(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្តតាមយុទ្ធសាស្ត្រ និងគោលនយោបាយនានា របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្មនៅកម្ពុជា និងជំរុញពាណិជ្ជកម្មអន្ដរជាតិ តាមរយៈការបន្តធ្វើពិពិធកម្មទីផ្សារទាំងក្នុងនិងក្រៅប្រទេស និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាជាសមាជិក និងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មនានា។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរដូចនេះនៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ នាឱកាសដែលសម្តេចអញ្ជើញបើក «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា» ដែលជាពិព័រណ៍ពាណិជ្ជកម្មកម្រិតអន្តរជាតិ ត្រូវបានធ្វើឡើងក្រោមមូលបទ៖ «យុគសម័យថ្មីនៃពាណិជ្ជកម្ម» នៅមជ្ឈមណ្ឌលភីអេច ហ្គ្រេនហល បុរីប៉េងហួតបឹងស្នោ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ខ្ញុំសូមកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្តតាមយុទ្ធសាស្ត្រ និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្មនៅកម្ពុជា និងជំរុញពាណិជ្ជកម្មអន្ដរជាតិ ដែលរួមមាន (១) ការបន្តធ្វើពិពិធកម្មទីផ្សារ ទាំងក្នុង និងក្រៅប្រទេស តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាជាសមាជិក និង ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មនានា ដែលកម្ពុជាទទួលបាន សម្រាប់ជំរុញការធ្វើពិពិធកម្មផលិតផលនាំចេញ (២) ការបន្តធ្វើកិច្ចសម្រួលពាណិជ្ជកម្ម ជាពិសេសតាមរយៈការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងការផ្តល់សេវាសាធារណៈ (៣) ការបន្តយន្តការកិច្ចសន្ទនាជាមួយវិស័យឯកជន ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងសំណូមពររបស់វិស័យឯកជន (៤) ការពិនិត្យឡើងវិញនូវរាល់ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម សំដៅលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់ការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពិព័រណ៍ពាណិជ្ជកម្មនេះត្រូវបានរៀបចំឡើងដោយមានការរៀបចំព្រឹត្តិការណ៍អមនានាដូចជា «វេទិកាពាណិជ្ជកម្មឌីជីថល» លើកទី១ ដែលស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល និងនិន្នាការនៅក្នុងតំបន់និងសកល, និងការរៀបចំ «វេទិកាពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-កូរ៉េ», ដែលទាំងនេះពិតជាយន្តការសំខាន់ ក្នុងការបង្កើតឱកាសក្នុងការចាប់ដៃគូពាណិជ្ជកម្ម និងបង្កើតបណ្តាញទំនាក់ទំនង, បង្កើនសកម្មភាពធុរកិច្ច និងវិនិយោគ ក៏ដូចជាលើកកម្ពស់កេរ្តិ៍ឈ្មោះផលិតផលសក្ដានុពល របស់កម្ពុជាលើកឆាកអន្តរជាតិ សំដៅរួមចំណែកដល់ការជំរុញសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។
បន្ថែមពីនេះដែរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងកោតសរសើរចំពោះលោកស្រី ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលតែងជួបជជែកផ្ទាល់ជាមួយអ្នកធ្វើធុរកិច្ច ដើម្បីទទួលបានបញ្ហាពិតជាក់ស្តែង ហើយដាក់ចេញដំណោះស្រាយ និងបានដោះស្រាយចំគោលដៅបានលឿននិងឆាប់រហ័ស និងបានស្នើឱ្យបន្តយកចិត្តទុកដាក់បន្ថែមលើកិច្ចការងារនេះបន្ថែមទៀត ហើយអ្វីដែលអាចដោះស្រាយបានបន្តដោះស្រាយ និងមិនអាចដោះស្រាយបានអាចស្នើសុំគោលការមកថ្នាក់លើដើម្បីដោះស្រាយ និងដោះស្រាយឱ្យចំគោលដៅ៕