាជនកម្ពុជានៅក្នុង អំឡុងទសវត្សរ៍ឆ្នាំ៥០ តាមរយៈកម្មវិធីកូឡុំបូភ្លែន។ កម្មវិធីអាហារូបករណ៍ ក៏បានចាប់ផ្តើមឡើងវិញ ក្នុងឆ្នាំ១៩៩៤ ដោយ មានឈ្មោះថា អាហារូបករណ៍អូស្ត្រាលីសំរាប់ការអភិវឌ្ឍ (ADS)។ បន្ទាប់មក កម្មវិធីអាហារូបករណ៍អូ ស្ត្រាលី ប្រចាំនៅកម្ពុជា (AAC) បានបន្តកេរដំណែលនេះ រហូតមកដល់ពេលបច្ចុប្បន្ន តាមរយៈការផ្ត ល់ឱកាសដល់ប្រជាជនកម្ពុជា ដើម្បីឱ្យពួកគេទទួលបាន គុណវុឌ្ឍសិក្សា កម្រិតបរិញ្ញាប័ត្រជាន់ខ្ពស់ (ទាំងតាមវគ្គសិក្សា ឬ ស្រាវជ្រាវ) ឬ កម្រិតបណ្ឌិត នៅតាមគ្រឹះស្ថានឧត្តមសិក្សានានា ក្នុងប្រទេសអូស្ត្រាលី៕