(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញបើក «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា» នាព្រឹកថ្ងៃទី១៣​ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់នូវអនុសាសន៍៦ចំណុចដល់ក្រសួងពាណិជ្ជកម្ម ​ ដើម្បីជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្ម​ និងធានាឱ្យផលិតផល កម្ពុជាមានទីផ្សារសមស្រប ទាំងក្នុងស្រុក និងអន្តរជាតិ។

​ក្នុងឱកាសនោះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរដល់ក្រសួងពាណិជ្ជកម្ម និង គ្រប់តួអង្គពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ ក្នុងការដឹកនាំអភិវឌ្ឍវិស័យពាណិជ្ជកម្ម​ ជាពិសេស ការបង្កើនគុណភាព ក្នុងការលើកកម្ពស់យន្តការជំរុញពាណិជ្ជកម្មឱ្យសម្រេចបាន លទ្ធផលគួរជាទីមោទនៈ ក៏ដូចជា ការរៀបចំដោយភាពជោគជ័យនូវព្រឹត្តិការណ៍ «ពិព័រណ៍ ពាណិជ្ជកម្មកម្ពុជា» កម្រិតអន្តរជាតិនេះ។

ដើម្បីជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងការកសាងភាពធន់ចំពោះវិស័យនេះ​ សម្តេចបានចែករំលែកនូវទស្សនៈ និង ផ្ដល់អនុសាសន៍មួយចំនួន ដូចខាងក្រោម៖

ទី១. បន្តអនុវត្តអភិក្រម «ពង្រឹងទីផ្សារចាស់ ពង្រីកទីផ្សារថ្មី» ដើម្បីធានាឱ្យផលិតផល កម្ពុជាមានទីផ្សារសមស្រប ទាំងក្នុងស្រុក និងអន្តរជាតិ ដោយបន្តធ្វើសមាហរណកម្មស៊ីជម្រៅ ទៅក្នុងសេដ្ឋកិច្ចតំបន់ និងសកល និងបន្តស្វែងរកទីផ្សារថ្មីៗ ដែលផ្តល់ភាពអនុគ្រោះ​ តាមរយៈ ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី តំបន់ និងពហុភាគី។

ទី២. ជំរុញការទាក់ទាញវិនិយោគផ្ទាល់ពីបរទេសបន្ថែមទៀត លើឧស្សាហកម្មប្រតិគមន៍ ដែលនឹងជួយទ្រទ្រង់ឧស្សាហកម្មសក្តានុពលនាពេលបច្ចុប្បន្នឱ្យមានភាពធន់, ជាពិសេសនៅពេលកម្ពុជាត្រៀមខ្លួន ក្នុងការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ ២០២៩ ដោយ រលូន និង ប្រកបដោយចីរភាព។

ទី៣. បន្តចូលរួមព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ និងពិព័រណ៍ពិភពលោក, ព្រមទាំងរៀបចំព្រឹត្តិការណ៍ពិព័រណ៍កម្រិតអន្តរជាតិក្នុង និង ក្រៅប្រទេស ជាពិសេសពង្រីកលទ្ធភាព នៃការនាំចេញ តាមរយៈយន្តការជំរុញការនាំចេញរបស់ក្រសួងពាណិជ្ជកម្ម ដូចជាការដឹកនាំវិស័យឯកជនបន្ថែមទៀតទៅចូលរួមព្រឹត្តិការណ៍ពិព័រណ៍អន្តរជាតិល្បីៗ នៅបណ្តាប្រទេសដែលមានទីផ្សារសក្កានុពល, រួមមានជាអាទិ៍៖ សហភាពអឺរ៉ុប ចក្រភពអង់គ្លេស អូស្ត្រាលី ជាដើម។ល។ ចំពោះព្រឹត្តិការណ៍ពិព័រណ៍ក្នុងប្រទេស សូមពង្រីកការយកចិត្តទុកដាក់ឱ្យចំគោលដៅផលិតផល ដោយផ្តោតលើការផ្គូផ្គងរវាងអ្នកផ្គត់ផ្គង់ និង អ្នកបញ្ជាទិញដោយផ្ទាល់។

ទី៤. បន្តធ្វើទំនើបកម្មកិច្ចការពិព័រណ៍ តាមរយៈការប្រើប្រាស់ថ្នាលបច្ចេកវិទ្យា និងការគ្រប់គ្រងព្រឹត្តិការណ៍ពិព័រណ៍ និងការស្នើសុំលិខិតអនុញ្ញាតរៀបចំពិព័រណ៍ សម្រាប់វិស័យឯកជន និង ស្ថាប័នរដ្ឋ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងឆាប់រហ័ស។

ទី៥. ជំរុញការរៀបចំយុទ្ធសាស្ត្រ ដើម្បីត្រៀមចាកចេញដោយរលូន និង ប្រកបដោយ ចលនការ ពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ដោយធានាឱ្យបាននូវកម្មវិបាកអវិជ្ជមានជាអប្បរមា និងលើកឡើងនូវការស្នើវិធានការ និងយុទ្ធសាស្ត្រនានា ដើម្បីធានាបាននូវចីរភាពនៃការអភិវឌ្ឍ ក្រោយកម្ពុជាចាកចេញដោយជោគជ័យនៅឆ្នាំ២០២៩ ក៏ដូចជាការឈានដល់ការសម្រេចបាននូវចក្ខុវិស័យកម្ពុជាជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។​

ទី៦. ជាការរួមចំណែកក្នុងការឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២២- ២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២៣-២០៣៥ ដើម្បីប្រសិទ្ធភាពសេដ្ឋកិច្ច និងកាត់បន្ថយថ្លៃពាណិជ្ជកម្ម និង ពេលវេលា, ក្រសួងពាណិជ្ជកម្ម ត្រូវបន្តជំរុញការធ្វើឌីជីថលូបនីយកម្មសេវាសាធារណៈ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ, ព្រមទាំងបន្តពង្រឹងសមត្ថភាពមន្ត្រីឌីជីថល តាមរយៈការបណ្ដុះបណ្តាលជាប្រចាំ និង ការលើកម្ពស់ភាពជា អ្នកដឹកនាំឌីជីថលដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការដើម្បីទាញយកផលប្រយោជន៍ជាអតិបរមា ពីការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល​៕