(ភ្នំពេញ)៖ ក្រុមហ៊ុនជីបម៉ុង បានផ្តល់ SAMSUNG TABLET GALAXY A9 PLUS ចំនួន ២,២៣០គ្រឿង ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីចែកជូនសិស្សនិទ្ទេស A។

ពិធីប្រគល់ និងទទួល Samsung Teblet ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃ​ទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ នាវិមានសន្តិភាព។ ពិធីប្រគល់ និងទទួល​Samsung Teblet បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក សេង ទៀង នាយករងខុទ្ទកាល័យសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនជីបម៉ុង ព្រមទាំងលោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីខុទ្ទកាល័យសម្ដេចធិបតីនាយករដ្ឋមន្ត្រី និងបុគ្គលិករបស់ក្រុមហ៊ុន ជីប ម៉ុង ជាច្រើនរូបទៀត។

អ្នកឧកញ៉ា លាង ឃុន តាងនាមថ្នាក់ដឹកនាំក្រុមហ៊ុនជីបម៉ុង បានបង្ហាញក្ដី​សោមនស្ស​រីករាយ និងប្រកបដោយកិត្តិយសបំផុត ចំពោះការទទួលបាន​ឱកាស​អនុញ្ញាតពីប្រមុខរាជ​រដ្ឋាភិបាលកម្ពុជា ឱ្យក្រុមហ៊ុនជីបម៉ុង ចូលរួម​ចំណែក​លើកម្ពស់វិស័យអប់រំ និងអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា។ ជាក់ស្ដែងថ្ងៃនេះ ក្រុមហ៊ុនជីបម៉ុង បាននាំយក TABLET GALAXY A9 PLUS ម៉ាក SAMSUNG ចំនួន ២,២៣០គ្រឿង ប្រគល់ជូន សម្ដេច​មហាបវរធិបតីនាយករដ្ឋមន្ត្រី សម្រាប់ឧបត្ថម្ភ និងលើកទឹកចិត្តជូន​សិស្សា​នុសិស្ស ដែលបានខិតខំប្រឹងប្រែងរៀនសូត្ររហូតប្រឡង​ជាប់មធ្យមសិក្សា​ទុតិយភូមិនិទ្ទេស A ក្នុងឆ្នាំសិក្សា ២០២៣-២០២៤នេះ។

អ្នកឧកញ៉ា លាង ឃុន បានថ្លែងទៀតថា ការចូលរួមឧបត្ថម្ភរបស់ ក្រុមហ៊ុន​ជីប​ម៉ុងទាំងកន្លងមក និងក្នុងឱកាសនេះ គឺដើម្បីលើកទឹកចិត្តដល់សិស្សានុ​សិស្ស​ឱ្យខិត​ខំប្រឹងប្រែងក្នុងការរៀនសូត្រឱ្យទទួលបានលទ្ធផលគួរ​ជាទី​គាប់​ប្រសើរ និង ជាពិសេសក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាល​ក្នុងការអភិវឌ្ឍធនធានមនុស្ស ដែលជាធនធានដ៏មានតម្លៃសម្រាប់ការចូល​រួមអភិវឌ្ឍន៍ប្រទេសជាតិ។

អ្នកឧកញ៉ា លាង ឃុន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក សេង ទៀង ដែលបានផ្ដល់កិត្តិយសអញ្ជើញជាអធិបតីក្នុង​ពិធី​ប្រគល់ និងទទួលនៅក្នុងឱកាសនេះ។ ជាពិសេសផ្ដល់កិត្តិយលយ៉ាងធំធេង​ដល់ក្រុមហ៊ុនជីបម៉ុង ដើម្បីរួមចំណែកដល់កិច្ចការសង្គម លើក​កម្ពស់​វិស័យ​អប់រំនៅកម្ពុជា ក៏ដូចជាការលើកទឹកចិត្តយុវជនខ្មែរឱ្យបន្តខិតខំរៀន​សូត្រ​ឱ្យ​ក្លាយជាទំពាំងស្នងឬស្សី ជាធនធានប្រកបដោយសក្ដានុពលរបស់ជាតិ។

លោក សេង ទៀង នាយករងខុទ្ទកាល័យ សម្ដេចមហាបវរធិបតីនាយក​រដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមហ៊ុនជីបម៉ុង ដែលតែងតែជួ​យ​ឧប​ត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាលជារៀងរហូតមក។

លោក សេង ទៀង បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជានីតិកាល​កន្លង​មក ក្នុងពេលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយ សម្ដេចមហាបវរធិបតី​នាយក​រដ្ឋមន្ត្រី តែងតែចាត់ទុកវិស័យអប់រំជាវិស័យអាទិភាព ដោយបានខិត​ខំស្ដារ និងអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធក្នុងវិស័យអប់រំតាំង​ពីគ្មានអ្វីទាល់តែ​សោះ រហូតដល់មានសាលារៀនគ្រាប់គ្រាន់ទូទាំងប្រទេស និងអភិវឌ្ឍន៍ធន​ធាន​គ្រូ​បង្រៀន​ដោយបានដាក់ពង្រាយទៅដល់មូលដ្ឋានរបស់ប្រជាពលរដ្ឋ ធ្វើឱ្យយុវជន មានលទ្ធភាពគ្រាប់គ្រាន់ក្នុងការសិក្សារៀនសូត្រ​សម្រាប់​អភិវឌ្ឍ​ន៍​ចំណេះដឹង។ បន្ថែមពីលើនោះ សម្ដេចតេជោ ហ៊ុន សែន បានយក​ចិត្ត​ទុកដាក់ចំពោះសិស្សានុសិស្សដែលរៀនពូកែប្រឡងជាប់និទ្ទេស A ដោយ​បានឧបត្ថម្ភជាសម្ភារៈសិក្សា ថវិកា សៀវភៅអប់រំ វត្ថុអានុស្សាវរីយ៍ និងថេបប្លែត ដល់សិស្សានុសិស្សទាំងនោះឱ្យបន្តខិតខំរៀន​សូត្របន្ថែម​ទៀត។

រហូតមកដល់រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយ សម្ដេចធិបតី​នាយក​​រដ្ឋ​មន្ត្រី ក៏នៅតែបន្តផ្ដល់អាទិភាពលើវិស័យអប់រំ និងបន្តលើកទឹក​ចិត្ត​ដល់​សិស្សានុសសិស្សដែលប្រឡងជាប់ និទ្ទេស A ផងដែរ។ ការលើក​ទឹកចិត្តនេះ គឺធ្វើតាំងពីដំបូងដែលមានសិស្សជាប់និទ្ទេស A មានត្រឹមតែ ៤នាក់​ប៉ុណ្ណោះ រហូតដល់ឆ្នាំ២០២៤នេះ មានសិស្សជាប់និទ្ទេស A ចំនួន​ជាង ២ពាន់នាក់។ ការសម្រេចបន្តផ្ដល់ការលើកទឹកចិត្តនូវសម្ភារៈជា Tablet នេះ គឺជាការគិតគូររបស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដើម្បីផ្ដល់លទ្ធភាពដល់សិស្សានុសិស្សសម្រាប់ការសិក្សាស្រាវជ្រាវឱ្យស្របទៅនឹងការវិវត្តន៍បច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ន។

ជំនួសមុខសម្ដេចធិបតីនាយករដ្ឋមន្ត្រី, លោក សេង ទៀង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់អ្នកឧកញ៉ា លាង ឃុន ក៏ដូចជាក្រុមហ៊ុនជីបម៉ុង ដែលបានយកចិត្តទុកដាក់ និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងគ្រប់ទិដ្ឋភាពទាំងអស់ ពិសេសគាំទ្រ និងលើកកម្ពស់លើវិស័យអប់រំនៅថ្ងៃនេះ ដោយបានប្រគល់នូវ Tablet ចំនួន ២២៣០គ្រឿង សម្រាប់ឧបត្ថម្ភជូនសិស្សានុសិស្សនិទ្ទេស A ទូទាំងប្រទេសក្នុងឆ្នាំ២០២៤នេះ៕