(ភ្នំពេញ)៖ ក្រុមហ៊ុន រោងចក្រ សហគ្រាស សិប្បកម្ម ចំនួន១៧ ទទួលបានពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជា ឆ្នាំ២០២៤ បន្ទាប់ពីសហគ្រាសទាំងនោះ បានខិតខំប្រឹងប្រែងលើកកម្ពស់ផលិតភាព ចូលរួម និងគាំទ្រចំពោះការអភិវឌ្ឍវិស័យឧស្សាហកម្មប្រកបដោយចីរភាព។

ក្រុមហ៊ុន រោងចក្រ សហគ្រាស សិប្បកម្មទាំងនេះ ត្រូវបានចាតទុកថាជាគំរូដ៏ល្អ ជួយដល់ការផ្សព្វផ្សាយ និងពង្រីកសកម្មភាព ក៏ដូចជាជំរុញឧស្សាហកម្មដទៃទៀតនៅក្នុងប្រទេសកម្ពុជាឱ្យចូលរួមចលនាឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការការពារបរិស្ថាន ការប្រើប្រាស់ធនធានឱ្យមានប្រសិទ្ធភាព និងផលិតកម្មស្អាត ការគ្រប់គ្រងបរិស្ថាន និងទំនួលខុសត្រូវសង្គម ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីបញ្ហាបរិស្ថាន ក្នុងចំណោមរោងចក្រ សហគ្រាស សិប្បកម្ម និងសាធារណជនទូទៅ។

ថ្លែងក្នុងកម្មវិធីប្រគល់ ពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជា ឆ្នាំ២០២៤ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា ពានរង្វាន់ឧស្សាហកម្ម បៃតងកម្ពុជាឆ្នាំ ២០២៤ ជាផ្លែផ្កាដែលក្រសួងសម្រេចបាន បន្ទាប់ពីគម្រោងសហការជាមួយអង្គការ UNIDO ស្តីពី «ការអភិវឌ្ឍន៍ដែលបញ្ចេញកាបូនតិចដើម្បីបង្កើនផលិតភាព និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ តាមរយៈការផ្ទេរបច្ចេកវិទ្យាអំណោយផលល្អដល់បរិស្ថាន» ត្រូវបានបញ្ចប់កាលពីឆ្នាំ២០២៣។

កម្មវិធីប្រកួតប្រជែងពានរង្វាន់ឧស្សាហកម្មបៃតងនេះ គឺជាយុទ្ធសាស្រ្តដ៏សំខាន់មួយរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីជំរុញ និងអភិវឌ្ឍឧស្សាហកម្មប្រកបដោយចីរភាព។ គោលបំណងរបស់កម្មវិធីគឺ (១)ដើម្បីផ្តល់ការទទួលស្គាល់ លើកទឹកចិត្ត ផ្តល់រង្វាន់ដល់ការខិតខំប្រឹងប្រែងរបស់វិស័យឯកជន ដែលបានអនុវត្តវិធីសាស្រ្តនានាសម្រេចឱ្យបានដំណើរការផលិតកម្មប្រកបដោយចីរភាព (២)ផ្សព្វផ្សាយពង្រីកសកម្មភាព និងជំរុញគាំទ្រដល់វិស័យឧស្សាហកម្មផ្សេងទៀត ដែលស្ម័គ្រចិត្តអនុវត្តសកម្មភាពនានា ចូលរួមដល់កិច្ចការពារបរិស្ថាន ប្រសិទ្ធភាពធនធាន ផលិតកម្មស្អាត កាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន រួមចំណែកក្នុងការបន្ស៊ាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ ការទទួលខុសត្រូវសង្គមស្របតាមបរិបទជាតិ និងពិភពលោក និង(៣)លើកកម្ពស់ចំណេះដឹង ស្តីពីការការពារបរិស្ថានក្នុងវិស័យឧស្សាហកម្ម និងសាធារណៈជន។

លោកហែម វណ្ណឌី បានឱ្យដឹងថា កន្លងមកក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអនុវត្តនូវគម្រោងមួយចំនួនដោយមានការគាំទ្រពីដៃគូអភិវឌ្ឍន៍ ដើម្បីលើកកម្ពស់ឧស្សាហកម្មបៃតង ក្នុងចំណោមនោះមានគម្រោង «ការអភិវឌ្ឍដែលបញ្ចេញកាបូនតិចដើម្បីបង្កើនផលិតភាព និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ តាមរយៈការផ្ទេរបច្ចេកវិទ្យាអំណោយផលល្អដល់បរិស្ថាន (TEST)» គម្រោងនេះបានផ្តល់ជំនួយបច្ចេកទេសដល់រោងចក្រ សហគ្រាស សិប្បកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្តវិធីសាស្រ្ត TEST ដែលជាវិធីសាស្រ្តមួយសំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ធនធាន ទឹក និងថាមពល ដើម្បីកាត់បន្ថយផលប៉ះពាល់នៃសកម្មភាពឧស្សាហកម្ម តាមរយៈការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ កាកសំណល់រឹង-រាវ ដែលជាលទ្ធផល បានធ្វើឱ្យប្រសើរឡើង នូវសុខុមាលភាពរបស់និយោជិក-កម្មករ ជួយលើកកម្ពស់ផ្នែកសេដ្ឋកិច្ច តាមរយៈការកាត់បន្ថយថ្លៃដើម ផលិតកម្មរបស់រោងចក្រ សហគ្រាស សិប្បកម្ម ទាំងនោះ ក៏ដូចជាការកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។

ទន្ទឹមនឹងនេះដែរ គម្រោងនេះក៏បានផ្តល់ការលើកទឹកចិត្តដល់បណ្តារោងចក្រ សហគ្រាស សិប្បកម្ម ដែលបានអនុវត្តគោលការណ៍សកម្មភាពបៃតងដូចជា ការកាត់បន្ថយការប្រើប្រាស់វត្ថុធាតុដើម ទឹក ថាមពល និងកាកសំណល់ចេញពីដំណើរការផលិតកម្ម ហើយដែលគោលការណ៍នេះស្របទៅតាមបទដ្ឋានច្បាប់ និងទស្សនៈវិស័យរបស់រាជរដ្ឋាភិបាល តាមរយៈការទទួលស្គាល់ស្នាដៃសកម្មភាពបៃតងទាំងអស់នេះ និងផ្តល់ពានរង្វាន់ថ្នាក់ជាតិ ហើយក្រសួងសូមលើកទឹកចិត្តឲ្យបន្តការអនុវត្តសកម្មភាពខាងលើ ព្រមទាំងស្វែងរកគំនិតច្នៃប្រឌិត និងបច្ចេកវិទ្យាថ្មីៗ ដែលគាំទ្រដល់ការអនុវត្តសកម្មភាពបៃតង ដើម្បីជាប្រយោជន៍ដល់រោងចក្រ សហគ្រាស សិប្បកម្ម ផ្ទាល់ផង និងសង្គមជាតិផង៕