(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជសារប្រទានពរជ័យ និងបាច់ផ្កាស្រស់ល្អ ១កន្ត្រក ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសថ្ងៃខួបកំណើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤។

ព្រះរាជសារ និងបាច់ផ្កាស្រស់ល្អ ១កន្ដ្រកនេះ ត្រូវបានសម្តេច មហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង យកមកប្រគល់ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅទីស្នាក់កណ្ដាលកាកបាទក្រហមកម្ពុជា នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ។

ព្រះរាជសារមានខ្លឹមសារថា «នៅក្នុងឱកាសដ៏នក្ខត្តឫក្សនៃខួបចម្រើនជន្មាយុ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤នេះ ខ្ញុំមានហឫទ័យសោមនស្សរីករាយក្រៃលែង សូមអបអរសាទរ ជូនពរ និងកោតសរសើរដ៏កក់ក្ដៅជាទីបំផុត ចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលជាមគ្គទេសិកាដ៏ល្អឆ្នើមមួយរូប បានដឹកនាំសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ទទួលបានជោគជ័យល្អប្រសើរជាទីបំផុត ។ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបានខិតខំអស់ពីកម្លាំងកាយ-ចិត្ត បំពេញភារកិច្ចជូនប្រជាជាតិ និងប្រជា-រាស្ត្រកម្ពុជា ដែលទីទ័លក្រ និងងាយរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ នាំមកនូវសេចក្តីសុខ សេចក្តីចម្រើន ទទួលបានការអបអរយ៉ាងក្រៃលែងពីប្រជារាស្ត្រទាំងមូល និងនៅលើឆាកអន្តរជាតិ។

ខ្ញុំសូមជូនពរបវរមហាប្រសើរ ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមបម្រើប្រជាជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា និងសូមបានប្រកបតែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។

ខាងក្រោមនេះ ជាព្រះរាជសារ របស់ ព្រះករុណា ព្រះមហាក្សត្រ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៖