(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំក្រុមការងារជំនាញ និងអ្នកពាក់ព័ន្ធផ្សេងទៀត បើកកិច្ចប្រជុំគណៈកម្មការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និង របៀបរៀបរយជុំវិញតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ ភ្នំសំពៅ ដើម្បីពិភាក្សាការងាររៀបចំគម្រោងកសាងឡើងវិញ និងកែលម្អបន្ថែមនៅតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តភ្នំសំពៅ ដើម្បីប្រែក្លាយតំបន់នេះ ជាតំបន់ទេសចរណ៍ដ៏មានសក្តានុពលមួយយ៉ាងពិតប្រាកដក្នុងខេត្តបាត់ដំបង ។
ក្នុងនោះមានគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ខឿនសួនច្បារ និងរៀបចំសំណង់មិនរៀបរយមួយចំនួនជុំវិញបរិវេណជើងភ្នំសំពៅ ដែលស្ថិតនៅភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅស្រុកបាណន់ខេត្តបាត់ដំបង។
សូមបញ្ជាក់ផងដែរថា ក្នុងគម្រោងសាងសង់ កែលម្អនេះគឺមានការសាទរ ពីបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករក្នុងការឧបត្ថមថវិកាជាហូហែរ ក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីប្រមូលបច្ច័យរៀបចំកសាងបង្ហើយព្រះពុទ្ធរូបអង្គធំ និងកសាងខឿនសួនច្បារជើងភ្នំសំពៅ ត្រូវបានផ្តើមបុណ្យ ដោយសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកស្រី ញ៉ែម សាខន សខេង រួមនិងលោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី។
ក្នុងនោះក៏មានមន្ត្រីរាជការក្រោមឱវាទលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោកស្រី យ៉េត ម៉ូលីន ព្រមទាំងមន្ត្រីរាជការក្រោមឱវាទលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកស្រី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងដ្ឋាននគរបាលជាតិ និងលោកស្រី ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី លោក សុខ លូ អភិបាលខេត្ត និងលោកស្រី ព្រមទាំង សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាព គណៈអភិបាលក្រុង ស្រុក និងមន្ត្រីរាជការក្នុងខេត្តបាត់ដំបង មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ តាំង ម៉េងហ៊ុន ព្រមទាំងកូនចៅ លោកស្រី ឧកញ៉ា ឌី ប្រឹម និងលោក សំ តាំងហនព្រមទាំងកូនចៅ និងមន្រ្តីរាជការក្នុងខេត្តជាច្រើនរូបចូលរួមផងដែរ ៕