(អង់ការ៉ា, តួកគី)៖ ក្នុងជំនួបនៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោកសាស្រ្តាចារ្យបណ្ឌិត នូម៉ាន់ តួទលមុស (Numan Kurtulmus) ប្រធានរដ្ឋសភាតួកគី បានជជែកគ្នាប្រកបដោយភាពចុះសម្រុង និងមានទស្សនៈស្របគ្នាជាច្រើនទាំងក្នុងបញ្ហាទ្វេភាគី និងបញ្ហាសាកល។ ក្នុងបញ្ហាទ្វេភាគីមេដឹកនាំក្បាលម៉ាស៊ីនស្ថាប័ននីតិបញ្ញត្តិកម្ពុជា និងតួកគី បានឯកភាពគ្នាជំរុញការធ្វើពាណិជ្ជកម្មជាមួយគ្នាឱ្យកាន់ខ្ពស់ថែមទៀត។ រីឯបញ្ហាសាកលវិញសម្តេចតេជោ និងប្រធានរដ្ឋសភាតួកគី ឯកភាពគ្នាមិនគាំទ្រការដាក់ទណ្ឌកម្មជាឯកតោភាគីនោះឡើយ។
នៅក្នុងជំនួបខាងលើនេះ ប្រធានរដ្ឋសភាតួកគី បានសម្តែងក្តីរីករាយ និងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសម្ដេចតេជោ និងគណៈប្រតិភូ ដែលបានអញ្ជើញបំពេញទស្សនកិច្ចនៅតួកគី។ លោកប្រធានរដ្ឋសភា បានចាត់ទុក សម្តេចតេជោ គឺជាឥស្សរជននយោបាយដ៏សំខាន់បំផុត និងស្ថាបនិកនៃកម្ពុជាសម័យទំនើបនាពេលបច្ចុប្បន្ននេះ។ លោកប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ទស្សនកិច្ចរបស់សម្តេចតេជោ មានសារៈសំខាន់ ខណៈដែលកម្ពុជា និងតួកគី ប្រារព្ធខួបលើកទី៦៥នៃទំនាក់ទំនងកាទូត។
លោកប្រធានរដ្ឋសភារបស់តួកគី បានបន្តថា សកលលោក កំពុងចូលក្នុងយុគសម័យថ្មី ដែលគេសំគាល់ថាមានការផ្លាស់ប្តូរលឿន និងបង្កើតតុល្យភាពថ្មី។ ក្នុងបរិបទនេះ តួកគី ផ្តល់សារៈសំខាន់ពិសេសដល់ទ្វីបអាស៊ី ដែលក្នុងនោះ មានកម្ពុជាផងដែរ។ ជាមួយគ្នានោះ លោកប្រធានរដ្ឋសភា បានលើកឡើងថា តួកគី នឹងបន្តកសាងស្ពានសហប្រតិបត្តិការថ្មីៗទៀតជាមួយកម្ពុជា។ តួកគី បានបើកមជ្ឈមណ្ឌលវប្បធម៌នៅទីក្រុងភ្នំពេញ ហើយសហការជាមួយទីភ្នាក់ងារជំនួយអភិវឌ្ឍន៍តួកគីយេ (TIKA) បានចុះហត្ថលេខាខាងវិស័យអប់រំ សិក្សាធិការ។ ជាក់ស្តែង និស្សិតកម្ពុជា ២៥នាក់ កំពុងសិក្សានៅតួកគី ហើយសង្ឃឹមថានឹងមានច្រើនទៀតនៅពេលអនាគត។
លោកប្រធានរដ្ឋសភា បានបន្ថែមថា កម្ពុជាមានសក្តានុពលធំធេងខាងវិស័យពាណិជ្ជកម្ម ក៏ប៉ុន្តែ ទំហំនៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សម្រេចបានប្រមាណ ៣៥០លានដុល្លារ នៅឆ្នាំ២០២៤ លើ ផែនការសម្រេចឱ្យបាន១ពាន់លានដុល្លារ។ លោកប្រធានរដ្ឋសភា បានបន្តថា ទស្សនកិច្ចរបស់សម្តេចតេជោ នាពេលនេះ សំខាន់ណាស់សម្រាប់កសាងទំនាក់ទំនងអន្តរសភាទ្វេភាគី និងពហុភាគី ដែលក្នុងនោះ មាន សន្និបាតអន្តរសភាអាស៊ាន (IPA) ផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណប្រធានសភាតួកគី ចំពោះការអញ្ជើញ និង ស្វាគម៍យ៉ាងកក់ក្តៅ ព្រមទាំង ការលើកឡើងយ៉ាងស៊ីជម្រៅអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-តួកគី។ សម្តេចតេជោ បានលើកឡើងថា ទស្សនកិច្ចរបស់សម្តេចនាពេលនេះ ចំពេលនៃខួប៦៥ឆ្នាំ នៃទំនាក់ទំនងការទូតនៃប្រទេសយើងទាំងពីរ និងបន្ទាប់ពីតួកគី និងកម្ពុជា បានដាក់ស្ថានទូតទៅវិញទៅមក។
សម្តេចតេជោ បានអរគុណប្រធានរដ្ឋសភាតួកគី ដែលបានលើកសរសើរគុណសម្បត្តិដឹកនាំរបស់សម្តេចយ៉ាងខ្លាំង។ ក្នុងឋានៈជាប្រធានព្រឹទ្ធសភាថ្មី សម្តេចនឹងបន្តធ្វើអ្វីៗទាំងអស់ ដើម្បីកម្ពុជាបន្តរក្សាបាននូវសន្តិភាព និង ស្ថិរភាពយូរអង្វែង។
សម្តេចតេជោ បានអរគុណតួកគីផងដែរ ដែលបានបញ្ជូន អនុប្រធានគណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍តួកគីយេ ទទួលបន្ទុកកិច្ចការបរទេស (AKP) ទៅចូលរួមមហាសន្និបាត ICAPP លើកទី១២ នៅភ្នំពេញ កាលពីខែវិច្ឆិកា កន្លងទៅនេះ។
សម្តេចតេជោ បានគូសបញ្ជាក់ថា សម្តេច ជាអ្នកផ្តល់សន្ទុះដល់ទំនាក់ទំនងទ្វេភាគីជាមួយតួកគី។ សម្តេចតេជោ បានរំលឹកថា នៅក្នុងពេលបំពេញទស្សនកិច្ចការងារនៅតួកគីយេ ឆ្នាំ២០១៨ សម្តេចតេជោ និងប្រធានាធិបតី Erdoğan បានដាក់ផែនការសម្រេចឱ្យបាន ១ពាន់លានដុល្លារ ក្នុងការផ្លាស់ប្តូរពាណិជ្ជកម្មទៅវិញទៅមក។
សន្ទុះកំណើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ នៅមិនទាន់ខិតជិតដល់គោលដៅនៅឡើយ។ អាស្រ័យហេតុនេះ ទស្សនកិច្ចរបស់សម្តេច និងកិច្ចប្រឹងប្រែងរួមរបស់គណបក្សដឹកនាំប្រទេសទាំងពីរ នឹងជំរុញផែនការនេះ ឱ្យបានសម្រេច ដោយផ្តល់អាទិភាពលើកាលានុវត្តន៍ភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។
សម្តេចតេជោ និងលោកប្រធានរដ្ឋសភាតួកគី ក៏បានប្តូរយោបល់ និងទស្សនៈវិភាគលើបញ្ហាតំបន់ និងអន្តរជាតិ។ ភាគីទាំងពីរ បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសនានាក្នុងសកលលោក។
សម្តេចតេជោ គាំទ្រតួនាទីសំខាន់របស់តួកគី ជាអ្នកសម្របសម្រួលនៅក្នុងកិច្ចការអន្តរជាតិ ហើយសម្តេចគូសបញ្ជាក់ថា «មិនអាចយកសង្គ្រាម បញ្ចប់សង្គ្រាមបានទេ មានតែកិច្ចសន្ទនា និងការចរចា»។ ភាគីទាំងពីរបានឯកភាពគ្នា មិនគាំទ្រទណ្ឌកម្មជាឯកតោភាគី។
សម្តេចតេជោ បានលើកទឹកចិត្តឱ្យតួកគី សម្លឹងបែរទៅទិសខាងកើត ពោលគឺទ្វីបអាស៊ី ហើយកម្ពុជា នឹងសម្របសម្រួលជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីឱ្យតួកគី ក្លាយជាដៃគូសន្ទនាពេញសិទ្ធិរបស់អាស៊ាន។ ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ បានអញ្ជើញប្រធានរដ្ឋសភាតួកគី មកបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលខាងមុខ។
លោកប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះការលើកឡើងរបស់សម្តេចតេជោខាងលើ និងសូមអរគុណ និងទទួលដោយក្តីរីករាយ នូវការអញ្ជើញរបស់សម្តេចតេជោ និងរកពេលវេលាជាក់ស្តែង ក្នុងការមកបំពេញទស្សនកិច្ចនៅកម្ពុជា។
ជាការកត់សម្គាល់បន្ទាប់ពីជំនួបលោកប្រធានរដ្ឋសភា បានអញ្ជើញសម្តេចតេជោ និងគណៈប្រតិភូ ទៅចូលរួមកិច្ចប្រជុំពេញអង្គរបស់រដ្ឋសភាតួកគីហើយអង្គសភាតួកគី បានក្រោកឈរស្វាគមន៍សម្តេចយ៉ាងកក់ក្តៅបំផុត៕