(ភ្នំពេញ)៖ ថ្លែងក្នុង «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា» សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ បានថ្លែងថា ការពង្រឹងទីផ្សារចាស់ និងពង្រីកទីផ្សារថ្មី គឺជាអភិក្រមដែលត្រូវតែបន្តអនុវត្ត ដើម្បីធានាឱ្យផលិតផលកម្ពុជាមានទីផ្សារសមស្របទាំងនៅក្នុងស្រុក និងអន្តរជាតិ។
សម្ដេចបវរធិបតី បានបញ្ជាក់ថា ការណ៍នេះ ត្រូវបន្តធ្វើសមាហរណកម្មស៊ីជម្រៅ ទៅក្នុងសេដ្ឋកិច្ចតំបន់សកល និងបន្តស្វែងរកទីផ្សារថ្មីៗ ដែលផ្ដល់ភាពអនុគ្រោះតាមរយៈការចចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទេ្វភាគី តំបន់ និងពហុភាគី។
បន្ថែមពីនេះ សម្ដេចបវរធិបតី បានបញ្ជាក់ម្ដងហើយម្ដងទៀតថា «នេះគឺជាកិច្ចការសំខាន់ណាស់ ព្រោះពាក់ព័ន្ធនឹងភាពជឿជាក់នៅកម្ពុជា បើទីផ្សារចាស់ម៉ូយចាស់យើងដើរចេញហើយ យើងពិបាកទៅរកម៉ូយថ្មីណាស់ តែបើម៉ូយចាស់យើង គាត់សប្បាយ គាត់រីករាយជាមួយយើង គាត់នឹងទៅប្រាប់គ្នាបន្តទៀតហើយ។ អ្នកវិនិយោគដូចគ្នា បើចង់វិនិយោគលើវិស័យអ្វីគាត់នឹងទៅសួរគ្នាហើយ....អ៊ីចឹងការធានានូវគុណភាព ការធានានូវសង្គតភាព និងការធានាដល់អ្នកដែលមានស្រាប់នេះ គឺជាកិច្ចការសំខាន់ចំពោះទីផ្សារដែលមានស្រាប់»។
សម្ដេច បានបន្តថា សូម្បីតែអ្នកវិនិយោគដូចគ្នា ប្រសិនជាគេចង់មកវិនិយោគនៅកម្ពុជា គេច្បាស់ជាសួរអ្នកដែលធ្លាប់មកវិនិយោគនៅកម្ពុជាហើយ ថាមានភាពងាយស្រួលឬអត់ បើគេថាល្អណាស់ មិនមានបញ្ហា ងាយស្រួល ហើយកាន់តែប្រសើរឡើង ទោះបញ្ហាមានតែយើងបានដោះស្រាយទាន់ពេលវេលា នេះហើយគឺជាគន្លឹះ។
ក្នុងរយៈពេល១ឆ្នាំមកនេះ សម្ដេចបវរធិបតី បានឱ្យដឹងថា កម្ពុជាបានអនុវត្តច្រើនណាស់ ដូចជានៅ CDC កាលមុនយើងមានតែវេទិកាជាមួយវិស័យឯកជនជប៉ុន ក្នុងមួយឆ្នាំ ប្រព្រឹត្ត២ដង ឥឡូវយើងពង្រឹងជាមួយកូរ៉េ ជាមួយអាមេរិក ជាមួយអឺរ៉ុប ក្នុងមួយឆ្នាំ ពីរដងដូចគ្នា ដើម្បីធ្វើការជួប និងស្ដាប់ពីការបារម្ភរបស់ពួកគាត់ ដើម្បីធ្វើការដោះស្រាយ ហើយយើងរៀបចំគោលការណ៍កែទម្រង់ក្នុងពន្ធដារ ទៅលើការរៀបចំឱ្យងាយស្រួល។ សម្ដេច ក៏បានបន្តថា ក្រសួងសេដ្ឋកិច្ច និងហេរិញ្ញវត្ថុ ក៏បានកែសម្រួលនីតិវិធីមួយចំនួន លុបចោលនីតិវិធីមួយចំនួនកុំឱ្យមានភាពលំបាកដល់អ្នកវិនិយោគ ហើយក្រសួងពាណិជ្ជកម្មក៏ដូចគ្នា។
ជាមួយគ្នានេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «ត្រូវថែទាំអតិថិជនដែលមានស្រាប់ ព្រោះគាត់គឺជាអ្នកផ្សព្វផ្សាយល្អជាងគេបំផុត ហើយទីផ្សារក៏ដូចគ្នា បច្ចុប្បន្នទីផ្សារមានការប្រកួតប្រជែងខ្លាំង...អាទិភាពធំបំផុត គឺត្រូវរក្សាទីផ្សារចាស់ ប្រសិនបើការកែសម្រួលថយចុះ ដោយសារប្រទេសរបស់អ្នកវិនិយោគនោះបានធ្វើការកែសម្រួលគុណភាព កែសម្រួលច្បាប់របស់គាត់ជារឿងមួយ តែយើងតស៊ូការពារ ខិតខំព្យាយាម កុំឱ្យបញ្ហាកើតដោយសារយើង យើងត្រូវរក្សាគុណភាព និងសេវាដឹកជញ្ជូនរបស់យើងឱ្យល្អប្រសើរ..»។
សម្ដេច បានថ្លែងថា សម្ដេច សប្បាយចិត្តដែលពីមួយឆ្នាំទៅមួយឆ្នាំ ការនាំចេញរបស់យើងមានការកើនឡើង ទំនិញក៏កើន ហើយប្រទេសក៏កើន នេះគឺថាប្រទេសដែលនាំរបស់យើងទៅក៏មិនបាត់ ហើយបានបង្កើនចំនួន ប្រទេសថ្មីក៏ចូលមកមកថែមទៀត នេះជាកិច្ចការសំខាន់ណាស់៕