(កំពត)៖ ដើម្បីជួយឱ្យពិធីបុណ្យសមុទ្រ លើកទី១១ ជុំទី៣ ឆ្នាំ២០២៤ នៅខេត្តកំពត ប្រព្រឹត្តទៅប្រកបដោយជោគជ័យ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកំពត បានសិក្ខាសាលាស្តីពីការជំរុញការវិនិយោគ ការអភិវឌ្ឍទេសចរណ៍ និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍។
សិក្ខាសាលានេះធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ម៉ៅ ធនិន អភិបាលខេត្តកំពត មានការចូលរួមពីគ្រប់សមាសភាពភាគីពាក់ព័ន្ធ ក្រសួង ស្ថាប័ន អន្តរវិស័យ វិស័យឯកជន ដែលជាប្រតិបត្តិករ អាជីវករ សហគមន៍ទេសចរណ៍ សរុបជាង៥០០នាក់។
សូមបញ្ជាក់ថា សិក្ខាសាលានេះគឺជាវេទិកាមួយដ៏មានសារសំខាន់ គឺរួមគ្នាចែករំលែកចំណេះដឹង ស្វែងយល់អំពីចំណុចខ្លាំង កាលានុវត្តភាពនៅក្នុងការវិនិយោគ បញ្ហាប្រឈម ទស្សនវិស័យ និងការដាក់ចេញនូវអនុសាសន៍នានាក្នុងវិស័យទេសចរណ៍កម្ពុជា ដើម្បីជំរុញកំណើនភ្ញៀវទេសចរជាតិនិងអន្តរជាតិមកកាន់តំបន់ឆ្នេរសមុទ្រកម្ពុជាឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។
សូមជម្រាបថា ព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១១ ជុំទី៣ នៅខេត្តកំពត នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២៤ ក្រោមវត្តមានអញ្ជើញដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៕