(ព្រះសីហនុ)៖ លោក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ បានរម្លឹកពីគោលជំហររបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលគាត់បានលើកជារើយៗ «យើងធ្វើយ៉ាងម៉េចដើម្បីរៀបចំខេត្តព្រះសីហនុមួយ ឱ្យក្លាយជាខេត្តគំរូ មិនថាហេដ្ឋារចនាសម្ព័ន្ធនោះទេ ប៉ុន្តែ ការងារគ្រប់គ្រងទូទៅជាពិសេសសម្អាតរឿងអវិជ្ជមាន ដែលគេកំពុងតែវាយប្រហារ មកលើប្រទេសកម្ពុជា ជាបន្តបន្ទាប់»។
ការរម្លឹកប្រសាសន៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត របស់លោក ហ៊ុន ម៉ានិត បានធ្វើឡើងក្នុងឱកាសលោកអញ្ជើញជាតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ពោធជាផ្លូវការនូវសមិទ្ធផលថ្មីៗ របស់ក្រុមហ៊ុន យិះចៀ ធួរីហ្សឹម ឌីវេឡុបមែន ខមភេនី នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ នៅខេត្តព្រះសីហនុ។
លោក ហ៊ុន ម៉ានិត បានបន្តថា ដើម្បីឱ្យគោលបំណងរបស់រាជរដ្ឋាភិបាល ដំណើរទៅបានជោគជ័យ ការអភិវឌ្ឍនៅខេត្តព្រះសីហនុ កាន់តែលឿន ការវិនិយោគហូរចូល កាន់តែច្រើន ឬភ្ញៀវទេសចរកាន់តែច្រើន កត្តាចម្បង គឺសន្តិសុខនៅក្នុងខេត្ត ដូច្នេះ សូមអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់បន្តយកចិត្តទុកដាក់ បង្កើនពង្រឹងការងារផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សង្គម។
លោក ហ៊ុន ម៉ានិត បានថ្លែងយ៉ាងដូច្នេះថា៖ «នៅទីនេះខ្ញុំនៅតែរម្លឹកពីគោលជំហររបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលគាត់បានលើកជារើយៗ យើងធ្វើយ៉ាងម៉េចដើម្បីរៀបចំខេត្តព្រះសីហនុមួយ ឱ្យក្លាយជាខេត្តគំរូ មិនថាហេដ្ឋារចនាសម្ព័ន្ធនោះទេ ប៉ុន្តែ ការងារគ្រប់គ្រងទូទៅជាពិសេសសម្អាតរឿងអវិជ្ជមាន ដែលគេកំពុងតែវាយប្រហារ មកលើប្រទេសកម្ពុជា ជាបន្តបន្ទាប់ ទាំងក្នុងស្រុក និងក្រៅស្រុក»។
ត្រង់ចំណុចនេះ ត្រូវបានលោក ហ៊ុន ម៉ានិត បានលើកឡើងថា ប្រសិនបើមិនជំរុញការកាត់បន្ថយបញ្ហាសន្តិសុខនោះទេ នោះលទ្ធភាពការទាក់ទាញភ្ញៀវទេសចរនៅមានកម្រិត ការទាក់ទាញក្រុមអ្នកវិនិយោគនៅក្នុងខេត្តក៏នៅមានកម្រិតនោះដែរ។ ហើយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានប្រកាសយ៉ាងច្បាស់ថា ត្រូវធ្វើយ៉ាងម៉េចរៀបចំខេត្តព្រះសីហនុ ធ្វើជាខេត្តគំរូពហុបំណង ដែលជាប៉ូលសេដ្ឋកិច្ចពិសេស សំខាន់របស់ប្រទេសកម្ពុជា។
លោក ហ៊ុន ម៉ានិត បានបន្ថែមថា សូមចូលរួមអនុវត្តន៍ដោយស្មោះត្រង់គោលនយោបាយ ស្មោះត្រង់ក្នុងការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្ត្រី ជាពិសេសអនុវត្តន៍គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។ ដូច្នេះ សូមស្នើសុំឱ្យរួមគ្នា ដោយការទទួលខុសត្រូវទាំងអស់គ្នា លើជោគវាសនាអនាគតរបស់ប្រទេសកម្ពុជា។
ជាមួយគ្នានេះដែរ លោក ហ៊ុន ម៉ានិត បានបញ្ជាក់ថា៖ «អាជ្ញាធរមិនត្រូវបំពេញភារកិច្ចដោយឈរនៅតែភាគីម្ខាងនោះទេ តែត្រូវដោះស្រាយបញ្ហាដោយតម្លាភាព មានភាពច្បាស់លាស់ ស គឺស ខ្មៅ គឺខ្មៅ កុំឱ្យគិតគូររឿងផងប្រយោជន៍បុគ្គល យើងគិតគូរពីផលប្រយោជន៍រួម បានន័យថា បើសិនជាការវិនិយោគក្រុមហ៊ុនបានជោគជ័យ ផលប្រយោជន៍រួម គឺយើងទទួលបានផលប្រយោជន៍ផ្ទាល់តែម្តង មានន័យថាក្រុមហ៊ុននឹងដំណើរការ បុគ្គលិកដែលជាប្រជាជនខ្មែរនឹងរកការងារធ្វើបានកាន់តែច្រើន ចំណូលក្រុមហ៊ុនកាន់តែកើន បង់ពន្ធចូលរដ្ឋកាន់តែច្រើន»។
លោក ហ៊ុន ម៉ានិត បានបន្តថា ភាគជោគជ័យរបស់ក្រុមហ៊ុន ដែលគេធ្វើច្បាស់លាស់គឺនឹងទាក់ទាញក្រុមហ៊ុនផ្សេងៗទៀតចូលមកប្រទេសកម្ពុជា ទោះជានៅខេត្តព្រះសីហនុ ឬខេត្តផ្សេងៗ ប៉ុន្តេ ប្រវត្តិជោគជ័យរបស់ក្រុមហ៊ុននីមួយៗនៅកម្ពុជា មិនថាមកពីប្រទេសណានោះទេ វានឹងបង្ហាញឱ្យអ្នកវិនិយោគដទៃទៀតពិចារណា ដើម្បីមកបណ្តាក់ទុននៅកម្ពុជា។ ដូច្នេះសូមអាជ្ញាធរគម្បីយកចិត្តទុកដាក់ដោះស្រាយបញ្ហានានាដែលបានកើតឡើងនៅតាមតំបន់អភិវឌ្ឍន៍ពាក់ព័ន្ធនឹងបញ្ហាដីធ្លី។
លោកបានគូសបញ្ជាក់ថា ខេត្តព្រះសីហនុ គឺជាប៉ូសេដ្ឋកិច្ចសំខាន់ខ្លាំងណាស់ សម្រាប់ប្រទេសកម្ពុជា ដែលត្រូវការចាំបាច់ជំរុញឱ្យខេត្តមួយនេះមានការរីកចម្រើន ជំរុញខេត្តមួយនេះឱ្យមានភាពស្អាតស្អំ ជំរុញឱ្យខេត្តមួយនេះបង្កើនសក្តានុពលអាចទាញទេសចរណ៍កើនឡើងបន្ថែមទៀត។ ក្រៅពីប៉ូសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ ខេត្តព្រះសីហនុ ក៏ជាមូលដ្ឋាននៃការប្រកួតប្រជែងរបស់មហាអំណាច ជាមូលដ្ឋានប្រកួតប្រជែងនយោបាយអន្តរជាតិ ដែលធ្វើឱ្យកម្ពុជាតែងតែរងសម្ពាធជាបន្តបន្ទាប់ពីមហាអំណាច៕