(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រសួងសុខាភិបាលកម្ពុជា ថ្ងៃទី១៣ ខែធ្នូនេះ បានប្រគល់រថយន្តសង្គ្រោះ ១៤គ្រឿង ដល់មន្ទីរពេទ្យខេត្តចំនួន១៤ ក្នុងពិធីមួយនៅក្រសួងសុខាភិបាល ដើម្បីកែលម្អលទ្ធភាពទទួលបានសេវាសង្គ្រោះបន្ទាន់ក្នុងប្រទេស។
រថយន្តសង្គ្រោះទាំងនេះ ត្រូវបានផ្តល់ជូនក្រោមជំនួយឥតសំណងចំនួន ៥ លានដុល្លារ ពីមូលនិធិជប៉ុនសម្រាប់វិបុលភាពនិង ភាពធន់នៅអាស៊ី និងប៉ាស៊ីហ្វិក (JFPR) ក្រោមការផ្តល់ហិរញ្ញប្បទានបន្ថែម នៃគម្រោងសន្តិសុខសុខភាពមហាអនុតំបន់មេគង្គ ដែលកំពុងដំណើរការ។
បន្ថែមពីលើការផ្តល់រថយន្តសង្គ្រោះទាំងនេះ គម្រោងកំពុងបំពាក់ដល់មន្ទីរពេទ្យខេត្តនីមួយៗ ជាមួយនឹងម៉ាស៊ីនបង្កើតអុកស៊ីហ្សែន ដើម្បីធានាការផ្គត់ផ្គង់អុកស៊ីសែនគ្រប់គ្រាន់។ គម្រោងនេះក៏ផ្តោតលើការបណ្តុះបណ្តាល អ្នកបច្ចេកទេសតាមមន្ទីរពេទ្យដើម្បីប្រើប្រាស់ និងថែទាំម៉ាស៊ីនបង្កើតអុកស៊ីហ្សែន និងរថយន្តសង្គ្រោះ ក៏ដូចជាបុគ្គលិកសុខាភិបាលជួរមុខដើម្បីកំណត់ និងឆ្លើយតបនិងជួយពលរដ្ឋដែលរងផលប៉ះពាល់ ដោយអំពើហិង្សាផ្អែកលើយេនឌ័រ និងបញ្ហាសុខភាពផ្លូវចិត្ត។
លោកស្រី Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា មានប្រសាសន៍ថា
«ខណៈដែលកម្ពុជាបន្តពង្រឹងហេដ្ឋារចនាសម្ព័ន្ធថែទាំសុខភាពរបស់ប្រទេស រថយន្តសង្គ្រោះបន្ទាន់ និងម៉ាស៊ីនបង្កើតអុកស៊ីហ្សែនទាំងនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនសមត្ថភាពឆ្លើយតបនៃសេវាសង្គ្រោះបន្ទាន់ និងធានាបាននូវការថែទាំព្យាបាល ក៏ដូចជាសេវាសំខាន់ៗសម្រាប់សហគមន៍ទូទាំងប្រទេស ដែលអាចជាប្រយោជន៍សម្រាប់ជួយសង្រ្គោះជីវិតមនុស្សប្រមាណ៦ លាននាក់តាមខេត្តនៅទីជនបទ។ ធនាគារអភិវឌ្ឍន៍អាស៊ីប្តេជ្ញាគាំទ្រកម្ពុជា ក្នុងការកសាងប្រព័ន្ធសុខភាពដែលធន់ជាងមុន ដែលអាចឆ្លើយតបប្រកបដោយប្រសិទ្ធភាព ទៅនឹងតម្រូវការថែទាំសុខភាពប្រចាំថ្ងៃ និងការសង្គ្រោះបន្ទាន់ផ្នែកសុខភាពសាធារណៈ។ ភាពជាដៃគូនេះបង្ហាញពីឥទ្ធិពលនៃកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញសន្តិសុខសុខភាព និងការពារជីវិត។»
គម្រោងនេះបានជួយពង្រឹងប្រព័ន្ធតាមដាន និងឆ្លើយតបការផ្ទុះឡើងនៃជំងឺ តាមរយៈការពង្រឹងកិច្ចសហការឆ្លើយតប ការផ្ទុះឡើងនៃជំងឺ និងការតាមរកអ្នកឆ្លង ក៏ដូចជាការបណ្តុះបណ្តាលក្រុមឆ្លើយតបរហ័ស ក្នុងការវាយតម្លៃហានិភ័យ ការវិភាគហានិភ័យ និងការគ្រប់គ្រងការផ្ទុះឡើងនៃជំងឺ។
ពិធីប្រគល់រថយន្តសង្គ្រោះបន្ទាន់ខាងលើដឹកនាំដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ឈាង រ៉ា, លោកស្រី MIYOSHI Asagi ទីប្រឹក្សាអមស្ថានទូតជប៉ុននៅកម្ពុជា, និងលោកស្រី Varma។
JFPR ដែលឧបត្ថម្ភថវិកាដោយរដ្ឋាភិបាលជប៉ុន បានគាំទ្រគម្រោងក្នុងការកាត់បន្ថយភាពក្រីក្រ ការកែលម្អជីវភាពរស់នៅ និងកិច្ចការពារបរិស្ថាននៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាងពីរទសវត្សរ៍មកហើយ៕