(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញបើក «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា»។
ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ដែលជាពិព័រណ៍ពាណិជ្ជកម្មកម្រិតអន្តរជាតិ ត្រូវបានធ្វើឡើងក្រោមមូលបទ៖ «យុគសម័យថ្មីនៃពាណិជ្ជកម្ម»។ ពិព័រណ៍នេះ មានរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលភីអេច ហ្គ្រេនហល បុរីប៉េងហួតបឹងស្នោ។
«ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTE)» ជាព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំមួយប្រចាំឆ្នាំ ត្រូវបានរៀបចំឡើងក្នុងគោលបំណងតាំងបង្ហាញផលិតផលដែលមានគុណភាពខ្ពស់របស់កម្ពុជា ទំនិញនាំចេញ-នាំចូលសំខាន់ៗ និងសេវាកម្ម ដែលមានលក្ខណៈពិសេសរបស់បណ្តាអ្នកផ្គត់ផ្គង់ជុំវិញពិភពលោក។ បេសកកម្មចម្បងរបស់ CTE គឺជំរុញសកម្មភាពពាណិជ្ជកម្មកម្ពុជា និងធ្វើឱ្យកាន់តែប្រសើរឡើង នូវបរិយាកាសធុរកិច្ច និងវិនិយោគ ព្រមទាំងជំរុញការនាំចេញ-នាំចូល និងការផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងអ្នកតាំងពិព័រណ៍ក្នុងស្រុកនិងអន្តរជាតិ អ្នកទស្សនា ពិព័រណ៍ និងអ្នកចូលរួមពិព័រណ៍។ នៅក្នុងពិព័រណ៍នេះ ក្រៅពីមានការតាំងបង្ហាញផលិតផល និងសេវាកម្មដ៏សម្បូរ ក៏ជាវេទិកាសម្រាប់ពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជាជាមួយទីផ្សារសកល និងការតាំងបង្ហាញផលិតផលរបស់ដៃគូអន្តរជាតិរបស់យើងផងដែរ។
«ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា(CTE)» ដើមឡើយមានឈ្មោះថា «ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល (CIEGE)» ដែលចាប់តាំងពីឆ្នាំ២០០៦មក ត្រូវបានរៀបចំឡើងទទួលបានជោគជ័យចំនួន១៦លើក។
ការផ្លាស់ប្ដូរ ឈ្មោះពិព័រណ៍ CIEGE ក្នុងគោលបំណងធ្វើឱ្យឈ្មោះពិព័រណ៍នេះកាន់តែមានភាពសាមញ្ញ ឆ្លុះបញ្ចាំងពីគោលគំនិត នៃឧត្តមភាព និងប្រកបដោយភាពទាក់ទាញក្នុងទីផ្សារសម័យថ្មី ដែលមានភាពរស់រវើក និងការយកចិត្តទុកដាក់លើ គុណភាពខ្ពស់ និងភាពសាមញ្ញ។ ជាមួយនឹងការបង្កើតកិត្តិនាមថ្មី និងកាន់តែទំនើប ក្រសួងពាណិជ្ជកម្មនឹងផ្សារ ភ្ជាប់ការតាំងពិព័រណ៍ថ្មីនេះ ជាមួយគោលគំនិតច្នៃប្រឌិតថ្មី ដើម្បីធ្វើឱ្យពិព័រណ៍ដ៏ធំនេះកាន់តែមានភាពរស់រវើក បង្ហាញលក្ខណៈពិសេសពាណិជ្ជកម្ម និងអត្តសញ្ញាណវប្បធម៌ក្នុងយុគសម័យទំនើប ហើយតាមរយៈការតាំង បង្ហាញ ការតុបតែងដ៏ស្រស់ស្អាត និងមានភាពទាក់ទាញ នឹងបង្កើននូវសោភ័ណភាពដល់ការតាំងបង្ហាញរបស់ អាជីវករ និងអ្នកចូលរួមតាំងពិព័រណ៍។
ក្រសួងពាណិជ្ជកម្មមានសុទិដ្ឋិនិយម និងជឿជាក់ថា ពិព័រណ៍ CTE នៅឆ្នាំនេះ នឹងក្លាយជាបទពិសោធន៍ដ៏អស្ចារ្យដែលមិនអាចបំភ្លេចបាន ដែលមិនត្រឹមតែសម្រាប់អ្នកទស្សនាដែលចូលរួមក្នុងព្រឹត្តិការណ៍ជាច្រើនប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់បណ្ដាដៃគូពាណិជ្ជកម្ម ដែលនឹងអាចទទួលបានលទ្ធផលជាទីគាប់ចិត្តក្នុងការចូលរួមពិព័រណ៍នេះ តាមរយៈការភ្ជាប់ទំនាក់ទំនងជាមួយពាណិជ្ជករជាច្រើនដែលមកពីជុំវិញពិភពលោក។
«ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា» ឆ្នាំ២០២៤ នឹងដាក់តាំងបង្ហាញផលិតផលជាច្រើនរួមមាន ផលិតផល សម្រាប់ការនាំចេញរបស់កម្ពុជា ផលិតផលកម្មន្តសាល ផលិតផលសិប្បកម្ម ផលិតផលកសិកម្ម និងសេវាកម្ម ទន្ទឹម នេះក៏នឹងបង្ហាញពីឱកាសសម្រាប់ផលិតផលនាំចូលដែលគាំទ្រ និងជំរុញដល់ការអភិវឌ្ឍន៍ពាណិជ្ជកម្មរបស់កម្ពុជា។
ពិព័រណ៍នេះ ក៏ស្វែងរកឱកាសក្នុងការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រជាមួយអ្នកចូលរួមពីអន្តរជាតិ ដើម្បីជំរុញកំណើន សេដ្ឋកិច្ច និងបរិយាកាសវិនិយោគរបស់កម្ពុជាបន្ថែមទៀត។ តាមរយៈការបង្ហាញពីផលិតផលសំខាន់ៗរបស់កម្ពុជា ជូនដល់អ្នកទស្សនាជាតិ និងអន្តរជាតិ CTE នឹងចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដែលមានភាពប្រកួតប្រជែងខ្ពស់នៅក្នុងទីផ្សារអន្តរជាតិ។
មូលបទនៃពិព័រណ៍ឆ្នាំនេះ គឺ «យុគសម័យថ្មីនៃពាណិជ្ជកម្ម» តំណាងឱ្យការស្ដារឡើងវិញ និងការរីកចម្រើននៃពាណិជ្ជកម្មរបស់កម្ពុជា ដែលបង្ហាញពីសករាជថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ច ការចូលរួមជាសកល និងការពង្រឹងភាពប្រកួតប្រជែង។ ពាក្យ «យុគសម័យថ្មី» ឆ្លុះបញ្ចាំងពីវិធីសាស្ត្រដ៏សកម្ម និងប្រកបដោយថាមវន្តនៃបេសកកម្មពាណិជ្ជកម្មបច្ចុប្បន្ន និងបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យឆ្នាំ២០៣០។
មូលបទ «យុគសម័យថ្មីនៃពាណិជ្ជកម្ម» គូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់នូវគោលដៅអភិវឌ្ឍន៍ពាណិជ្ជកម្មថ្មីរបស់កម្ពុជា និងការប្តេជ្ញាចិត្តក្នុងការក្លាយជាតួអង្គសំខាន់នៅក្នុងទីផ្សារពិភពលោក តាមរយៈការតាំងបង្ហាញផលិតផលដែលមានលក្ខណៈពិសេស ការបង្ហាញពីសមត្ថភាពផលិតកម្ម ទំនើបកម្ម ការសម្រួលការនាំចេញ និងការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងចុងក្រោយ បម្រើឱ្យ វិស័យពាណិជ្ជកម្ម។
ដោយមានភាពជាដៃគូជាមួយក្រុមការងារជំរុញការនាំចេញនៃក្រសួងពាណិជ្ជកម្ម CTE ឆ្នាំ២០២៤នេះនឹងផ្សាភ្ជាប់ ទំនាក់ទំនងអ្នកផលិតក្នុងស្រុកជាមួយអ្នកទិញ និងទីផ្សារអន្តរជាតិ ពង្រីកលទ្ធភាពក្នុងការទទួលបានឱកាសថ្មីៗ និងពង្រឹងវត្តមានរបស់កម្ពុជានៅលើឆាកអន្តរជាតិ គំនិតផ្តួចផ្តើមនេះនឹងបង្ហាញជូនពិភពលោកអំពីទំនិញដែល មានសក្កានុពលខ្ពស់ក្នុងការនាំចេញរបស់កម្ពុជា បង្កើនការយល់ដឹងលើឆាកអន្តរជាតិ និងបង្កើនតម្រូវការសម្រាប់ ផលិតផលដែលផលិតក្នុងស្រុក។
«យុគសម័យថ្មីនៃពាណិជ្ជកម្ម» គឺជាការបកស្រាយបែបទស្សនវិស័យ និងការរួមបញ្ចូលគ្នានៃការប្ដេជ្ញាចិត្តក្នុងការពង្រឹងឧស្សាហកម្មប្រពៃណីឡើងវិញ បង្កើតឱកាសថ្មីនៃការនាំចេញ-នាំចូល និងបង្កើតបទពិសោធន៍ថ្មី នៃពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ដែលផ្តោតសំខាន់លើការផ្សារភ្ជាប់ទំនាក់ទំនង និងភាពជាដៃគូ។ គោលគំនិតស្នូលនៃការផ្លាស់ប្តូរនេះ គឺជាការអបអរសាទរបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា និងទស្សនវិស័យនៃការច្នៃប្រឌិតថ្មី ដែលដែលជាការកត់សម្គាល់នូវការងើបឡើងវិញរបស់កម្ពុជា ក្នុងនាមជាតួអង្គប្រកួតប្រជែងនៅក្នុងសេដ្ឋកិច្ចសកល
ក្រោយជំងឺរាតត្បាត។
ពិព័រណ៍ មានការរៀបចំស្តង់ពិព័រណ៍ចំនួន២៤៦ស្តង់ សម្រាប់ពាណិជ្ជករក្នុងស្រុកនិងអន្តរជាតិ។ ក្រុមហ៊ុន អ្នកចែកចាយ និងអ្នកតំណាងនៃវិស័យឯកជនដែលចូលរួមជាអ្នកតាំងពិព័រណ៍ នឹងមានឱកាសតាំងបង្ហាញផលិតផល និងសេវាកម្មដែលមានគុណភាពខ្ពស់ ដើម្បីធ្វើឱ្យមានភាពសម្បូរបែប។
ព្រឹត្តិការណ៍ដ៏អស្ចារ្យរយៈពេល៤ ថ្ងៃនេះ និងកម្មវិធីអមនានា រំពឹងថា នឹងទទួលអ្នកចូលរួមទស្សនាប្រមាណ ៥០,០០០នាក់ រួមមាន មន្ត្រីជាន់ខ្ពស់ន រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អ្នកទស្សនាពាណិជ្ជកម្ម សាធារណជនទូទៅ និងជាពិសេសអ្នកទិញ និងអ្នកចែកចាយ មកពីសហគមន៍ធុរកិច្ចអន្តរជាតិសំខាន់ៗ៕