(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងកែសម្រួលលិខិតបទដ្ឋានគតិយុត្តិមួយចំនួន ពាក់ព័ន្ធកិច្ចការរបស់ក្រសួង ស្ថាប័នរដ្ឋ ដើម្បីធ្វើយ៉ាងណាសម្រួលបរិយាកាសការងារឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ក្នុងឱកាសអញ្ជើញជាអធិបតីបើក «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា» ដែលធ្វើឡើងក្រោមមូលបទ៖ «យុគសម័យថ្មីនៃពាណិជ្ជកម្ម» សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហើបអំពីការពិនិត្យឡើងវិញនូវរាល់ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ពាក់ព័ន្ធវិស័យពាណិជ្ជកម្មផងដែរ សំដៅលើកកម្ពស់បរិយាកាសអំណោយផល ការធ្វើពាណិជ្ជកម្ម និងវិនិយោគ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ការពិនិត្យឡើងវិញនូវរាល់ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មសំដៅលើកកម្ពស់បរិយាកាសអំណោយផល ការធ្វើពាណិជ្ជកម្ម និងវិនិយោគ កិច្ចការងារនេះ ខ្ញុំតែងតែណែនាំ ពេលយើងចូលទៅដោះស្រាយរឿងតូចៗ វិធីសាស្រ្តគឺយើងកុំចងជើងខ្លួនឯង»

ក្នុងន័យនេះ សម្ដេចបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា ណែនាំក្រសួងពាណិជ្ជកម្មពិនិត្យឡើងវិញ រាល់លិខិតបទដ្ឋានគតិយុត្តិដែលបានធ្វើហើយ ត្រូវបន្តធ្វើ ដែលនេះគឺជាការកំណែទម្រង់ ដើម្បីធ្វើឲ្យកាន់តែមានប្រសិទ្ធភាព។ សម្ដេចគូសបញ្ជាក់ថា លិខិតបទដ្ឋានគតិយុត្តិ គឺដើម្បីជួយលើកកម្ពស់សកម្មភាព និងលទ្ធផល លទ្ធភាព ផលិតផល ដូច្នេះត្រូវបន្ដកែសម្រួលចំណុចខ្វះខាត ឬប្រឈម។

លើសពីនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រើនរំលឹកក្រសួងពាណិជ្ជកម្ម បន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនផ្នែកលក់អន្តរជាតិ ដើម្បីពង្រីកទីផ្សារសម្រាប់ផលិតផលរបស់ខ្មែរ។ សម្ដេចក៏ណែនាំបន្តអនុវត្តអភិក្រម «ពង្រឹង​ទីផ្សារ​ចាស់ ពង្រីកទីផ្សារថ្មី» ដើម្បីធានាឲ្យផលិតផល កម្ពុជាមានទីផ្សារសមស្របទាំងក្នុងស្រុក និងអន្តរជាតិ ដោយបន្តធ្វើសមាហរណកម្មស៉ីជម្រៅ ទៅក្នុងសេដ្ឋកិច្ចតំបន់ និងសកល និង បន្តស្វែងរកទីផ្សារថ្មីៗ ដែលផ្តល់ភាពអនុគ្រោះពន្ធតាមរយៈ ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីតំបន់ និងពហុភាគី។

សម្ដេចធិបតី បានជំរុញការទាក់ទាញវិនិយោគផ្ទាល់ពីបរទេសបន្ថែមទៀត លើឧស្សាហកម្មប្រតិគមន៍ ដែលនឹងជួយទ្រទ្រង់ឧស្សាហកម្មសក្តានុពលនាពេលបច្ចុប្បន្ន ឲ្យមានភាពធន់, ជាពិសេសនៅពេលកម្ពុជាត្រៀមខ្លួន ក្នុងការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ ២០២៩ ដោយរលូន និងប្រកបដោយចលនការ៕