(បន្ទាយមានជ័យ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ បានបញ្ជូនជនសង្ស័យចំនួន៣នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីលួចម៉ូតូ និងប្រើប្រាស់គ្រឿងញៀន។
គួរឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ឈៀ ឋាន អាយុ៤២ឆ្នាំ មុខរបររត់ម៉ូតូឌុប បច្ចុប្បន្នស្នាក់នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលា ម៉ោង ១១៖៣០នាទីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង សហការជាមួយកម្លាំងជំនាញ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់រួមមាន៖
*ទី១៖ ឈ្មោះ ម៉ៅ សារ៉ាត់ ភេទប្រុស អាយុ៤២ឆ្នាំ
*ទី២៖ ឈ្មោះ ទិត្យ ចាន់លី (ស្វិត) ភេទប្រុស អាយុ៣៦ឆ្នាំ
*ទី៣៖ ឈ្មោះ ឃួន ចិត្រា (បាក់) ភេទប្រុស អាយុ២៨ឆ្នាំ ពាក់ព័ន្ធករណីលួចម៉ូតូ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ការឃាត់ខ្លួននេះធ្វើឡើងនៅនៅចំណុចសួនតេជោឈ្នះឈ្នះ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ រួមទាំងចាប់យកវត្ថុតាងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២៣ គ្មានផ្លាកលេខ ចំនួន០១គ្រឿង (ប្រគល់ជូនម្ចាស់ដើមវិញហើយ)។
លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា កាលពីវេលាម៉ោង២៣ និង០០នាទី ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ ជនរងគ្រោះជួបគ្រោះថ្នាក់ចរាចរណ៍នៅក្រុងប៉ោយប៉ែត ហើយក្រុមជនសង្ស័យខាងលើបានឆ្លៀតឱកាសលួចយកម៉ូតូរបស់ជនរងគ្រោះ ហើយជិះគេចខ្លួនមកភូមិសាស្រ្តក្រុងសិរីសោភ័ណ។
ក្នុងនោះកម្លាំងជំនាញបានស្រាវជ្រាវរហូតឈានដល់កាឃាត់ខ្លួនជនសង្ស័យខាងលើ និងនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដេីម្បីសួនាំ និងចាត់ការតាមនីតិវិធី ព្រមទាំងបាបានធ្វើតេស្តទឹកនោមរកសារធាតុញៀនជាជាលទ្ធផលវិជ្ជមានទាំង០៣នាក់។
លោកវរសេនីយ៍ត្រី សុខ ឡេង បានបន្តថា ក្រោយឃាត់ខ្លួន និងសួរនាំរួចជនសង្ស័យបានឆ្លើយសារភាពថាពួកខ្លួនពិតជាប់ពាក់ព័ន្ធករណីលួចម៉ូតូ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្ដែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី៕