(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា ពេលបានជួបជាមួយ សមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធ ថ្ងៃចុងក្រោយ ប្រៀបបីដូចជាបានជួបជុំក្រុមគ្រួសារក្នុងផ្ទះដ៏សែនកក់ក្តៅ ដែលសមាគមតែងតែបានចូលរួមចំណែកសហការគាំទ្រអភិវឌ្ឍវិស័យសុខាភិបាល នៅព្រះរាជាណាចក្រកម្ពុជា។

ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ត្រចារ្យ ក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងាររបស់លោក អែលឌើរ បេនយ៉ាមីន អិម ហ្ស៊ី តៃ (Benjamin M. Z. Tai) ប្រធានតំបន់អាស៊ី នៃសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធ ថ្ងៃចុងក្រោយ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។

គោលបំណងនៃជំនួប គឺដើម្បីរាយការណ៍ពីសមិទ្ធិផល ដែលសមាគមបានធ្វើលើការងារមនុស្សធម៌ ក្នុងវិស័យសុខាភិបាល នាពេលកន្លងមក ពេលបច្ចុប្បន្ន និងមានគោលដៅស្នើសុំការណែនាំពីក្រសួងសុខាភិបាល ដើម្បីជួយតម្រង់ទិសការងារមនុស្សធម៌ របស់សមាគមនាពេលអនាគត ក្នុងវិស័យសុខាភិបាល។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្ដែងនូវក្ដីសោមន្សរីករាយស្វាគមន៍គណៈប្រតិភូសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ និងបានថ្លែងនូវចំណាប់អារម្មណ៍ថា ពេលបានជួបជាមួយ សមាគម ប្រៀបបីដូចជាបានជួបជុំក្រុមគ្រួសារ ក្នុងផ្ទះដ៏សែនកក់ក្តៅ ព្រោះតាំងពីសមាគមបានបង្កើតឡើងនៅក្នុងកម្ពុជា ឆ្នាំ១៩៩៤មក សមាគមបានចូលរួមចំណែកសហការគាំទ្រអភិវឌ្ឍវិស័យសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដោយទទួលបានសមិទ្ធិផលជាច្រើននាពេលកន្លងមក សមាគមបានផ្តល់ជំនួយមនុស្សធម៌ ក្នុងវិស័យសុខាភិបាល ដល់ខេត្តមួយចំនួនដូចជា ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ធំ កំពង់ស្ពឺ ព្រៃវែង រាជធានីភ្នំពេញ និងខេត្តកណ្តាល នៅមន្ទីរពេទ្យតេជោសែន កោះធំ តាមរយៈ ការជួសជុលហេដ្ឋារចនាសម្ព័ន្ធ ផ្តល់ឧបករណ៍បរិក្ខារពេទ្យ ព្រមទាំងបណ្តុះបណ្តាលធនធានមនុស្ស។

លើសពីនេះជំនួបនេះ គឺដើម្បីស្វែងយល់ពីតម្រូវការរបស់ក្រសួងសុខាភិបាល ដែលអាចជួយតម្រង់ទិស កិច្ចសហប្រតិបត្តិការរបស់សមាគម ជាមួយក្រសួងសុខាភិបាល ឱ្យកាន់តែមានប្រសិទ្ធផលខ្ពស់បន្ថែមទៀត។

ជំនួបថ្ងៃនេះដែរ គឺទទួលបានលទ្ធផលនៃកិច្ចពិភាក្សា ដោយបានឯកភាពគ្នាក្នុងការឈានទៅរកការចុះកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ ដើម្បីសំដៅបានលទ្ធផលខ្ពស់នៃកិច្ចសហប្រតិបត្តិការ៕