(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជសារប្រទានពរជ័យ បាច់ផ្កាស្រស់ល្អ ១កន្ត្រក និងព្រះរាជទ្រព្យចំនួន ២ម៉ឺនដុល្លារ ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសថ្ងៃខួបកំណើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤នេះ។

ព្រះរាជសារ និងបាច់ផ្កាស្រស់ល្អ ១កន្ដ្រកនេះ ត្រូវបានសម្តេច មហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង យកមកប្រគល់ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅទីស្នាក់កណ្ដាលកាកបាទក្រហមកម្ពុជា នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ។

ព្រះរាជសាររបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ មានខ្លឹមសារថា «សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាទីរាប់អានដ៏ខ្ពង់ខ្ពស់ និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ខ្ញុំមានហឫទ័យសោមនស្សរីករាយ សូមអបអរសាទរ ជូនពរ
និងកោតសរសើរជាទីបំផុត ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាស្ត្រីខ្មែរដ៏ឆ្នើមមួយរូប បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី គ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ ប្រកបដោយ
ទេពកោសល្យដ៏ឧត្តុង្គឧត្តម និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការដឹកនាំសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចុះជួយប្រជារាស្ត្រដែលជួបប្រទះការលំបាកក្នុងជីវភាពរស់នៅ និងងាយរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ នាំមកនូវសេចក្តីសុខ សេចក្តីចម្រើន និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ព្រមទាំងទទួលស្គាល់កាន់តែខ្លាំងក្លាពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ។

ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លា នៃខួបចម្រើនជន្មាយុដ៏ឧត្តុង្គឧត្តមនេះ ខ្ញុំសូមប្រសិទ្ធពរជ័យបវរសួស្ដី សិរីមង្គល វិបុលសុខគ្រប់ប្រការ សូម សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលបាននូវជោគជ័យថ្មីៗថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ជូនប្រជាជាតិ និងប្រជារាស្ត្រកម្ពុជា និងសូមបានប្រកបនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃព្រះរាជសារ របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៖