(ភ្នំពេញ)៖ លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោកបណ្ឌិត ម៉ី កល្យាណ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន (CJBI), និងមហាឧបាសក​ពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ប្រធានសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញសម្ពោធជាផ្លូវការសៀវភៅ «មាគ៌ាជីវិត» ជាស្នាដៃនិពន្ធដោយ លោក អ៊ីណាម៉ូរី កាហ៊្សូអូ ជាអ្នកស្រាវជ្រាវវិទ្យាសាស្ត្រ និងជាអ្នកជំនួញជនជាតិជប៉ុន ដែលបានធ្វើឡើងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។

មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានមោទកភាពយ៉ាងក្រៃលែងដោយទទួលបានសិទ្ធិអនុញ្ញាតបកប្រែសម្រួលសៀវភៅដែលមានចំណងជើងដើម Ikikata (ជាភាសាជប៉ុន) ឬ មាគ៌ាជីវិត (ជាភាសាខ្មែរ) ទៅជាភាសាខ្មែរ និងការបោះពុម្ពផ្សាយសៀវភៅជា ភាសាខ្មែរ។

ចាប់តាំងពីការចេញផ្សាយលើកទី១ ជាភាសាជប៉ុន នៅក្នុងឆ្នាំ២០០៤ រហូតមកដល់បច្ចុប្បន្ន សៀវភៅនេះត្រូវបានលក់អស់ចំនួនប្រមាណប្រាំពីរលានប្រាំមួយសែនបីម៉ឺនក្បាលនៅទូទាំងពិភពលោក (ក្នុងនោះមួយលានប្រាំសែនក្បាលបានលក់ក្នុងប្រទេសជប៉ុន) ព្រមទាំងត្រូវបានបកប្រែជាភាសាបរទេសផ្សេងទៀតចំនួនដប់ប្រាំបួនភាសា។ សៀវភៅ «មាគ៌ាជីវិត» គឺជាស្នាដៃ និងជាមគ្គទេសក៍​ដ៏សំខាន់​មួយក្នុងការលើកស្ទួយស្មារតីសម្រាប់ការដឹកនាំតម្រង់ទិសជីវិតបុគ្គល គ្រួសារ ស្ថាប័ន និងសង្គម ដែលបាននិងកំពុងជួបប្រទះនាពេលសព្វថ្ងៃ ។

សូមជម្រាបថាគោលសំខាន់ៗ ក្នុងសៀវភៅ មាគ៌ាជីវិតនេះត្រូវបានរៀបរៀងឡើងក្នុងគោលបំណងឆ្លុះបញ្ចាំងអំពី៖

១៖ អត្ថន័យនៃការរស់រានមានជីវិត ឬគោលបំណងនៃជីវិតរស់នៅក្នុងនាមជាមនុស្សជាតិ ដែលត្រូវជួប ប្រទះទាំងសេចក្តីសុខ និងសេចក្តីទុក្ខ ឬសំណាងល្អ និងសំណាងអាក្រក់ ពឹងផ្អែកចំបងលើភាពសុទិដ្ឋិនិយម ច្បាប់នៃការស្រូបទាញ ច្បាប់កម្មផល ការតាំងចិត្តដ៏មុតស្រួចក្នុងការសម្រេចគោលដៅ ដោយឃ្មាតខ្មីធ្វើការយ៉ាងស្វិតស្វាញឥតខ្លាចនឿយហត់ (ខន្តី) ការគិតគូរដល់ប្រយោជន៍អ្នកដទៃ (បរទត្ថភាព) និងការរស់ក្នុងគ្រាបច្ចុប្បន្នឱ្យបានល្អត្រឹមត្រូវពេញលេញ។

២៖ ឥទ្ធិពលដ៏អស្ចារ្យនៃ «ការគិត» ដែលអាចបង្កើតលទ្ធផលនៃជីវិតរស់នៅ និងការងារ បានជាផល វិជ្ជមាន ឬអវិជ្ជមាន តាមរយៈផលគុណរវាង ការគិត x ការខិតខំប្រឹងប្រែង x សមត្ថភាព ហើយដែលក្នុងនោះ «ការគិត» គឺជាកត្តាសំខាន់បំផុតតែមួយគត់ដែលអាចមានតម្លៃវិជ្ជមាន ឬអវិជ្ជមាន៕