(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំបន្តអនុវត្តអភិក្រម «ពង្រឹង​ទីផ្សារ​ចាស់ ពង្រីកទីផ្សារថ្មី» ដើម្បីធានាឱ្យផលិតផល កម្ពុជាមានទីផ្សារសមស្របទាំងក្នុងស្រុក និងអន្តរជាតិ ដោយបន្តធ្វើសមាហរណកម្មស៉ីជម្រៅ ទៅក្នុងសេដ្ឋកិច្ចតំបន់ និងសកល និងបន្តស្វែងរកទីផ្សារថ្មីៗ ដែលផ្តល់ភាពអនុគ្រោះពន្ធតាមរយៈការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីតំបន់ និងពហុភាគី។

ការណែនាំបែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញបើក «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា» នាព្រឹកថ្ងៃទី១៣​ ខែធ្នូ ឆ្នាំ២០២៤នេះ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្នុងការផ្តល់មូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់ការធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា គឺការរក្សាសុខសន្តិភាព ស្ថិរភាពសង្គម សេដ្ឋកិច្ច និងនយោបាយ ព្រមទាំងបន្តខិតខំប្រឹងប្រែងកែលម្អនបរិយាកាសធុរកិច្ច និងវិនិយោគ តាមរយៈការដាក់ចេញនូវវិធានការគន្លឹះលើគ្រប់វិស័យដើម្បីធានាថាវិនិយោគិនអាចមកបណ្តាក់ទុននៅកម្ពុជា ប្រកបដោយភាពជឿជាក់ ភាពអាចប៉ាន់ស្មានបាន និងភាពជោគជ័យ។

បន្ថែមពីនេះ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានឱ្យដឹងថា រាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ឱ្យអនុវត្តន៍យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលជារបៀបវារៈអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម​កម្ពុជា ដោយបានរំលេចយ៉ាងច្បាស់ ពីការប្តេជ្ញាចិត្តធ្វើឱ្យប្រសើរឡើងនូវបរិស្ថានធុរកិច្ច និងវិស័យវិនិយោគនៅកម្ពុជា។

ដើម្បីជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងការកសាងភាពធន់, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំយ៉ាងដូច្នេះថា៖ «ខ្ញុំផ្តល់អនុសាសន៍ទី១ បន្តអនុវត្តអភិក្រម «ពង្រឹង​ទីផ្សារ​ចាស់ ពង្រីកទីផ្សារថ្មី» ដើម្បីធានាឱ្យផលិតផលកម្ពុជា មានទីផ្សារសមស្របទាំងក្នុងស្រុក និងអន្តរជាតិ ដោយបន្តធ្វើសមាហរណកម្មស៉ីជម្រៅ ទៅក្នុងសេដ្ឋកិច្ចតំបន់ និងសកល និងបន្តស្វែងរកទីផ្សារថ្មីៗ ដែលផ្តល់ភាពអនុគ្រោះពន្ធតាមរយៈការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីតំបន់ និងពហុភាគី»។

ចំពោះចំណុចនេះ សម្តេចបវរធិវបតី ហ៊ុន ម៉ាណែត បានបន្ថែមថា គឺជារឿងសំខាន់ខ្លាំងណាស់ពាក់ព័ន្ធនឹងភាពជឿជាក់របសអ្នកវិនិយោគិន មកលើប្រទេសកម្ពុជា មានន័យថាបើទីផ្សារ និងម៉ូយចាស់របស់យើងដើរចេញហើយនោះនឹងធ្វើឱ្យទីផ្សាររបស់កម្ពុជា ជួបការលំបាកស្វែងរកម៉ូយថ្មីខ្លាំងណាស់។ ដូច្នេះ ប្រសិនបើម៉ូយចាស់ដែលធ្វើការវិនិយោគនៅកម្ពុជា ទទួលបានភាពជោគជ័យ និងរីករាយចំពោះបរិយាកាសវិនិយោគ ច្បាស់ណាស់ពួកគាត់នឹងបន្តឃោសនា ផ្សព្វផ្សាយនូវព័ត៌មានល្អរបស់កម្ពុជា ដល់ដៃគូរបស់ពួកគាត់នៅបរទេសឱ្យមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀតជាដើម។

«ហើយអ្នកវិនិយោគដូចគ្នា បើចង់វិនិយោគលើវិស័យអ្វីមួយច្បាស់ណាស់នឹងទៅសួរគ្នាហើយ រកស៉ីអាហ្នឹងស្រួលអត់ នាំអីវ៉ាន់ពីស្រុកខ្មែរ ត្រូវអត់ ធានាអត់ ប្រឈមអ្វីខ្លះ អ៊ឹចឹងការធានានូវគុណភាព ការធានានូវសង្គតភាព ការធានាអ្នកវិនិយោគដែលមានស្រាប់ គឺជាកិច្ចការងារសំខាន់សម្រាប់ទីផ្សារដែលមានស្រាប់»។ នេះជាការលើកឡើងបន្ថែមរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត។

ជាមួយគ្នានេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បង្កើនសកម្មភាពបន្ថែមទៀត ក្នុងការនាំផលិតផលខ្មែរទៅក្រៅស្រុក ហើយគប្បីត្រូវជួបផ្ទាល់ និយាយផ្ទាល់ ជាមួយវិស័យឯកជន ដើម្បីធ្វើយ៉ាងណាធ្វើឲ្យបរិយាកាសពាណិជ្ជកម្ម និងវិនិយោគពីក្រៅប្រទេសមកកម្ពុជា កាន់តែច្រើនទៀតនោះ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជំរុញការទាក់ទាញវិនិយោគផ្ទាល់ពីបរទេសបន្ថែមទៀត លើឧស្សាហកម្មប្រតិគមន៍ ដែលនឹងជួយទ្រទ្រង់ឧស្សាហកម្មសក្តានុពលនាពេលបច្ចុប្បន្ន ឱ្យមានភាពធន់, ជាពិសេសនៅពេលកម្ពុជាត្រៀមខ្លួន ក្នុងការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ ដោយរលូន និងប្រកបដោយចលនការ៕