(ភ្នំពេញ)៖ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស ជាអ្នកនាំពាក្យរងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានច្រានចោលទាំងស្រុង ជុំវិញការលើកឡើងថា «បណ្ណសមធម៌ចេញឲ្យតែអ្នកមានមិនចេញឲ្យអ្នកក្រ»។ មន្ត្រីជាន់ខ្ពស់រូបនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋកុំជឿលើការលឺតគ្នាតាមបណ្ដាញសង្គម។
ថ្លែងក្នុងកិច្ចសម្ភាសជាមួយបណ្ដាញសារព័ត៌មាន Fresh News លោក ហេង សុផាន់ណារិទ្ធ លើកឡើងយ៉ាងដូច្នេះថា «សម្រាប់ការលើកឡើងថា "បណ្ណសមធម៌ចេញឲ្យតែអ្នកមានមិនចេញឲ្យអ្នកក្រ" គឺមិនត្រឹមត្រូវនោះទេ ដោយសារការស្នើសុំមានលក្ខខណ្ឌច្បាស់លាស់ ប្រសិនបើជាសមាគមត្រូវមានភ័ស្តុតាង ឯកសារផ្សេងៗ ឬមួយជាកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធផ្សេងៗ ជាពិសេសនោះត្រូវតែមានលិខិតបញ្ជាក់អំពីអាជ្ញាធរដែនដី» ។
លោក ហេង សុផាន់ណារិទ្ធ អំពាវនាវដល់សាធារណជន និងប្រជាពលរដ្ឋកុំជឿលើអ្វីដែលមិនពិតលឺតាមគេតៗគ្នា។ លោកក៏បានស្នើសុំដល់ប្រជាពលរដ្ឋ សូមពិនិត្យមើលលើលក្ខខណ្ឌឲ្យបានច្បាស់លាស់ និងយល់លម្អិតអំពីលក្ខន្តិកៈក្នុងការស្នើសុំដើម្បីទទួលបានបណ្ណមូលនិធិសមធម៌ដែលកំណត់ដោយនីតិវិធីត្រឹមត្រូវ។
អគ្គនាយករង ប.ស.ស គូសបញ្ជាក់ថា ប័ណ្ណសមធម៌សម្រាប់បេឡាជាតិសន្តិសុខសង្គមគឺមានតួនាទីមួយ គ្រាន់តែចេញប័ណ្ណសមធម៌ជូនដល់សមាជិកតែប៉ុណ្ណោះ ដោយឡែកសម្រាប់ការប្រើប្រាស់សេវាគឺ ពាក់ព័ន្ធនឹងក្រសួងសុខាភិបាល រីឯថវិកាគឺ រាជរដ្ឋាភិបាលជាអ្នកចេញជូន។
ពាក់ព័ន្ធនឹងការចុះបញ្ជីប.ស.សវិញ អ្នកនាំពាក្យក្រសួងការងារ គូសបញ្ជាក់បន្ថែមទៀតថា ដើម្បីចុះបញ្ជីសមាជិកក្នុង ប.ស.ស គឺត្រូវតែអនុវត្តតាមចំណុចមួយចំនួនរួមមាន ទី១៖ ចំពោះសមាគមត្រូវមានអាជ្ញាបណ្ណទទួលស្គាល់ពីក្រសួងមហាផ្ទៃ ទី២៖ អង្គការវិជ្ជាជីវៈ ត្រូវមានអាជ្ញាប័ណ្ណចុះបញ្ជីជាមួយអង្គការវិជ្ជាជីវៈ ដែលចេញដោយក្រសួងការងារ ទី៣៖ ចំពោះ កម្មករនិយោជិកក្រៅប្រព័ន្ធដែលជាសមាជិក សមាគមដែលជាអង្គការវិជ្ជាជីវៈ ត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លិខិតបញ្ជាក់មុខរបរ និងទីលំនៅពិតប្រាកដដែលចេញដោយអាជ្ញាធរ រាជធានីខេត្តតាមនីតិវិធី។ នេះបើតាមការលើកឡើងរបស់ លោក ហេង សុផាន់ណារិទ្ធ។
លោកបន្តថា និយោជក ឬម្ចាស់សហគ្រាសវិទ្យាស្ថាន ក្នុងវិស័យសេវាកម្សាន្ត វិស័យទេសចរណ៍ ក៏ដូចជាសេដ្ឋកិច្ចក្រៅប្រព័ន្ធត្រូវរៀបចំបញ្ជីឈ្មោះ បុគ្គលដែលបម្រើការងារក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធត្រូវបញ្ជូនឯកសារមកសាលារាជធានីគ្រប់ខេត្តក្រុង ដើម្បីឲ្យផ្ទៀងផ្ទាត់ពីភាពត្រឹមត្រូវ និងស្នើមកធ្វើប័ណ្ណសមាជិកនៅបេឡាជាតិសន្តិសុខសង្គម៕