(ពោធិ៍សាត់)៖ ពិតជាមោទកភាពណាស់ សម្រាប់អ្នកខេត្តពោធិ៍សាត់ ជាពិសេសប្រជាពលរដ្ឋក្នុងខេត្តទាំងមូល, គម្រោងចំនួន៣ ក្នុងនោះមានគម្រោងក្បាលហុងពោធិ៍សាត់ និងគម្រោងស្តារស្ទឹងស្វាយអាត់ (IWRM), គម្រោងអូរតាប៉ោង តាណៃ (AIIB) និងគម្រោងសាងសង់ទំនប់លេខ២ ដែលជាគម្រោងរាជរដ្ឋាភិបាលកម្ពុជា ត្រៀមនឹងចាប់ដំណើរការសាងសង់ នៅដើមឆ្នាំ២០២៥ខាងមុខ។

ជាក់ស្តែងនាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំគណៈប្រតិភូដៃគូរអភិវឌ្ឍន៍ រួមមានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ចុះបង្ហាញពីលទ្ធផលនៃការសិក្សាគម្រោង ព្រមទាំងបន្តពិនិត្យទីតាំងជាក់ស្តែង ដោយបានការចូលរួមពី លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា គម្រោងនេះយើងបានចាប់ផ្ដើមកសាង ក្រោយពេលដែលធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) បានធ្វើការជាមួយគ្នា និងបានទទួលការអនុញ្ញាត ពីលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងបានកិច្ចសហការជាមួយលោកអភិបាលខេត្តពោធិ៍សាត់ ដោយមកដល់ពេលនេះឯកសារគម្រោងទាំងអស់ បានកសាងចប់រួចរាល់អស់ហើយ។

លោកបានបញ្ជាក់ថា បេសកកម្មរបស់លោកបណ្ឌិត រ៉ា យ៉េស មកកាន់ខេត្តពោធិ៍សាត់នាពេលនេះ គឺដើម្បីមកផ្ទៀងផ្ទាត់ និងពិនិត្យលើឯកសារ ដែលបានរៀបចំចងក្រងកន្លងមក ថាតើមានភាពត្រឹមត្រូវឬទេ។ តាមការពិនិត្យជាក់ស្តែង ឃើញថាក្រុមការងារពេញចិត្ត និងសហការយ៉ាងយកចិត្តទុកដាក់ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ហើយដែលគ្រោងនឹងចុះហត្ថលេខា នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៃគម្រោងឆាប់ៗខាងមុខ។

លោកបានបន្ថែមថា គ្រប់គម្រោងទាំងអស់ ទាំងប្រឡាយមេ ប្រឡាយរង រួមទាំងផ្លូវរ៉បមាត់ប្រឡាយ គឺត្រូវចាក់បេតុងទាំងអស់ ដែរនេះគឺជាសមិទ្ធផលដ៏ធំធេង ដែលរាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំ របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចបាន។ លោកបានបន្ថែមថា ពិតជាមោទកភាពណាស់ ដែលធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) រួមជាមួយមូលនិធិអន្តរជាតិ ដើម្បីកិច្ចអភិវឌ្ឍន៍វិស័យកសិកម្ម និងមូលនិធិបៃតងរបស់អង្គការសហប្រជាជាតិ និងដោយបានការគាំទ្រ និងអនុញ្ញាតជាផ្លូវការ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចផ្តល់គម្រោង ដែលមានតម្លៃជិត៤០០លានដុល្លារ សម្រាប់ខេត្តពោធិ៍សាត់។

លោករដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា នៅពេលគម្រោងនេះរួចរាល់ហើយ ផ្ទៃដីស្រោចស្រពស្រូវរដូវប្រាំង ដែលពីមុនមានត្រឹម២ម៉ឺនហិកតា គឺយើងអាចស្រោចស្រពបានរហូតទៅដល់ ផ្ទៃដីប្រមាណជាង៥ម៉ឺនហិកតា នេះគ្រាន់តែរាប់ពីប្រព័ន្ធស្រោចស្រពក្បាលហុងពោធិ៍សាត់ និងតាណៃ អូរតាប៉ោង ដែលអាចនិយាយបានថា ក្នុងរដូវប្រាំងយើងអាចធ្វើបាន ២ទៅ៣ដងឯណោះ។

លោក ចាន់ ស៊ីណាត់ បានបន្ថែមទៀតថា គម្រោងនេះមានរយៈពេល ៥ឆ្នាំ ដែលអាចចាប់ផ្តើមនៅអំឡុងខែមករា ឆ្នាំ២០២៥ឆាប់ៗខាងមុខ ប្រសិនបើមិនមានអ្វីប្រែប្រួលទេនោះ។ បើនិយាយពីគុណភាពសំណង់វិញនោះ គឺយើងអាចអនុវត្តរួចរាល់ ចន្លោះពី ៥ ទៅ៦ខែ ក៏ប៉ុន្តែបើគិតពីនិយាយរបស់ធនាគារ គឺគេធ្វើបណ្តើរគេពិនិត្យបណ្តើរ គេធ្វើបណ្តើរគេកែលម្អបណ្តើរ ដើម្បីតែគុណភាពសំណង់ សន្សំសម្ចៃថវិកា និងជាគុណប្រយោជន៍តកូនតចៅជំនាន់ក្រោយ៕